ការសាងសង់ផ្លូវបេតុង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ រួចរាល់ស្ទើរទាំងស្រុងហើយ


 ផ្លូវបេតុង៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដែលសាងសង់ដោយថវិកាជាតិ និងអ្នកជំនាញរបស់ខ្មែរសុទ្ធសាធនោះ ជិតបញ្ចប់ទាំងស្រុងហើយ។ នេះបើតាម ឯកឧត្តម ហូ ចាន់ថា ប្រធានសម្របសម្រួលគម្រោងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការស្ថាបនាផ្លូវទាំង ៣៤ខ្សែនេះ។ កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល អភិបាលក្រុងព្រះសីហនុ មន្ទីរ អង្គភាព និងក្រុមហ៊ុនសាងសង់ផ្លូវ។

ឯកឧត្តម ហូ ចាន់ថា បានបញ្ជាក់ថា ការស្ថាបនាផ្លូវបេតុង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ សម្រេចបាន ៩៩.៩២ភាគរយ, ការងារលូទឹកភ្លៀង និងលូទឹកកខ្វក់សម្រេចបាន ១០០ភាគរយ, ចិញ្ចើមផ្លូវមានខឿនថ្មក្រានីត សម្រេចបាន ៨៣.៤៥ ភាគរយ និងកម្រាលថ្មក្រានីតសម្រេចបាន ២៤ភាគរយ។

ដោយឡែកការងារដាំបង្គោលភ្លើងបំភ្លឺផ្លូវសម្រេចបាន ៦៤ភាគរយ និងបំពាក់អំពូលភ្លើងបានជាង ៥៣ភាគរយ, ការងារដាំដើមឈើនៅអមសងខាងផ្លូវសម្រេចបាន ៣២ភាគរយ និងការងារបំពាក់កាំម៉ារ៉ាសុវត្ថិភាពសម្រេច ១០ភាគរយ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានសម្រេចបង្កើតក្រុមការងារតាមមន្ទីរ អង្គភាពជំនាញចុះធ្វើការដកស្រង់បទពិសោធន៍ជាមួយក្រុមការងារគណ:កម្មាធិការជាតិអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រុមការងារនានាក្នុងក្រុងព្រះសីហនុ។ លោកអភិបាលខេត្ត បានណែនាំក្រុមការងារធ្វើលិខិតជូនដំណឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានលំនៅឋាននៅតាមដងផ្លូវ ៣៤ខ្សែ ដើម្បីភ្ជាប់ប្រព័ន្ធលូរណប (លូទឹកកខ្វក់ និងលូទឹកភ្លៀង) និងនីតិវិធីនៃការចូលរួមបង់ថវិកាភ្ជាប់ប្រពន្ធលូរណប ដើម្បីឱ្យក្រុមការងារស្ថាបនាផ្លូវតភ្ជាប់បណ្តាញលូរណបបានលឿន ធានាដល់បរិស្ថាន និងសោភ័ណភាពក្រុងព្រះសីហនុ។

ការសាងសង់ផ្លូវទាំង៣៤ខ្សែនេះ ត្រូវបានប្រើថវិកាជាតិប្រមាណជា ៣០០លានដុល្លារអាមេរិក។ ក្រៅតែពីថវិកាជាតិហើយនោះ ក្រុមអ្នកជំនាញ និងកម្មករស្ថាបនាផ្លូវ គឺសុទ្ធតែជាពលរដ្ឋខ្មែរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានបង្ហាញនូវមោទនាភាពជាខ្លាំងចំពោះការស្ថាបនាផ្លូវទាំងនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ ដែលបានចូលរួមសហការជាមួយអាជ្ញាធរក្នុងការសាងសង់ផ្លូវ ដោយមិនមានទាមទារថ្លៃសំណងខូចខាតលើទ្រព្យសម្បត្តិរបស់ខ្លួននោះឡើយ។ ពោលការសាងសង់ផ្លូវនេះ មិនមានចំណាយថ្លៃសងផលប៉ះពាល់លើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអ្នកក្រុងព្រះសីហនុ ស្រេកឃ្លានផ្លូវជាងអ្វីៗទាំងអស់។

សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់សោភណភាព និងសម្រួលដល់ការធ្វើចរាចរណ៍នៅក្នុងព្រះសីហនុ ដែលទីគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅភាគនិរតីនោះ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាជាតិរហូតដល់ទៅប្រមាណជា ៣០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវធំតូចសរុបចំនួន៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ។

ផ្លូវទាំង៣៤ខ្សែ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ ផ្លូវទាំង៣៤ខ្សែនេះចែកចេញជា៣ប្រភេទរួមមាន៖

*ទី១៖ មហាវិថីចំនួន ៣ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ មានទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥.៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត៦គន្លង (៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត២គន្លង រួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ (លេខ៤៧)។

*ទី២៖ វិថីមានចំនួន១៦ខ្សែ មានប្រវែងជិត ៥០គីឡូម៉ែត្រ មានទទឹង ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ ទៅ ១៧.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត២គន្លង។ វិថីទាំង ១៦ខ្សែនេះរួមមាន៖ វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។

*ទី៣៖ អនុវិថី មានចំនួន ១៥ខ្សែ មានប្រវែងជិត ១២គីឡូម៉ែត្រ មានទទឹងផ្លូវពី ១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង។ អនុវិថីទាំង១៥ខ្សែនេះ រួមមាន៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣ នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ។

ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង ការស្ថាបនាផ្លូវទាំង៣៤ខ្សែ ត្រូវគោរពតាមគោលការណ៍ និងលក្ខណៈបច្ចេកទេសដូចខាងក្រោម៖

* ទី១៖ គោរពតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០
* ទី២៖ កំណត់អ័ក្សផ្លូវតាមចំណុចកណ្តាលនៃដីចំណីផ្លូវសាធារណៈស្របតាមប្លង់សុរិយោដី
* ទី៣៖ សាងសង់តាមគម្រោងប្លង់បច្ចេកទេសលម្អិតនៃខ្សែផ្លូវនីមួយៗដែលសិក្សាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាអនុលោមតាមបទដ្ឋាន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖ ទ្រូងផ្លូវធ្វើពីបេតុងកម្រាស់ ២៥០មិល្លីម៉ែត្រ ក្រាលកៅស៊ូបេទីមកម្រាស់ ៧០មិល្លីម៉ែត្រ បេតុងត្រូវពង្រឹងដោយប្រើដែកសរសៃទំហំ ១២មិល្លីម៉ែត្រ, ចិញ្ចើមផ្លូវមានផ្លូវថ្មើរជើងក្រាលសន្លឹកបេតុង និងផ្លូវជិះកង់ទទឹង ១.៥០ម៉ែត្រ ក្រាលកៅស៊ូបេទីមកម្រាស់ ៥០មិល្លីម៉ែត្រ មានដាំស្មៅ និងដើមឈើជាផ្ទៃបៃតងជ្រាបទឹក, ដាំដើមតែ និងរុក្ខជាតិលម្អរនៅតាមផ្លូវដែលមានខឿនសួនកណ្តាលចែកទ្រូងផ្លូវ, បង្កប់លូទឹកភ្លៀងមុខកាត់ ១ម៉ែត្រ និងលូទឹកកខ្វក់មុខកាត់ ១ម៉ែត្រ តាមបណ្តោយសងខាងផ្លូវ, មានបង្គោលភ្លើងបំភ្លឺសាធារណៈ, មានគំនូសចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍តាមបទដ្ឋានបច្ចេកទេស។

បន្ថែមពីលើនេះ ផ្លូវសំខាន់ៗនឹងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាពផងដែរ។

រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរ សមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។

ការសាងសង់ផ្លូវប្រកបដោយប្រណិតភាពទាំង៣៤ខ្សែនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យសម្រេចនូវចក្ខុវិស័យឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ៕