ឯកឧត្តម សាយ សំអាល់ ទទួលជួបគណ:ប្រតិភូអង្គការ USAIDដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារនានារបស់សហរដ្ឋអាមេរិកនិងក្រសួងបរិស្ថាន


នៅរសៀលថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០១៧​ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបគណ:ប្រតិភូអង្គការ​ USAID ដឹកនាំដោយលោកស្រី​ Polly Dunford នាយកប្រចាំកម្ពុជា​ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារនានារបស់សហរដ្ឋអាមេរិក​និងក្រសួងបរិស្ថានលើកិច្ចគាំពារបរិស្ថាន​ ការគ្រប់គ្រងធនធានធម្មជាតិ​ ការអភិរក្សជីវ:ចម្រុះ​ និងការអភិវឌ្ឍដោយចីរភាព។​ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីលទ្ធផលនៃការធ្វើកំណែទម្រង់ស៊ីជម្រៅនៅក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយបានកែសម្រួលរចនាសម្ព័ន្ធ កែលម្អសមត្ថភាពស្ថាប័ន​ រៀបចំកសាងផែនការយុទ្ធសាស្រ្ត​ និងក្របខ័ណ្ឌច្បាប់និងលិខិតបទដ្ឋានគតិយុត្ត​ ធ្វើប្រតិភូកម្មមុខងារនិងភារកិច្ចទៅថ្នាក់ក្រោមជាតិ​ ពង្រឹងការត្រួតពិនិត្យការបំពុលបរិស្ថាន ការគ្រប់គ្រងសំណល់រឹង-រាវ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ការមិនផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មី ការត្រួតពិនិត្យនិងវាយតម្លៃសម្បទានដីសេដ្ឋកិច្ចដែលបានផ្តល់មុនការចេញបទបញ្ជាលេខ០១ នៅឆ្នាំ២០១២ ការលុបគោលការណ៍វិនិយោគសម្បទានដីសេដ្ឋកិច្ចដែលមិនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យានិងនីតិវិធីច្បាប់ ការបង្ក្រាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ (ជាពិសេសបទល្មើសព្រៃឈើ) ការបែងចែកសមត្ថកិច្ចទទួលបន្ទុកអភិរក្ស និងអភិវឌ្ឍន៍ឱ្យនៅដាច់ពីគ្នា និងការអភិវឌ្ឍនសហគមន៍មូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងការស្វាគមន៍ដល់អង្គការ USAID និងទីភ្នាក់ងារនានារបស់សហរដ្ឋអាមេរិក ដែលមានបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួងបរិស្ថាន​ ហើយឯកឧត្តមបានស្នើឱ្យបន្តពិភាក្សាថ្នាក់បច្ចេកទេសដើម្បីរៀបចំនិងអនុវត្តគម្រោងនិងសកម្មភាពជាក់ស្តែង ឆ្លើយតបទៅនឹងតម្រូវការអាទិភាពជាក់ស្តែងរបស់សង្គមជាតិយើង។