អាជ្ញាធរខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលីសាងសង់ច្រាំងទន្លេ ប្រវែង ១៨៥ម ក្នុងក្រុងកំពង់ចាម បន្ទាប់ពីការរងបាក់ស្រុតដោយសារទឹកជំនន់ នាពេលកន្លងទៅ


(កំពង់ចាម)៖ ដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវច្រាំងទន្លេ ដែលទទួលរងការបាក់ស្រុត នារដូវទឹកជំនន់កន្លងទៅ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត រួមដំណើរជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការក្រោមវាទ ប្រារព្ធពិធីក្រុងពាលី ដើម្បី សាងសង់ច្រាំងទន្លេប្រវែង ១៨៥ម៉ែត្រ ស្ថិតនៅចំណុចសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

​លោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា គម្រោងសាងសង់ច្រាំងទន្លេនេះ ប្រវែងសរុប ១៨៥ម៉ែត្រ និងប្រើប្រាស់ថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម អនុវត្តដោយកងវិស្វកម្មសម្ដេចតេជោ សៀមរាប ។

លោកបញ្ជាក់ដែរថា គម្រោងនេះ ត្រូវអនុវត្តជាជំហានៗ ដោយតភ្ជាប់ ចាប់ពីចំណុចគម្រោងចាស់ មកផ្នែកខាងជើង ។ ជាក់ស្ដែង ពេលនេះ គឺជាការចាប់ផ្ដើមសាងសង់ នូវជំហានទី ១ ដែលមានប្រវែង ៤៣ម៉ែត្រ ជាមុនសិន ដោយគ្រោងក្នុងផែនការ ឲ្យរួចរាល់មុនពេលទឹកជំនន់ ឈានចូលមកដល់ ។

គួរកត់សម្គាល់ថា រដូវទឹកជំនន់ឆ្នាំ២០១៩ បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងខេត្តកំពង់ចាម រងផលប៉ះពាល់យ៉ាងច្រើនផងដែរ ។ ក្រៅពីនោះ ទឹកជំនន់បានធ្វើឲ្យបាក់ស្រុតច្រាំង និងប៉ះពាល់ដល់លំនៅដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋយើង អស់ជាច្រើនខ្នង ផងដែរ ។ ដោយឡែក នៅចំណុចខាងមុខសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ទឹកបានគម្រាមកំហែងបាក់ស្រុតច្រាំង ហើយឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ក៏បានស្នើសុំជួយអន្តរាគមន៍ ពីក្រសួងធនធានទឹក និងឧតុនិយម ដើម្បី ធ្វើការជួសជុលកែលម្អឡើងវិញផងដែរ ។

ទន្ទឹមនឹងនោះដែរ ក្រសួងធនធានទឹក ក៏បានជួយអន្តរាគមន៍បន្ទាន់ ដើម្បី ការពារកុំឲ្យមានការរអិលបាក់ស្រុតច្រាំងជាបន្តទៀត នៅចំណុចខាងក្រោយ សាលាសង្កាត់កំពង់ចាម ដោយរៀបចំនូវបាវ Geotextile bag (ជីអូ ទិច ថាយ បេក) នៅជើងក្រោមច្រាំង ផងដែរ ។ ដោយឡែក ក្រោមការយកចិត្តទុកដាក់ របស់ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម ក្នុងការពិនិត្យស្ថានភាពជាក់ស្ដែង ជាពិសេស ការបាក់ស្រុតនេះ វាអាចធ្វើឲ្យប៉ះពាល់ ទៅដល់ហេដ្ឋារចនាសម្ព័ន្ធ ដែលនៅក្បែរ ទើបសម្រេចចិត្តធ្វើការកែលម្អច្រាំងខូចនេះ សាជាថ្មីឡើងវិញឲ្យកាន់តែស្អាត និងរឹងមាំជាងមុន ដើម្បី ទុកជាប្រយោជន៍សាធារណៈ សម្រាប់ប្រជាពលរដ្ឋទូទៅ ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានណែនាំដល់ក្រុមហ៊ុនទទួលការគម្រោង យកចិត្តទុកដាក់ខ្ពស់ លើកិច្ចការរបស់ខ្លួន ពីព្រោះថា គម្រោងនេះ ត្រូវចំណាយថវិការដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ដូច្នេះ ក្រុមហ៊ុនត្រូវយកគុណភាព ជាចម្បង ទើបគម្រោងនេះ អាចប្រើប្រាស់យូរអង្វែង តទៅថ្ងៃអនាគត ៕