ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីជំនាញអង្គការសង្គ្រោះកុមារ បានអញ្ជើញចុះទស្សនកិច្ចការងារ និងសង្កេតការសិក្សារបស់កុមារតូចតាមផ្ទះ នៅភូមិបណ្ដែតទឹកចំនួន០២ ក្នុងខេត្តកំពង់ឆ្នាំង ដែលជាកម្មវិធីអប់រំកុមារតូចរបស់អង្គការសង្រ្គោះកុមារ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ គណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារ និងសំណេះសំណាលជាមួយគណៈគ្រប់គ្រងមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងម្តាយបង្គោល ដែលជាអ្នកជួយបង្រៀនកុមារតូចៗឲ្យមានសុខភាពល្អរឹងមាំ។ លើសពីនេះ គណៈប្រតិភូក៏បានអញ្ជើញចុះពិនិត្យការសិក្សាសកម្មភាពអប់រំនៅតាមខ្នងផ្ទះសម្រាប់កុមារផងដែរ។