រដ្ឋបាលខេត្តកំពង់ចាម ទទួលអំណោយសប្បុរជនពីក្រុមហ៊ុន ខាងស៊ាងលីនូវ ធុងសម្រាប់ បាញ់ថ្នាំសម្លាប់មេរោគ (កូវិដ-19) ចំនួន៣០ គ្រឿង


(កំពង់ចាម)៖ នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅបានទទួលអំណោយសប្បុរសធម៌ ពីក្រុមហ៊ុន ខាង ស៊ាងលី ដែលបានផ្តល់ម៉ាស៊ីនសម្រាប់បាញ់ថ្នាំសម្លាប់ មេរោគ កូវីត-19 ចំនួន ៣០គ្រឿង ។

មានប្រសាសន៍ នៅក្នុងពិធីប្រគល់ទទួលម៉ាស៊ីនសម្រាប់បាញ់ថ្នាំសម្លាប់ មេរោគ កូវីត-19 នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ ខេត្តកំពង់ចាម សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនខាងស៊ាងលី ដែលបានជួយឧបត្ថម្ភសម្ភារៈ ធុងបាញ់ថ្នាំ សំលាប់មេរោគ ដ៏មានសារៈសំខាន់នេះ សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់របស់អាជ្ញាធរខេត្ត ក្នុងយុទ្ធនាការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវិដ-19 ដ៏កាចសាហាវនេះ។

ឯកឧត្តមអភិបាលខេត្ត បន្តទៀតថា បច្ចុប្បន្ននេះយើងពិតជាមានតម្រូវការ សម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះយ៉ាងខ្លាំង ហើយអំណោយនេះពិតជាសមស្របទៅតាមកាលៈទេសៈសម្រាប់ធ្វើយុទ្ធនាការទប់ស្កាត់ឱ្យទាន់ពេលវេលា ។

ឯកឧត្តម ក៏បានប្រគល់ធុងបាញ់ថ្នាំខាងលើ បន្តចែកជូន ដល់កងកម្លាំងទាំង៣ រដ្ឋបាលខេត្តចំនួន២ មន្ទីរពេទ្យបង្អែកទូទាំងក្រុង ស្រុក និងសល់មួយចំនួន ទៀតយកប្រគល់ជូនសុខាភិបាលខេត្ត សម្រាប់ចាត់ចែងប្រើប្រាស់អោយត្រូវគោលដៅផងដែរ។
បន្ទាប់ពីចែកម៉ាស៊ីនសម្រាប់បាញ់សម្លាប់មេរោគ កូវីដ-19 រួចមក ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចុះពិនិត្យមើលទីតាំង សាលាគរុកោសល្យភូមិភាគកំពង់ចាម សម្រាប់ត្រៀមជាលក្ខណៈដាក់អ្នកជំងឺកូវីត-19 ក្នុងករណីប្រសិនបើមាន។

សូមគូសបញ្ជាក់ផងដែរថា សម្រាប់ទីតាំងព្យាបាលអ្នកជម្ងឺ កូវីដ១៩ ចំនួន៣កន្លែង ក្នុងក្រុងកំពង់ចាម និងនៅតាមវិទ្យាលយ័នានា នៃក្រុង-ស្រុកទាំង១០ ដើម្បីទុកដោះស្រាយការស្នាក់នៅ និងព្យាបាលជំងឺកូវិដ១៩នេះ ក្នុងនោះរួមមាន ៖

១-អគារមន្ទីរពេទ្យខេត្ត ចំនួន ២អគារ មាន១៤បន្ទប់ ស្មើចំនួន ៦២គ្រែ បច្ចុប្បន្ន មានអ្នកជម្ងឺចំនួន ០៨នាក់ កំពុងសម្រាកព្យាបាល។

ទី២-សណ្ឋាគារមេគង្គ មានចំនួន ៧១បន្ទប់ ស្មើចំនួន ១៤២គ្រែ ។

៣-សាលាគរុកោសល្យភូមិភាគ មានអគារអន្តេវេសិកដ្ឋាន ចំនួន ១អគារ មានចំនួន ៤០បន្ទប់ ស្មើចំនួន ១២០គ្រែ ដែលបច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំបំពាក់សម្ភារៈ បន្ទប់ទឹក ប្រព័ន្ធអគ្គីសនី ទឹកស្អាត និងគ្រែអ្នកជម្ងឺ និងអគាររៀន ចំនួន២អគារ ស្មើចំនួន៥៤បន្ទប់ ស្មើចំនួន៤៣២គ្រែ ក្រុមការងារនឹងរៀបចំសម្អាត និងបំពាក់សម្ភារៈបន្ថែម នៅពេលបញ្ចប់ការងារ រៀបចំអន្តេវេសិកដ្ឋានរួចរាល់ ។

សរុបទីតាំងដែលបានត្រៀមថ្មី និងអគារដែលបានដាក់អ្នកជម្ងឺកូវីដ ១៩ សម្រាកព្យាបាហើយនោះ មានចំនួន ០៣កន្លែង ស្មើនឹង ០៥អគារ និងមានបន្ទប់ចំនួន ១៧៩បន្ទប់ ស្មើចំនួន៧៥៦គ្រែ ដោយមិនបានរាប់បញ្ចូលទីតាំងវិទ្យលយ័នានាតាមបណ្តាស្រុក ក្នុងខេត្តទាំងមូលផងទេ៕