ប្រជាពលករដែលចំណាកស្រុកមកពីប្រទេសថៃ និងប្រទេសផ្សេងចំនួនជិត ៥.០០០នាក់ នៅខេត្តកំពង់ធំមិនមានអ្នកផ្ទុកជំងឺកូវីដ១៩ទេ


(កំពង់ធំ) ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំបានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កត្រួតពិនិត្យសុខភាព ដល់ប្រជាពលករមកពីប្រទេសថៃនិងប្រទេសផ្សេងៗដែលខេត្តបានរៀបចំនៅសាលាបឋមសិក្សាអនុវត្តហ៊ុន សែនអាចារ្យលាក់ និងវិទ្យាល័យកំពង់ធំព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២០។

លោក សុខ លូ បានបញ្ជាក់ថាប្រជាពលករដែលចំណាកស្រុកមកពីប្រទេសថៃនិងប្រទេសផ្សេងចំនួន៤៩៦៧ នាក់ មិនមានអ្នកផ្ទុកជំងឺកូវីដ១៩ទេ ។

លោកបានបន្តថា អាជ្ញាធរមូលដ្ឋាននិងមន្ត្រីដែលពាក់ពន្ធ័ទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល គណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ថ្នាក់ជាតិ និងគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ថ្នាក់ខេត្ត ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសការដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃដោយស្ម័គ្រចិត្ត សម្រាប់អ្នកដែលទើបត្រឡប់ពីធ្វើការក្រៅខេត្ត និងក្រៅប្រទេស ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសង្គមជាតិទាំងអស់គ្នា។

លោកបានបន្តទៀតថា មណ្ឌលចត្តាឡីស័កត្រួតពិនិត្យសុខភាព ដល់ប្រជាពលករមកពីប្រទេសថៃនិងប្រទេសផ្សេងៗរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១០ និង១១នេះ បានពិនិត្យពលករមានចំនួន ៧៨នាក់ ហើយបានយកសំណាកទៅពិនិត្យនៅបាស្ទ័រចំនួន ០៩ នាក់ដោយលទ្ធផលអវិជ្ជមានទាំងអស់ ។

ជាមួយគ្នាដែរអាជ្ញាធរខេត្តកំពង់ធំបានបញ្ជូនថ្នាក់ដឹកនាំទៅរងចាំទទួលពលករនៅប្រទេសថៃចំនួន ០៣ទីតាំងដែលមាននៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យនិងបានបញ្ជូនឈ្មោះមកតាមស្រុកដែលមានពលករដើម្បីឱ្យអាជ្ញាធរស្រុករង់ចាំទទួលទៅទីតាំងរបស់ខ្លួនឲ្យទៅតាមមូលដ្ឋាន ។

លោកក៏បានអំពាវនាវ និងសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការយោគយល់លើចំណាត់ការក្នុងគ្រាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសេចក្តីសុខនិងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕