ផ្លូវជាតិលេខ៥៨ ប្រវែង១៧៤គ.ម ពីខេត្តបន្ទាយមានជ័យ ដល់ឧត្តរមានជ័យនឹងសម្ពោធប្រើប្រាស់ជាផ្លូវការ នាថ្ងៃ២៦ កុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៥៨ ដែលត្រូវបានសាងសង់ចប់សព្វគ្រប់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេក ទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃអាទិត្យនេះ។

ផ្លូវនេះមានប្រវែងសរុបចំនួន១៧៤,១៦០គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រ ក្នុង នោះផ្លូវមេប្រវែង១៦៥,១៨៦ គីឡូម៉ែត្រ និងផ្លូវខ្នែងប្រវែង៨,៩៨០គីឡូម៉ែត្រ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១២២លាន ដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) គិតចាប់ពីផ្លូវជាតិ លេខ៥ ត្រង់គ.ម ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ ត្រង់គ.ម ១០១+៥០០ (ផ្លុង) ខេត្តឧត្តរមានជ័យ ។

គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ និងត្រូវបានបញ្ចប់ការងារសាងសង់ជាស្ថាពរ១០០%នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។

កំណាត់ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅ តំបន់ភាគពាយ័ព្យប្រទេស ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត ជាពិសេសកំណាត់ផ្លូវ នេះអាចសម្រួលដល់ការតភ្ជាប់ជាមួយព្រះរាជាណាចក្រថៃ ក្នុងការពង្រីកសក្ដានុពលសេដ្ឋកិច្ចពាណិជ្ជ កម្មថែមទៀតរបស់ប្រទេសជាតិ៕