ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់ការចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការងារកូដិចនៅកម្ពុជា ដើម្បីពង្រឹងស្តង់ដារគុណភាព និងសុវត្ថិភាពម្ហូបអាហារ


(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុន បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី “ការលើកកម្ពស់ការចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការងារកូដិចនៅកម្ពុជា” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងសម្របសម្រួលការត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល និងសេវាកម្ម និងគណៈកម្មាធិការកូដិចជាតិ និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធពីវិស័យសាធារណៈ និងឯកជន ដែលទាក់ទងនឹងវិស័យកសិកម្ម បរិស្ថាន ពាណិជ្ជកម្ម និងឧស្សាហកម្ម សរុប ៤០នាក់។

នៅក្នុងឱកាសបើកសិក្ខាសាលា កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា សិក្ខាសាលាថ្នាក់ជាតិនេះ នឹងបង្កើនសមត្ថភាពយល់ដឹងដល់មន្ត្រី ស្ថាប័នពាក់ព័ន្ធ ឱ្យបានស៊ីជម្រៅ ពីដំណើរការប្រព្រឹត្តទៅនៃកិច្ចការកូដិចជាតិ ដើម្បីជំរុញការចូលរួមរបស់កម្ពុជា ឱ្យបានសកម្ម និងមានប្រសិទ្ធភាព នៅក្នុងដំណើរការរៀបចំអភិវឌ្ឍន៍ស្តង់ដារគុណភាព និងសុវត្ថិភាពម្ហូបអាហារ។ តម្លៃស្នូលនៃកូដិច គឺការបង្កើតស្តង់ដារលើមូលដ្ឋានវិទ្យាសាស្រ្ត និងសមស្រប តាមគោលបំណងប្រើប្រាស់ ដោយឈរលើទស្សនៈ ប្រកបដោយបរិយាប័ន្ន កិច្ចសហការ ការឯកភាព និងតម្លាភាព។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគោលដៅយុទ្ធសាស្រ្ត បង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច លើកកម្ពស់ឧត្តមភាព និងជំរុញនវានុវត្តន៍ ដែលក្នុងនោះ ការបន្តជំរុញ ការរៀបចំស្តង់ដារទំនិញ សេវា និងការគ្រប់គ្រងការលើកកម្ពស់គុណភាព គឺជាគោលនយោបាយ អាទិភាព។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍បន្តថា កម្ពុជាបានចូលរួមកម្មវិធីកូដិចជាតិយ៉ាងសកម្ម តាមរយៈការបង្កើតឱ្យមានចំណុចទំនាក់ទំនងកូដិចជាតិ (National Codex Contact Point) ដើម្បីផ្សារភ្ជាប់ក្នុងការធ្វើទំនាក់ទំនងជាមួយលេខាធិការដ្ឋានកូដិច ដើម្បីទទួល និងចែកចាយរាល់ព័ត៌មាន ឬឯកសារកូដិចដល់ស្ថាប័ន និងភាគីពាក់ព័ន្ធរបស់កម្ពុជា ក៏ដូចជាការបញ្ជូនប្រតិភូកម្ពុជា ទៅចូលរួមពិភាក្សាក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួន របស់គណៈកម្មាធិការកូដិច។ ទោះជាយ៉ាងនេះក៏ដោយ ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចការកូដិចនៅមានកម្រិត ទាំងនៅក្នុង ក្របខ័ណ្ឌកូដិចជាតិ ទាំងនៅក្នុងក្របខ័ណ្ឌកូដិចអន្តរជាតិ ដែលចំបាច់ត្រូវតែពង្រឹង ដើម្បីធានាបាននូវការយល់ដឹង និងការចូលរួមប្រកបដោយប្រសិទ្ធភាព ទាំងការគ្រប់គ្រង និងទាំងការងារបច្ចេកទេសវិទ្យាសាស្រ្ត។ ការផ្សារភ្ជាប់គ្នារវាងពាណិជ្ជកម្ម និងសុវត្ថិភាពម្ហូបអាហារ អាចត្រូវបានបង្ហាញច្បាស់ណាស់ នៅក្នុងកិច្ចព្រមព្រៀងស្ដីពីវិធានការអនាម័យ និងភូតគាមអនាម័យ (SPS) របស់អង្គការពាណិជ្ជកម្មពិភពលោក។ កិច្ចព្រមព្រៀងនេះធានាថា លក្ខខណ្ឌតម្រូវនៃសុវត្ថិភាពម្ហូបអាហារ គឺផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ និងសមស្របទៅតាមគោលបំណងប្រើប្រាស់។ តាមរយៈនេះ ស្តង់ដារកូដិច ត្រូវបានទទួលស្គាល់ដោយកិច្ចព្រមព្រៀង SPS យ៉ាងច្បាស់ ហើយវាក៏ពាក់ព័ន្ធសម្រាប់វិធានការទាក់ទងនឹងម្ហូបអាហារ ក្រោមកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក ស្តីពីរបាំងបច្ចេកទេសពាណិជ្ជកម្ម។ ដូច្នេះ ការរៀបចំអភិវឌ្ឍន៍ស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ ឬស្តង់ដារកូដិច ក៏ដូចជាស្តង់ដារសុខភាពរុក្ខជាតិ និងសុខភាពសត្វ ដោយផ្អែកលើកិច្ចព្រមព្រៀងអនាម័យ និងភូតគាមអនាម័យ (SPS) គឺជាការចាំបាច់សម្រាប់ការទទួលបានអត្ថប្រយោជន៍នៃពាណិជ្ជកម្មម្ហូបអាហារ និងដើម្បីជៀសវាងហានិភ័យដែលអាចកើតមានដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ។

ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា សិក្ខាសាលាដែលមានរយៈពេលបីថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងផ្ដល់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើនពីវាគ្មិន និងបានពិភាក្សាគ្នា ដើម្បីស្វែងយល់ពីបញ្ហា និងយន្តការដោះស្រាយលើបញ្ហាប្រឈមនានា នៅក្នុងកូដិចជាតិ ក្នុងគោលបំណងជំរុញការចូលរួមរបស់កម្ពុជា ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ នៅក្នុងវិស័យអភិវឌ្ឍន៍ស្តង់ដារម្ហូបអាហារអន្តរជាតិ។