ទីក្រុងម៉ានីល, ប្រទេសហ្វីលីពីន៖ នៅព្រឹកថ្ងៃសុក្រទី១០ ខែមីនា ឆ្នាំ២០១៧នេះ ប្រតិភូរបស់កម្ពុជា ដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជាសម្រាប់អាស៊ាន បានចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សា ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងតំណាងពាណិជ្ជកម្មសហភាពអឺរ៉ុប លើកទី១៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ។
កិច្ចប្រជុំនេះដឹកនាំដោយសហប្រធានពីររូបគឺ ឯកឧត្តម រ៉ាមុន ឡូប៉េស (Ramon Lopez) អគ្គលេខាធិការក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន និងលោកជំទាវ សេស៊ីលៀ ម៉ាល់ស្រម (Cecilia Malmstrom) តំណាងពាណិជ្ជកម្មសហភាពអឺរ៉ុប។
នៅក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តម រ៉ាមុន ឡូប៉េស បានលើកឡើងថា “អាស៊ានបានក្លាយជាទីផ្សារដ៏មានប្រជាប្រិយភាពរបស់ពាណិជ្ជកម្ម និងលំហូរនៃការវិនិយោគដោយផ្ទាល់ពីសហភាពអឺរ៉ុប”។
លោកជំទាវ សេស៊ីលៀ ម៉ាល់ស្រម តំណាងពាណិជ្ជកម្មសហភាពអឺរ៉ុបបានយល់ស្របថា “អាស៊ានជាដៃគូពាណិជ្ជកម្ម និងវិនិយោគ ដែលទំនាក់ទំនងល្អជាមួយសហភាពអឺរ៉ុប ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ហើយសហភាពអឺរ៉ុបចង់ចូលរួមឲ្យកាន់តែស៊ីជម្រៅនៅក្នុងក្របខ័ណ្ឌអាស៊ាន។”
កិច្ចប្រជុំនេះ បានកត់សម្គាល់នូវបញ្ហានានា និងអនុសាសន៍មួយចំនួន ដែលបានលើកឡើងដោយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប ហើយបានកោតសរសើរក្រុមប្រឹក្សានេះ ចំពោះការចូលរួមយ៉ាងសកម្មក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-សហភាពអឺរ៉ុបតាមរយៈវេទិកាផ្សេងៗ។ លើសពីនេះ កិច្ចប្រជុំក៏ បានអនុម័តលើកម្មវិធីការងារពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-សហភាពអឺរ៉ុប សម្រាប់ឆ្នាំ២០១៧-២០១៨ ព្រមទាំងចរចាលើការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-សហភាពអឺរ៉ុបឡើងវិញ។
យោងតាមទិន្ន័យរបស់សហភាពអឺរ៉ុប ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន-សហភាពអឺរ៉ុប មានចំនួន ២០៨ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១៦ ហើយសហភាពអឺរ៉ុប នៅតែជាប្រភពនៃលំហូរវិនិយោគដោយផ្ទាល់ដ៏សំខាន់ជាងគេ នៅក្នុងតំបន់អាស៊ាន សម្រាប់ឆ្នាំ២០១៥ ដែលមានទំហំទឹកប្រាក់ ២៣,៣ពាន់លានអឺរ៉ូ៕