រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបិទចរាចរណ៍លើកំណាត់ផ្លូវលេខ៥៦៦ ក្នុងខណ្ឌទួលគោក រយៈពេល១៤ថ្


(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណៈជន និងប្រជាពលរដ្ឋអំពីលការបិទចរាចរណ៍ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវលេខ៥៦៦ ដោយចាប់ពីផ្លូវលេខ៣១៥ ដល់ផ្លូវលេខ៣១៣ ដែលការបិទនេះមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧ព្រឹកនេះរហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។ ផុតរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋនឹងអាចធ្វើចរាចរជាធម្មតាឡើងវិញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការបិទផ្លូវបណ្តោះអាសន្ននេះ ព្រោះមានការដ្ឋានដាក់លូប្រអប់ទំហំ ២ម៉ែត្រ បួនជ្រុងនៅក្នុងផ្លូវលេខ៣១៥ ក្នុងខណ្ឌទួលគោកដែលជាគម្រោង ការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញ បានដំណើរការជីកមកដល់ទីតាំងប្រសព្វផ្លូវលេខ ៥៦៦ហើយ។

ការដ្ឋាននេះ នឹងចាប់ផ្តើមបិទចរាចរជាបណ្តោះអាសន្នកំណាត់ផ្លូវលេខ៥៦៦ ចាប់ពីផ្លូវលេខ ៣១៥ ដល់ផ្លូវលេខ ៣១៣ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ខែកក្កដា វេលាម៉ោង៧និង០០ព្រឹក ដល់ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២០។

មន្ត្រីដដែលបញ្ជាក់ថា ចំពោះចរាចរណ៍នៅទីតាំងភ្លើងស្តុបប្រសព្វផ្លូវចំនួន៣ខ្សែទៀត នឹងដាក់ឲ្យដំណើរការលើកលែងតែកំណាត់ផ្លូវខាងលើ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរពីទីតាំងកំណាត់ផ្លូវនេះដោយសេចក្តីអនុគ្រោះ។

គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគម្រោងនេះមានទឹកប្រាក់សរុបប្រមាណ៣៦លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់ អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រងសំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក។

ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូ ក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខណ្ឌទួលគោក៕