រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញមន្ត្រីជំនាញទប់ស្កាត់ទំនិញគ្មានគុណភាព និងក្លែងបន្លំ នាំឱ្យប៉ះពាល់សុខភាពពលរដ្ឋ


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានក្រើនរំលឹក និងជំរុញឱ្យមន្ត្រីជំនាញបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ការលក់ដូរទំនិញគ្មានគុណភាព និងការក្លែងបន្លំគ្រប់រូបភាព ដើម្បីចៀសវាងការបង្កផលប៉ះពាល់ដល់សុខភាព និងបាត់បង់អត្ថប្រយោជន៍របស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកបែបនេះក្នុងពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លាកឈ្មោះ និងរូបសញ្ញាថ្មីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា «ក.ប.ប.» នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ។ អគ្គនាយកដ្ឋាន «ក.ប.ប.» ជាអតីតអគ្គនាយកដ្ឋាន «កាំកុងត្រូល» ដែលត្រូវក្រសួងពាណិជ្ជកម្មសម្រេចកែសម្រួលតួនាទី និងភារកិច្ចមួយចំនួន ដើម្បីពង្រឹងការងារគ្រប់គ្រងលើការចរាចរណ៍ផលិតផល និងទំនិញនានានៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះវត្តមានផ្លាកឈ្មោះ និងរូបសញ្ញាថ្មីនៃអគ្គនាយកដ្ឋាន «ក.ប.ប.» និងសមិទ្ធិផលការងារធំៗជាច្រើន ដែលអគ្គនាយកដ្ឋានសម្រេចបានក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ។ ការងារដែលអគ្គនាយកដ្ឋានសម្រេចបានមានដូចជាកិច្ចការគ្រប់គ្រងគុណភាព សុវត្ថិភាព និងតម្លៃទំនិញនៅលើទីផ្សារ កិច្ចការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំតាមគ្រប់រូបភាព រួមទាំងកិច្ចការកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្តជាច្រើន ត្រូវបានកសាង និងដាក់ឱ្យអនុវត្តជាផ្លូវការ។

ក្រៅតែពីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លាកឈ្មោះ និងរូបសញ្ញាថ្មីរបស់អគ្គនាយកដ្ឋាន «ក.ប.ប.» លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន «ក.ប.ប.» ផងដែរ។

ក្នុងកិច្ចប្រជុំនោះឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកមន្ត្រីនៅក្នុងអគ្គនាយកដ្ឋាន «ក.ប.ប.» ទាំងអស់ឱ្យបន្តការខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនជាអាទិភាព ដើម្បីបង្កើនប្រសិទ្ធិភាព និងទំនុកចិត្តកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។

ឯកឧត្តម ប៉ាន ស័រស័ក្តិ ក៏បានណែនាំ និងស្នើឱ្យមន្ត្រីអគ្គនាយកដ្ឋាន «ក.ប.ប.» ទាំអស់បន្តជំរុញសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័ត និងខិតខំកសាងអនុក្រឹត្យ ប្រកាស ឬលិខិតបទដ្ឋានបច្ចេកទេសពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការងារអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី ក៏បានរំលឹកមន្ត្រីផងដែរថា ការគ្រប់គ្រងទំនិញលើទីផ្សារជាការងារសំខាន់មួយរបស់អគ្គនាយកដ្ឋាន «ក.ប.ប.» ដើម្បីធានាបាននូវសុខមាលភាពរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ ក្នុងន័យនេះលោករដ្ឋមន្ត្រីជំរុញមន្ត្រីអគ្គនាយកដ្ឋាន «ក.ប.ប.» យកចិត្តទុកដាក់ទប់ស្កាត់ទំនិញក្លែងក្លាយ ខូចគុណភាព និងហួសសុពលភាពលើទីផ្សារ។ បន្ថែមពីលើនោះ ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ ព្រោះវាជាមានហានិភ័យខ្ពស់ និងត្រូវគ្រប់គ្រង ទប់ស្កាត់ការផ្សាយពាណិជ្ជកម្ម មានលក្ខណៈបោកបញ្ឆោត ពង្វាងការពិត និងបំភាន់អ្នកប្រើប្រាស់ឲ្យយល់ច្រឡំ ប្រាសចាកពីបទប្បញ្ញត្តិនៃច្បាប់។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញការសាងសង់ និងបំពាក់ឧបករណ៍មន្ទីរពិសោធន៍ខ្នាតតូចនៅតាមព្រំដែន ឱ្យបានគ្រប់ខេត្ត ដើម្បីធានាសុវត្ថិភាព សុខភាពប្រជាពលរដ្ឋ ឲ្យទទួលបាននូវភាពកក់ក្ដៅ និងបានស្នើឱ្យឯកឧត្តមអគ្គនាយកពិនិត្យរៀបចំទទួលយកការងារពាក់ព័ន្ធនឹងកិច្ចការហាឡាល មកអនុវត្តនៅនាយកដ្ឋានកិច្ចការហាឡាលវិញ និងរៀបចំរចនាសម្ព័ន្ធចាត់តាំងរបស់សាខារាជធានី ខេត្ត ឡើងវិញ ដើម្បីបន្តធានាប្រសិទ្ធភាពការងារ។

ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានជំរុញមន្ត្រីអគ្គនាយកដ្ឋាន «ក.ប.ប.» ខិតខំទប់ស្កាត់ឱ្យបាននូវការលក់ប្រេងបន្លំគុណភាព កឹបកេងផ្នែកបរិមាណ និងការលក់លើសតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម។

ដើម្បីទទួលបានជោគជ័យក្នុងការងារ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើមន្ត្រីទាំងអស់ត្រូវរក្សាសាមគ្គីភាព ស្រឡាញ់រាប់អាន និងសហការគ្នាឱ្យបានស្អិតរមួតក្នុងការបំពេញការងារ ព្រោះសាមគ្គីភាព គឺជាកត្តានាំទៅដល់ភាពជោគជ័យក្នុងការងារ ដូចសុភាសិតខ្មែរមួយថា «ចង្កឹះមួយបាច់កាច់មិនបាក់»៕