កិច្ចប្រជុំលើកទីពីរ របស់ក្រុមការងារស្ថានទូត ជាមួយនឹងបណ្ដាសមាគម សហគមន៍ និងមូលនិធិខ្មែរ នានា នៅសាធារណរដ្ឋកូរ៉េ


កិច្ចប្រជុំលើកទីពីរ របស់ក្រុមការងារស្ថានទូត ជាមួយនឹងបណ្ដាសមាគម សហគមន៍ និងមូលនិធិខ្មែរ នានា នៅសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាដកពិសោធន៍ ពីចំនុចខ្លាំង និងចំនុចខ្សោយ និងកែលម្អនូវចំនុចខ្វះខាត ក្នុងយុទ្ធនាការជួយដោះស្រាយបញ្ហារបស់ប្រជាជនខ្មែរ ដែលកំពុងរស់នៅ ធ្វើការនៅសាធារណរដ្ឋកូរ៉េ និងការថែរក្សា អភិរក្ស និងអភិវឌ្ឍ កេរ្ដ៍ដំណែលវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ នាពេលកន្លងមក។

កិច្ចប្រជុំបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នាទីក្រុងស៊ូវ៉ុន ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថានទូត ថ្នាក់ដឹកនាំ និងតំណាង របស់ សមាគម សហគមន៍ និងមូលនិធិខ្មែរនានា នៅសាធារណរដ្ឋកូរ៉េ ជាមួយនឹងលទ្ធផលជាផ្លែផ្កា និងមានខ្លឹមសារខ្ពស់។ បន្ថែមលើរបៀបវារៈខាងលើ កិច្ចប្រជុំបានពិភាក្សា និងបែងចែកភារកិច្ចគ្នា ក្នុងការរៀបចំកម្មវិធី “មហាសង្រ្កាន្ដខ្មែរ” ដែលមិនធ្លាប់មានពីមុនមក ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ នាទីក្រុងអានសាន។

ជាមួយគ្នានេះស្ថានឯកអគ្គរាជទូតសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម សហគមន៍ និងមូលនិធិខ្មែរ ដែលកន្លងមកបានលះបង់កម្លាំកាយ ចិត្ត និងធនធាន ក្នុងការចូលរួមជួយដោះស្រាយបញ្ហារបស់ប្រជាជនខ្មែរដែលកំពុងរស់នៅ ធ្វើការនៅសាធារណរដ្ឋកូរ៉េ និងជាពិសេសបានចូលរួមជួយថែរក្សា ការពារ កេរ្ដ៍ដំណែលវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ ដ៏សម្បូរបែប របស់ខ្មែរយើង៕