រដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះពិនិត្យនិងផ្សព្វផ្សាយវិធានបង្ការនៃការចម្លងវីរុសប្រភេទថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ


រដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះពិនិត្យ និងផ្សព្វផ្សាយវិធានបង្ការនៃការចម្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញមានអ្នកជំងឺជាជនជាតិម្នាក់នៅទីនោះមានផ្ទុកជំងឺដ៏កាចសាហាវនេះ។
ក្នុងដំណើរចុះពិនិត្យ និងផ្សព្វផ្សាយវិធានបង្ការ នាថ្ងៃទី២៨ ខែមករានេះ ឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដោយ

ទី១ ត្រូវជៀសវាងធ្វើដំណើរ ឬផ្អាក ប្រសិនមានអ្នកណាម្នាក់គ្រុនក្តៅ និងក្អក ។

២.ប្រសិនមានគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលជាបន្ទាន់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកដល់គ្រូពេទ្យ ។

៣.ជៀសវាងការប៉ះពាល់ជាមួយអ្នកដែលមានគ្រុនក្តៅ និងក្អក ។

៤.លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាកុល និងជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។

៥.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះអ្នក ដោយប្រើកន្សែងដៃ ឬក្រដាស រួចបោះ ចោលក្នុងធុងសំរាមភ្លាម និងលាងដៃរបស់អ្នក ។

៦.ប្រសិនអ្នកពាក់ម៉ាស់ ត្រូវប្រាកដថា ពាក់គ្របលើមាត់ និងច្រមុះ ប៉ុន្តែជៀសវាងការប៉ះម៉ាសផ្ទៃខាងក្រៅ នៅពេលកំពុងពាក់នឹងពេលដោះ។

៧.ត្រូវដោះចោលភ្លាមនូវម៉ាស់ដែលបានប្រើរួច និងលាងដៃអោយស្អាតបន្ទាប់ពីដោះម៉ាស់។

៨.បើសិនអ្នកចាប់ផ្ដើមឈឺ ពេលកំពុងធ្វើដំណើរត្រូវប្រាប់អ្នកបម្រើលើយន្តហោះ និងស្វែងរកការព្យាបាលឱ្យបានឆាប់និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរដល់ក្រុមគ្រូពេទ្យ ។

៩.បរិភោគតែអាហារណាដែលឆ្អិនល្អ ។

១០.មិនត្រូវខាកស្ដោះនៅទីសាធារណៈ ។

១១.ជៀសវាងការប៉ះពាល់ និងធ្វើដំណើរជាមួយសត្វដែលឈឺ ។

ឯកឧត្តម មានប្រសាសន៍ថា វិធានការទាំងនេះ ជួយឱ្យយើងចាកផុត ពីការឆ្លងវីរុស កូរ៉ូណា បានដោយជោគជ័យ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារទី២៨ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋ មន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទៅសួរសុខទុកអ្នកជំងឺជនជាតិចិន ដែលឆ្លងវីរុសកូរ៉ូណា នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕