នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៧ ឯកឧត្តម លី ចាណា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តកំពង់ស្ពឺ ។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជម្រាបជូនក្រុមការងារថា ស្ថានភាពទឹកនៅពេលនេះ គឺមានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ការងារបង្កបង្កើនផលរបស់កសិករ ។ លោកបន្តថា ជារៀងរាល់ឆ្នាំ បងប្អូនប្រជាកសិករ ចាប់អនុវត្តការងារបង្កបង្កើនផលដំណាំស្រូវប្រាំងនៅអំឡុងចុងខែមករា ឬដើមខែកុម្ភៈ ពោលគឺយឺតជាងបណ្តារាជធានីខេត្តដ៏ទៃទៀត ។ ជាក់ស្តែង ឆ្នាំនេះ បងប្អូន បានចាប់ផ្តើមភ្ជាស់រាស់ ដកស្ទូង នៅដើមខែកុម្ភៈ ហើយមកដល់ពេលនេះ មិនទាន់ជួបបញ្ហាខ្វះខាតទឹកនៅឡើយទេ ។
តាមតួលេខក្រៅផ្លូវការ គិតមកត្រឹមថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៧ ការអនុវត្តការងារបង្កបង្កើនផលស្រូវប្រាំងនៅទូទាំងខេត្តកំពង់ស្ពឺ សម្រេចបានលើផ្ទៃដី ចំនួន ៥៣៣ ហិកតា ស្មើនឹងប្រមាណ ៧១% នៃផែនការដែលបានដាក់ចុះ ៕