កម្មវិធី​បើក​សិក្ខាសាលា ស្តី​ពី នីតិវិធី និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​មូលនិធិ​ដំណើរការ​សាលារៀន​សាធារណៈ ឆ្នាំ២០២០


សៀមរាប ៖ កម្មវិធី​បើក​សិក្ខាសាលា ស្តី​ពី នីតិវិធី និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​មូលនិធិ​ដំណើរការ​សាលារៀន​សាធារណៈ ឆ្នាំ២០២០ ប្រារព្ធ​ឡើង​ក្រោម​គោល​បំណង ផ្ដល់​ទស្សនាទាន​ជូន​សាលារៀន​ក្នុង​ការ​គ្រោង​មូលនិធិ​ដំណើរការសាលារៀន​បានចំមុខសញ្ញាចំណាយអាទិភាព និងវិភាជន៍ថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា ដើម្បីអភិវឌ្ឍគ្រឹះស្ថានសិក្សាប្រកបដោយចីរភាព។ លើសពីនេះទៀត ប្រព័ន្ធក៏បានផ្ដល់មុខងារសម្រាប់គ្រោងថវិកាដៃគូអភិវឌ្ឍន៍ សហគមន៍ និងថវិកាពីប្រភពផ្សេងៗ។

ពិធី​បើក​សិក្ខាសាលា​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អម​ដោយ​​ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ នាយកដ្ឋានជំនាញ និង​មន្ត្រី​បច្ចេកទេស ព្រម​ទាំង​គណៈ​គ្រប់គ្រង​សាលារៀន លោកគ្រូអ្នកគ្រូ ជាច្រើន​រូបផងដែរ។

ក្នុង​ឱកាស​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​អំពី​សារៈសំខាន់​របស់​សិក្ខាសាលា​ ស្រប​ពេល​ដែល​សាលារៀន​សាធារណៈ​ទាំងអស់​នឹង​ត្រូវ​បើក​ដំណើរ​ការ​ឡើង​វិញ​នា​ថ្ងៃ​ស្អែក​នេះ និង​បាន​លើក​សរសើរ​ដនិងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារជំនាញ ដែលបានខិតខំប្រឹងប្រែង ក្នុងការជំរុញការអនុវត្តថវិកាមូលនិធិដំណើរការសាលារៀនសាធារណៈ គឺបង្កើនប្រសិទ្ធភាព តម្លាភាព គណនេយ្យភាពនៃការប្រើប្រាស់ថវិកា និងធានាបានភាពឆ្លើយតបទៅនឹងលទ្ធផលសិក្សារបស់សិស្ស។

ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ | វិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប