ភ្នំពេញ: គណបក្សប្រជាជនកម្ពុជា បានស្វាគមន៍ចំពោះ គោលជំហររបស់ គណបក្សសង្គ្រោះជាតិ ដែលបានលុបចោល នូវគោលនយោបាយអាទិភាព “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ”។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ឲ្យគណបក្សសង្គ្រោះជាតិ ធ្វើការប្រកាសជាផ្លូវការ បើគ្រាន់តែថា តាមរលកធាតុអាកាស គឺនៅមិនទាន់ជឿ ១០០ ភាគរយទេ។ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរ ប្តឹងទៅតុលាការដដែល។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា លោកស្វាគមន៍ ចំពោះគោលជំហរ របស់គណបក្សសង្គ្រោះជាតិ ដែលបានលុបចោល នូវគោលនយោបាយ ក៏ប៉ុន្តែវាគ្រាន់តែជាពាក្យសំដី មិនទាន់គ្រប់គ្រាន់នៅឡើយទេ ទាល់តែប្រកាសលុបចោល នូវគោលនយោបាយ៥ចំណុច មួយចំណុចនឹងត្រូវលុបចោល ហើយនៅទុកតែ ៤ ចំណុច ទើបវាជាក់ច្បាស់។ បើគាត់គ្រាន់តែថា បង្ហើរតាមរលកធាតុអាកាស គឺមិនទាន់ជឿ ១០០ ភាគរយទេ។
អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា បើសិនជាគណបក្សសង្គ្រោះជាតិ មិនផ្លាស់ប្តូរខ្លឹមសារ “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” ជាផ្លូវការនោះទេ គឺគណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរ ក្នុងការប្តឹងទៅ តុលាការដដែល។ “ជាការពិតហើយ គឺយើងរក្សាសិទ្ធិបញ្ហានឹង តែឥឡូវនេះ គឺឥឡូវនេះគាត់ដាក់ “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” ប៉ុន្តែយើងមិនទាន់ធ្វើករណីនឹងទេ ក៏ប៉ុន្តែគាត់ដកគ្នាគាត់ រួចទៅហើយ ដកមួយចំនួនតាមឃុំទៅហើយ អានឹងដោយសារអី គឺថាការដាក់គោលនយោបាយ វាមិនត្រឹមត្រូវ ការនិយាយផ្សេង ទៅធ្វើផ្សេង”។
ឯកឧត្តម សុខ ឥសាន បានបន្តថា គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះជំហរ ដែលមានការប្រែប្រួល គឺមិនចង់មានបញ្ហាទេ សូមឲ្យគណបក្សសង្គ្រោះជាតិ អនុវត្តទ្រឹស្តីរបស់ខ្លួន ឲ្យចេញជាការជាក់ស្តែង ទើបបានអាចជឿទុកចិត្ត។ ហើយចំពោះការងារ ដែលត្រៀមប្តឹង គឺត្រូវបញ្ចប់៕