ឯកឧត្តម ចាន់ សុីណាត បានអញ្ជើញដឹកនាំក្រុមការងារពីបណ្តាអង្គភាពនានារបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះទៅធ្វើការពិនិត្យលទ្ធផលការងារក្នុងជំហានទី១


នៅថ្ងៃពុធ ១០រោច ដល់ថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ចាន់ សុីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងសាច់ប្រាក់ពលកម្មសម្រាប់ធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ បានអញ្ជើញដឹកនាំក្រុមការងារក្រសួង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន និង អនុប្រធានការិយាល័យ ជាច្រើនរូប ពីបណ្តាអង្គភាពនានារបស់ក្រសួង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះទៅធ្វើការពិនិត្យលទ្ធផលការងារក្នុងជំហានទី១ នៃគម្រោង ការកសាងប្រព័ន្ធប្រឡាយជើងក្អែប ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ និងចុះធ្វើការពិនិត្យបណ្តាសំណើថ្មីៗ របស់ខេត្ត្តលើការកសាងសាងសង់ប្រព័ន្ធប្រឡាយជើងក្អែបក្នុងគម្រោងជំហានទី២ ថ្មី ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២។

ការចុះពិនិត្យនេះក្នុងបំណងធ្វើការបូកសរុបលទ្ធផលការងារក្នុងជំហានទី១នៃគម្រោងខាងលើគោរពជូន ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីឯកឧត្តមរដ្ឋមន្រ្តីធ្វើការសម្រេចដាក់ចេញនូវយុទ្ធសាស្រ្តអនុវត្តគម្រោងមួយនេះឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរឡើង។

សូមបញ្ជាក់ជូនថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំធ្វើការកសាងគម្រោងសាច់ប្រាក់ពលកម្មសម្រាប់ធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ ក្នុងជំហានទី២ ពីឆ្នាំ ២០២០ ដល់ឆ្នាំ២០២២ ដោយរួមមានដូចតទៅ ៖

១- ធ្វើការសាងសង់ប្រព័ន្ធប្រឡាយជើងក្អែប ក្នុងប្រវែង ២០០០គម
២- ធ្វើការខ្ចប់ទឹកទុក និងអភិរក្សបឹងបួរធម្មជាតិចំនួន ២០០កន្លែង
៣- ធ្វើការផ្លាស់ប្តូរពីស្ថានីយបូមទឹកចាស់ៗ ដែលដើរដោយប្រេង Diesel DO ទៅជាប្រើថាមពលអគី្គសនី ដើម្បីធ្វើការបូមទឹកជំនួសវិញហើយដែលមានតម្លៃថោកជាង។ ស្ថានីយអគ្គីសនីទាំងអស់មានចំនួនជាច្រើនកន្លែង
៤- ធ្វើការបំពាក់សំណង់សិល្បៈការធំតូចឲ្យបណ្តាលអនុគម្រោងនីមួយៗ នៃប្រព័ន្ធប្រឡាយជើងក្អែបខាងលើមានចំនួន ១១០០សំណង់
៥- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF បានធ្វើការឯកភាពលើសំណើរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការពង្រីកការអនុវត្តគម្រោងខាងលើពីខេត្តគោលដៅចាស់ចំនួន១២ ទៅកាន់ខេត្តចំនួន០៦ ថ្មីបន្ថែម ទៀតគឺ ៖ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ ដូចនេះ គម្រោងខាងលើនឹងធ្វើការអនុវត្តក្នុងខេត្តគោលដៅ ចំនួន ១៨ខេត្ត ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ហើយ ក្រសួងធនធានទឹក និងឧតុនិយម នឹងដឹកនាំធ្វើការអនុវត្ត និងប្រតិបត្តិការលើអនុគម្រោងប្រព័ន្ធប្រឡាយជើងក្អែបចំនួន ៣៥៥២កន្លែង។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះធ្វើការពិនិត្យប្រព័ន្ធប្រឡាយជើងក្អែបចំនួន០៥អនុគម្រោង នៅក្នុងប្រព័ន្ធធារាសាស្រ្តរោងគោ ស្រុកសំរោងទង ប្រព័ន្ធធារាសាស្រ្តចាន់ថ្នាល ក្នុងស្រុកឧត្តុង្គ ធ្វើការពិនិត្យទីតាំងតម្លើងស្ថានីយបូមទឹកដើរដោយកម្លាំងអគ្គិសនីនៅក្នុងឃុំរលួស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ឯកឧត្តម ចាន់ សុីណាត បានអញ្ជើញចុះធ្វើការពិនិត្យប្រព័ន្ធប្រឡាយជើងក្អែបចំនួន ០៥អនុគម្រោង ដែលបានសាងសង់រួចក្នុងជំហានទី១ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ការដាក់ផែនការយុទ្ធសាស្រ្តក្នុងការខ្ចប់ទឹកទុកក្នុងបឹងបួររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី នៅក្នុងតំបន់ប្រព័ន្ធប្រឡាយលេខ ៩០ និងប្រព័ន្ធប្រឡាយលេខ ៩៨ ក្នុងស្រុកទ្រាំង ខេត្តតាកែវ។ សូមជម្រាបជូនថាមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ មានផែនការធ្វើការពង្រីក ការងារសាងសង់ប្រព័ន្ធប្រឡាយជើងក្អែបចំនួនដល់ទៅ ២០អនុគម្រោង ធ្វើការជួសជុលស្ថាបនាឡើងវិញលើបឹងបួរធម្មជាតិចំនួន ០១កន្លែង ដើម្បីខ្ចប់ទឹកទុក និងធ្វើការគ្រប់គ្រងថែទាំលើស្ថានីយបូមទឹក ០១កន្លែង ដើរដោយថាមពលអគ្គិសនី នៅក្នុងតំបន់ប្រព័ន្ធប្រឡាយលេខ៩០ និងនៅក្នុងតំបន់ប្រព័ន្ធប្រឡាយលេខ៩៨ ៕