ភ្នំពេញ ៖ សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖«សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? ។ ថ្ងៃទី១៤ មេសានេះ ខ្ញុំត្រូវចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសលើកទី ៣៦ ស្តីពីជំងឺកូវីដ-១៩ នៅវិមានសន្តិភាព តាមរយៈការភ្ជាប់វីដេអូខលផ្ទាល់ (Video Conference) ពីប្រទេសសមាជិកអាស៊ានទាំង១០ ។
ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលពេលនេះកំពុងគម្រាមកំហែងពិភពលោក គឺមេដឹកនាំប្រទេសអាស៊ានទាំងអស់ និងគណៈប្រតិភូមិនអាចធ្វើដំណើរចេញក្រៅប្រទេសបានឡើយ ។
តាមការគ្រោងទុកសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នេះ គឺត្រូវធ្វើនៅប្រទេសវៀតណាម ។ សម្តេចបន្តថា ដូច្នេះសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករកម្មការនីបានយល់កាន់តែច្បាស់អំពីការព្រួយបារម្ភរបស់ពិភពលោកក៏ដូចជា ការព្រួយបារម្ភរបស់ប្រទេសយើង ដែលបានលើកថ្ងៃឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំទៅពេលក្រោយ ហើយនឹងការដាក់បម្រាមហាមមិនអោយពលរដ្ឋធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នមួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។
ឆ្លៀតក្នុងឱកាសនៃបុណ្យចូលឆ្នាំនេះ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបប្រទះតែសេចក្តី និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ៕