រដ្ឋបាលខេត្តកំពង់ធំរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៦និងលើកទិសដៅការងារសម្រាប់អនុវត្តន៍ឆ្នាំ២០១៧


ខេត្តកំពង់ធំ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧–នៅសាលប្រជុំសាលាខេត្តកំពង់ធំ ថ្ងៃ ទី២៤ មករា
ឆ្នាំ ២០១៧ មានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងទិសដៅការងាររបស់រដ្ឋបាល ខេត្តកំពង់ធំក្រោមអធិបតីភាពឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និង
ឯកឧត្ដមឈុន ឈន់ ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ។

អង្គសន្និបាតបានរៀបចំធ្វើឡើង រយៈពេលពីរថ្ងៃគឺថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០១៧ ក្នុងគោលបំណង ឆ្លុះបញ្ចាំងនូវសមិទ្ធផលសម្រេច បានឆ្នាំ២០១៦ បញ្ហាប្រឈមនិងពិភាក្សារកដំណោះស្រាយ ជាគន្លឹះដើម្បីលើកទិសដៅសម្រាប់អនុវត្តន៍បន្ត។

ឯកឧត្តម ឈុន ឈន់ បានបញ្ជាក់ថា ឆ្នាំ២០១៦គឺជាឆ្នាំទី៣នៃកម្មវិធីនយោបាយ អាណត្តិទី៥យុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣និងកំណែទម្រង់ស៊ីជម្រៅរបស់រាជ រដ្ឋាភិបាលត្រូវបានអនុវត្តន៍យ៉ាងសកម្ម និងម៉ឺងម៉ាត់ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហា សេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរក្សា បាននូវសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ ធ្នាប់សង្គម ពង្រឹងនិតិរដ្ឋអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គោរពសិទ្ធមនុស្ស និង សេចក្ដីថ្លៃថ្នូរដោយឈរលើមូលដ្ឋានបង្រួបបង្រួមផ្សះផ្សាឯកភាពជាតិ ធ្វើការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនជាបន្តបន្ទាប់៕