សម្ដេចភក្ដី សាយ ឈុំ អញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋ


ព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិតាភេម និងភូមិត្រិប ក្នុងសង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះអាជ្ញាធរសង្កាត់ ភូមិ និងបងប្អូនប្រជាពលរដ្ឋ បានជម្រាបជូន សម្ដេច ពីស្ថានភាពនៃការបង្កបង្កើនផលក្នុងមូលដ្ឋាន ពីមុខរបរ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ជាពិសេសជម្រាបពីការលំបាក គឺបញ្ហាកង្វះទឹកស្អាតប្រើប្រាស់យ៉ាងខ្លាំង… ព្រោះនៅក្នុងមូលដ្ឋានភូមិទាំង២ខាងលើ និងនៅភូមិជិតៗក្នុងសង្កាត់កំបូល ដែលបច្ចុប្បន្ននេះ ពុំទាន់មានបណ្ដាញទឹកស្អាត ចូលមកដល់គ្រប់ភូមិនៅឡើយទេ ប្រជាជនត្រូវទិញទឹកប្រើប្រាស់ក្នុងតំលៃ ២០ ០០០ រៀលក្នុង១ឡាន… ហើយនៅរដូវប្រាំង ស្រះទឹក ទឹកត្រពាំងត្រូវរីងស្ងួត អណ្ដូងស្នប់នៅកន្លែងជាច្រើនក្នុងភូមិជីកមិនចេញទឹក ហើយអណ្ដូងលូប្រើបានសម្រាប់តែបោកគក់ ឬស្រោចដំណាំ។
សម្ដេចភក្ដី សាយ ឈុំ បានជម្រាបពីការយកចិត្តទុកដាក់ គិតគូរ ខិតខំដោះស្រាយជាជំហានៗរបស់រាជរដ្ឋាភិបាល ពីស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេស ពីសាលារាជធានី និងអាជ្ញាធរគ្រប់ថ្នាក់… ហើយបន្ថែមពីលើការឧបត្ថម្ភអណ្ដូងទឹកស្នប់ចំនួន ១១ អណ្ដូង នាពេលថ្មីៗនេះជួយដល់ភូមិចំនួន ៨ ក្នុងសង្កាត់ចំនួន ៥ នៃខណ្ឌពោធិសែនជ័យ សម្ដេចភក្ដីបានសម្រេចផ្ដល់នូវអណ្ដូងស្នប់ចំនួន ២ បន្ថែមទៀតសម្រាប់ភូមិត្រិប និងភូមិកំបូល ក្នុងសង្កាត់កំបូលនេះ ដើម្បីដោះស្រាយការលំបាកតាមសំណូមពររបស់បងប្អូន៕