អភិបាលខេត្តសៀមរាប ជួបសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ អ្នកបើករថយន្តតាក់ស៊ី និងរឺម៉ក់កង់បី ពិភាក្សារកដំណោះស្រាយស្តារវិស័យទេសចរណ៍វិស័យទេសចរណ៍


ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយបងប្អូនជាសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ អ្នករត់រថយន្តតាក់ស៊ី អ្នករត់រ៉ឺម៉ក់កង់បី រួមទាំងម៉ូតូកង់បីឥណ្ឌា (Pass app) នៅក្នុងខេត្តប្រមាណ ១៦០នាក់ ខណៈដែលពួកគាត់កំពុងរងផលប៉ះពាល់ពីជំងឺកូវិដ-១៩ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ការជួបសំណេះសំណាលនេះ ផ្តោតលើផលប៉ះពាល់នៃវិបត្តិជំងឺកូវិដ១៩ នៅខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏សំខាន់ នៃព្រះរាជាណាចក្រកម្ពុជា ហើយបានធ្វើឱ្យបាត់បង់ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ហើយនៅពេលនេះ ប្រតិបត្តិករ និងអ្នករត់រ៉ឺម៉កបីទាំងអស់ បានលើកឡើងបញ្ហាទុក្ខកង្វល់សំណូមពរ នៅក្នុងអំឡុងជួបវិបត្តិជំងឺកូវិដ-១៩ ដែលធ្វើឱ្យប៉ះពាល់ ដល់មុខរបបរប្រចាំថ្ងៃរបស់បងប្អូន និងដើមី្បបានពិភាក្សារកដំណោះស្រាយជាគន្លឹះសំខាន់ៗ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញនៅខេត្តសៀមរាប ឱ្យមានភាពប្រសើរឡើងវិញ។

ឯកឧត្តម ទៀ សីហា បានលើកឡើងថា ការជួបជុំពិភាក្សានាពេលនេះ ជាការរកនូវដំណោះស្រាយនូវទុក្ខកង្វល់របស់បងប្អូនប្រតិបត្តិករទាំងអស់ ក្នុងពេលជួបនូវវិបត្តិកូវីដ-១៩នេះ ហើយដោះស្រាយនូវទុក្ខលំបាកនេះ រដ្ឋបាលខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានទាំង ១២ក្រុង/ស្រុក រៀបចំកម្មវិធីសម្រាកសៀមរាប ក្នុងពេលដែលមន្ត្រីរាជការ កម្មករ វិយោជិកបានឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ នាថ្ងៃខាងមុខនេះ ក្នុងការទាក់ទាញដល់ភ្ញៀវក្នុងស្រុកចូលមកកាន់ខេត្តសៀមរាប។

កត្តាសំខាន់នោះក៏ជាឱកាសសម្រាប់ប្រជាពលរដ្ឋកម្ពុជា បានសិក្សាស្វែងយល់ពីសម្បត្តិវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ពីការថែរក្សា អភិរក្សនូវវប្បធម៌ ទំនៀមទម្លាប់នៅតាមមូលដ្ឋាន។

ឯកឧត្តមក៏បានលើផងដែរអំពីកម្មវិធីទាំងឡាយនៅពេលដំណើរការព្រឹត្តិការណ៍ សម្រាកសៀមរាបនេះ ជូនដល់បងប្អូនប្រតិបត្តិករបានចូលរួម ព្រមទាំងជាការផ្តល់នូវឱកាសដល់បងប្អូន ក្នុងការរកនូវចំណូលប្រចាំថ្ងៃ ដើមី្បផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារទៀតផង។ ហើយកម្មវិធីសម្រាកសៀមរាបនេះ រដ្ឋបាលខេត្តក៏មានតម្រូវការដល់បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ បានចូលរួមធ្វើការពន្យល់បង្ហាញដល់ភ្ញៀវជាតិ ឱ្យបានស្គាល់កាន់តែច្បាប់អំពីប្រវត្តិសាស្ត្រ សម្បត្តិវប្បធម៌ជាតិ ព្រមទាំងពីស្ថានភាពភូមិសាស្ត្រ ធម្មជាតិ ព្រៃភ្នំទៀតផង ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា សកម្មភាពនេះ យើងមិនមែនធ្វើក្នុងពេលឈប់សម្រាកនោះឡើយ គឺត្រូវបន្តធ្វើជារៀងរាល់ថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ ដោយនៅខេត្តសៀមរាប តាមបណ្តាមូលដ្ឋានស្រុកមួយចំនួន ក៏បានធ្វើការពង្រីកនូវតំបន់ទេសចរណ៍ធម្មជាតិ និងកែច្នៃ ដើមី្បបម្រើដល់ភ្ញៀវទេចរជាតិ-អន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋាន ក្រោយពេលបញ្ចប់នូវវិបត្តិជំងឺកូវិដ១៩នេះទៅ៕