លោកជំទាវ ខេង សំវ៉ាដា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកគោលនយោបាយ


លោកជំទាវ ខេង សំវ៉ាដា រដ្ឋមន្រ្តីស្តីទី ក្រសួងកិច្ចការនារី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Ana María Menéndez, អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកគោលនយោបាយ កាលពីថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០ ។
ក្នុងជំនួបនៃការសម្តែងការគួរសមនេះ លោកជំទាវរដ្ឋមន្រ្តីស្តីទី បានថ្លែងនូវអំណរគុណជូនដល់អង្គការសហប្រជាជាតិ ដែលតែងតែបានផ្តល់ការគាំទ្រដល់ក្រសួងកិច្ចការនារី ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ លើផ្នែកការកសាងសមត្ថភាព ការបញ្រ្ជាបយេនឌ័រក្នុងគោលនយោបាយ កម្មវិធីនានា ការពង្រឹងភាពអង់អាចដល់ស្រ្តី និងការការពារសិទ្ធិស្រ្តីជាដើម។
ស្របពេលជាមួយគ្នានេះដែរ លោកស្រី Ana María Menéndez បានលើកឡើងពីគោលជំហររបស់អង្គការសហប្រជាជាតិក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយក្រសួងកិច្ចការនារី ក្នុង តម្រូវការអាទិភាពថ្មីៗ និងដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសដូចមានកំណត់ក្នុងគោលដៅទី៥ ដែលធានាការសម្រេចបានសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី នៅគ្រប់វិស័យ និងកម្រិត ។