សម្តេច ហេង សំរិន៖ សន្តិភាព និងការអភិវឌ្ឍ ដែលមានបច្ចុប្បន្ននេះ ត្រូវបានចូលរួមចំណែកយ៉ាងសកម្មពីស្រ្តីគ្រប់ស្រទាប់វណ្ណៈ


សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បានទទួលជួបគណៈប្រតិភូស្រ្តី មកពីស្ថាប័នសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល ដឹកនាំដោយ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីអបអរសាទរខួបទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ខាងមុខនេះ។

ក្នុងមតិស្វាគមន៍ដល់អង្គពិធីនៅវិមានរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានឲ្យដឹងថា សម្តេចប្រធានរដ្ឋសភា តែងតែចំណាយពេលវេលារៀងរាល់ឆ្នាំ ដើម្បីទទួលជួបប្រតិភូស្រ្តីមកពីគ្រប់វិស័យបែបនេះ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី និងការចូលរួមរបស់សម្តេចក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។

លោកជំទាវ អ៊ឹង កន្ថាផាវី បានធ្វើរបាយការណ៍ជូនអង្គពិធីពីលទ្ធផលការងាររបស់ក្រសួងកិច្ចការនារី។ លោកជំទាវបានបញ្ជាក់ថា ភាពរីកចម្រើនទាក់ទងទៅនឹងសមភាពយេនឌ័រ ទទួលបានលទ្ធផលជាវិជ្ជមានច្រើនវិស័យ ធ្វើឲ្យមានការផ្លាស់ប្តូរជាបណ្តើរៗនូវផ្នត់គំនិត និងទស្សនៈរបស់សង្គម។ រាជរដ្ឋាភិបាលបានបង្កកាលានុវត្តភាពដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្រ្តី និងក្មេងឲ្យទទួលបានឱកាស និងអត្ថប្រយោជន៍ស្មើគ្នា ដូចបុរស និងក្មេងប្រុស ជំរុញសង្គមគ្រួសារឲ្យផ្តល់ការវិនិយោគដោយស្មើភាពលើកការអប់រំ ឲ្យកូនប្រុស កូនស្រី រៀនសូត្របានកម្រិតខ្ពស់ មានជំនាញបច្ចេកទេស និងមុខរបរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារខ្លួនក៏ដូចជាទទួលបាននូវភាពរីកចម្រើនផ្នែកសុខភាព។

លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិសមភាពយេនឌ័រនៅកម្ពុជាមានការរីកចម្រើននៅគ្រប់វិស័យ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ វិស័យសាធារណៈ និងនយោបាយ ចំនួនស្រ្តីក្នុងតួនាទីធ្វើការសម្រេចចិត្តមានការកើនឡើងជាបន្តបន្ទាប់ ទំាងបរិមាណនិងគុណភាព នៅតាមមុខតំណែង និងឋានន្តរស័ក្តិ ពីមួយអាណត្តិទៅមួយអាណត្តិ។

បើតាមរដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅក្នុងមុខងារសាធារណៈចំនួនស្រ្តីមានការកើនឡើងពី៣២% នៅឆ្នាំ២០០៧ ដល់៤១% នៅឆ្នាំ២០១៩។ ចំនួនស្រ្តីដែលមានមុខតំណែងចាប់ពីថ្នាក់ការិយាល័យតាមក្រុង ស្រុក ខណ្ឌ រហូតអគ្គនាយក និងថ្នាក់ស្មើមានចំនួន ២៥% ស្រ្តីជាអភិបាលខេត្តមានចំនួន១ ស្រ្តីជាអភិបាលរងខេត្ត រងរាជធានី មានចំនួន២៦រូប ស្រ្តីជាអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួន៦រូប ស្រ្តីជាអភិបាលរងក្រុង ស្រុក ខណ្ឌ មានចំនួន១៩៤រូប។ នៅក្នុងឆ្នាំ២០១៩ មន្រ្តីការទូតជាស្រ្តីទៅបំពេញការងារ ជាឯកអគ្គរាជទូតមានចំនួន៤រូប និងស្រ្តីជាទីប្រឹក្សា លេខាធិការ និងគណនេយ្យករអមស្ថានទូត និងស្ថានកុងស៊ុលប្រចំាប្រទេស មានចំនួន៥៥រូប។

លោកជំទាវបានលើកឡើងថា ចំពោះវិស័យសេដ្ឋកិច្ចវិញ របាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០ បានបង្ហាញថា កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី២៥ ក្នុងឆ្នាំ២០២០ បើធៀបទៅនឹងចំណាត់ថ្នាក់ទី៤៥ ក្នុងឆ្នាំ២០១៨ ក្នុងចំណោមប្រទេសចំនួន១៥៣ ដែលនេះបានបង្ហាញថា ការចូលរួមរបស់ស្រ្តីក្នុងវិស័យសេដ្ឋកិច្ចគឺសកម្ម។ អត្រាស្រ្តីចូលរួមក្នុងកម្លំាងពលកម្មកម្រិតខ្ពស់មានដល់៧៩% នៅក្នុងឆ្នាំ២០១៧។ សហគ្រិនភាពស្រ្តី មានការកើនឡើងហើយ៦៥% នៃសហគ្រាសខ្នាតតូច និងមធ្យម ដែលបានចុះបញ្ជី គឺមានស្រ្តីជាអ្នកគ្រប់គ្រងឬម្ចាស់សហគ្រាស។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអសាទរចំពោះការប្រារព្ធទិវាអន្តរជាតិនៅឆ្នាំនេះ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយែនឌ័រ»។ សម្តេចបានគូសបញ្ជាក់ថា ប្រធានបទនេះ ពិតជាមានសារៈសំខាន់និងសមស្របបំផុត ដែលបញ្ជាក់ពីគុណតម្លៃរបស់ស្រ្តីកម្ពុជា ដែលបានរួមចំណែកលះបង់ កម្លាំងកាយចិត្ត ដើម្បីសន្តិភាព និងការអភិវឌ្ឍសង្គម។ សម្តេចបានកោតសរសើរចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងកិច្ចការនារី បានជំរុញនិងលើកកម្ពស់សមត្ថភាពស្រ្តី ចូលរួមក្នុងការងារសង្គម នយោបាយ សេដ្ឋកិច្ច កាន់តែច្រើនឡើង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា សន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ គឺមានការចូលរួមចំណែកយ៉ាងសកម្មពីស្រ្តីគ្រប់ ស្រទាប់វណ្ណៈ។ សម្តេចបានមានប្រសាសន៍បន្តថា សុខសន្តិភាព ស្ថិរភាពនយោបាយ ជាកត្តាសំខាន់ចាំបាច់ ក្នុងការជំរុញលើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងគ្រប់ទីកន្លែង។ សន្តិភាពបានផ្តល់ឱកាសល្អឱ្យបុរស ស្ត្រី កូនប្រុស ស្រី រស់នៅជួបជុំក្រុមគ្រួសារ បានសិក្សារៀនសូត្រខ្ពង់ខ្ពស់ មានចំណេះដឹង ជំនាញបច្ចេកទេស និងមុខរបរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារខ្លួន រួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង និងប្រជាជនរស់នៅប្រកបដោយវិបុលភាព និងសុខុដុមរមនា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ថា រដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិ និងជាដៃគូ ដ៏សំខាន់របស់ស្ថាប័ននីតិប្រតិបត្ដិ បានយកចិត្ដទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដូចជា ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ផ្តល់សច្ចាប័នលើអនុសញ្ញា កតិកាសញ្ញា និងពិធីសារអន្តរជាតិពាក់ព័ន្ធ ដែលជាលិខិតបទដ្ឋានគតិយុត្ត សម្រាប់ជាមធ្យោបាយឆ្ពោះទៅរកសមភាពយេនឌ័រ និងកិច្ចការពារសិទិ្ធ ក៏ដូចជាផលប្រយោជន៍របស់ស្រ្តីឱ្យមានប្រសិទ្ធភាពបំផុត។

ដើម្បីជំរុញប្រសិទ្ធភាពក្នុងការលើកកម្ពស់វិសមភាពយេនឌ័រនៅកម្ពុជាឲ្យកាន់រីកចម្រើនថែមទៀត សម្តេចប្រធានរដ្ឋសភាបានផ្តល់អនុសាសន៍ មួយចំនួនដល់ស្ថាប័នពាក់ព័ន្ធពិចារណាដើម្បីយកទៅអនុវត្តជាក់ស្តែង ដោយក្នុងនោះ សម្តេចជំរុញឲ្យបន្តយកចិត្តទុកដាក់បញ្រ្ជាបសមភាពយេនឌ័រ នៅក្នុងក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគត្តិយុត្ត លិខិតតូបករណ៍អន្តរជាតិ និងសេចក្តីសម្រេចនានា។

សម្តេចបានលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ អន្តរជាតិទាំងអស់ បន្តចូលរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិ ឋានៈ តួនាទី សុខុមាលភាពរបស់ស្ត្រីនិងក្មេងស្រី និងការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សា ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ បន្តពង្រឹងសមត្ថភាពនៅគ្រប់តំបន់ ពិសេសតំបន់ដាច់ស្រយាល តាមរយៈការពង្រីកផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេកទេសជំនាញខ្លីៗ ក្នុងគោលដៅធានានូវកំណើនជីវភាពរស់នៅ ការប្រកបមុខរបបចិញ្ចឹមជីវិតប្រចាំថ្ងៃ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សម្តេចបានស្នើឲ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពស្រ្តី និងក្មេងស្រីសម្រាប់បន្តវេន្ត ដោយយកចិត្តទុកដាក់ក្នុងការអប់រំក្មេងស្រីតាំងពីមតេយ្យសិក្សា ការលើកទឹកចិត្តក្មេងស្រីកុំឱ្យលះបង់ការសិក្សានៅគ្រប់កម្រិត និងការទប់ស្កាត់មិនឱ្យមានអំពើហឹង្សា ការរើសអើង ព្រមទាំងពង្រីកសេវាគាំទ្រដល់ក្មេងស្រីនៅក្នុងសាលា និងឲ្យមានការអនុវត្តឱ្យសកម្មផុលផុស នៃយុទ្ធនាការដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើចោរកម្ម ឃាតកម្ម ការប្លន់ប្រដាប់ឤវុធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងកុមារ៕