ឯកឧត្តម គួច ចំរើន បង្ហាញអំពីការរីកចម្រើនរបស់ខេត្តព្រះសីហនុ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល


(ភ្នំពេញ)៖ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញអំពីការរីកចម្រើន និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តព្រះសីហនុ តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

ខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរ ស្ថិតនៅប៉ែកនិរតី នៃប្រទេសកម្ពុជា មានចម្ងាយ២៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤ និងចម្ងាយ២៦០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ និងមានផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញ ដោយឆ្លងកាត់តាមខេត្តកណ្តាល តាកែវ និងខេត្តកំពត។

ខេត្តព្រះសីហនុ ជាខេត្តដែលមានវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមមាន៖ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាព សម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។ សក្តានុពលរួមមាន៖ កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០ទីតាំង (៤កំពុងដំណើរការ និង៦ត្រៀមដំណើការ) អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានប្រសិទ្ធនាមជា «តារារៈនាទិសនិរតី»។

*វិស័យកសិកម្ម៖ ការងារកសិកម្ម ផ្ទៃដីបង្កបង្កើនផលស្រូវចំនួន ១៣,០០០ហិកតា ដោយទទួលបានទិន្នផលជា មធ្យម៣.២តោន/មួយហិកតា (អនុវត្តបាន១០,៥៩៨ហិកតា)។ ផ្ទៃដីដាំដុះដំណាំរួមផ្សំ និងបន្លែគ្រប់ មុខចំនួន៤៥០ហិកតា (អនុវត្តបាន៣៦២ហិកតា) ដោយទទួលបានបរិមាណផលសរុប ៦,៥៥២តោន។

*វិស័យធនធានទឹក និងឧតុនិយម៖ សក្តានុពលប្រព័ន្ធធារាសាស្រ្តមាន៖ ទំនប់ការពារទឹកប្រៃប្រវែង ៨៨.៣២គីឡូម៉ែត្រ សំណង់ទ្វារទឹកចំនួន៣៦កន្លែង ប្រឡាយប្រវែង១៣៣គីឡូម៉ែត្រ បែងចែកជា០៦ផែន ឬហៅថា (ប៉ុលឌែរ) ដែលការពារហ៊ុមព័ទ្ធផ្ទៃដីស្រែចំនួន ៩,៧៧២ហិកតា ស្ថិតក្នុងឃុំចំនួន៩ ក្នុងស្រុកព្រៃនប់ និងប្រព័ន្ធការពារទឹកប្រៃមួយទៀត ស្ថិតនៅឃុំរាម និងឃុំបិតត្រាំង មានទំនប់សរុបប្រវែង ៧,៦៧០ម៉ែត្រ ប្រឡាយប្រវែង៦,៤៧០ម៉ែត្រ សំណង់ទ្វារទឹកចំនួន ០៤កន្លែង និងលូចំនួន០៣កន្លែង។

*វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៖ ការងារឧស្សាហកម្មធុនធំ រោងចក្រសរុបចំនួន ២១៧ រោងចក្រ ក្នុងនោះមាន, រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន១៥១រោងចក្រ, រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន០៩រោងចក្រ, តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (បិតត្រាង) ចំនួន១៣៦រោងចក្រ, តំបន់សេដ្ឋកិច្ចពិសេសចេជាង (ព្រៃនប់) ចំនួន១២រោងចក្រ។ រោងចក្រក្រៅតំបន់សេដ្ឋកិច្ចពិសេស ចំនួន៦៦រោងចក្រ ដែលទុនវិនិយោគ សរុបចំនួន១,១៤៥,៨១២,០០០ដុល្លារ និងមានពលកម្មសរុបចំនួន ១៧,៦៨៤នាក់ ស្រីចំនួន ១១,៧១០នាក់។

*វិស័យទេសចរណ៍៖ ក្នុងឆ្នាំ២០១៩ ខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរសរុប ២,២២៩,៤២៨នាក់ កើនឡើង៨.៨៧% ក្នុងនោះភ្ញៀវទេសចរជាតិ ១,៣៤៣,៦៩០នាក់ ថយចុះ ៨.៣៧% និងភ្ញៀវទេសចរអន្តរជាតិ ៨៨៥,៧៩២នាក់ កើនឡើង៥២,៤១%។

*គម្រោងវិនិយោគដែលទទួលបានការលើកទឹកចិត្ត និងកំពុងដំណើរការ មានចំនួន១៩៤គម្រោង និងមានទុនវិនិយោគសរុបចំនួន ៣០,០៩១,០៦១,៩២៤ដុល្លារអាមេរិក។

*វិស័យដីធ្លី៖ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ គិតត្រឹមខែឧសភា មានចំនួន១,៣៥៥គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុប ១៣,១០៧,២០៩.១៦ម៉ែត្រការ៉េ មានទុនវិនិយោគសរុប ៧,០៩៩,៤១៧,២២៧.៥០ដុល្លារ។ សំណង់អគារខ្ពស់នៅខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០០៥-២០២០ ត្រឹមខែឧសភា កម្ពស់ចាប់ពី៥ ទៅ៥៣ជាន់ មានចំនួន៥២៩គម្រោង។

*ការដោះស្រាយទំនាស់ដីធ្លី៖ សំណុំរឿងដែលកំពុងស្រាវជ្រាវ និងដោះស្រាយសម្របសម្រួលបន្តមានចំនួន៥១៣ករណី (គិតត្រឹមខែឧសភា ឆ្នាំ២០២០)។ ខណៈ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីដីធ្លី តាមបទបញ្ជាលេខ០១ នៅទូទាំងខេត្តព្រះសីហនុ និងបានចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋសរុបបាន ចំនួន៤២,៥២១ប័ណ្ណ។

*ការផ្ដល់សេវាសាធារណៈ៖ រដ្ឋបាលខេត្តបានពង្រឹង និងបង្ខិតការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ព្រមទាំងបានពង្រីក ការផ្សព្វផ្សាយព័ត៌មានអំពីសេវាសាធារណៈយ៉ាងទូលំទូលាយដល់មូលដ្ឋាន។ នៅថ្នាក់ខេត្តមានអង្គភាពច្រកចេញ-ចូលតែមួយ នៅថ្នាក់ក្រុង ស្រុក មានការិយាល័យច្រកចេញ-ចូលតែមួយ បាននិងកំពុងបម្រើសេវាជូនប្រជាពលរដ្ឋ។

ចំពោះអង្គភាពច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលខេត្តព្រះសីហនុ បម្រើសេវាសាធារណៈលើ១៤វិស័យ ស្មើនឹង៤៨៤សេវា បានលឿន រហ័ស ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ស្របតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕