មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» នៃក្រសួងសេដ្ឋកិច្ច ចុះអនុស្សរណៈយោគយល់គ្នា ជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ


នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នាទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និងសមាគមធនាគារនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី «កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា» ដែលមានបណ្ឌិត គង់ ម៉ារី ជាតំណាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និងលោកបណ្ឌិត អ៊ិន ចាន់នី ជា តំណាងសមាគមធនាគារនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះ ត្រូវបានអញ្ជើញចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នឯកជនផ្សេងៗជាច្រើនទៀត។ ការចុះអនុស្សរណៈយោគយល់នេះ មានគោលបំណងរួមចំណែកជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងពង្រីកវិសាលភាពការងារក្នុងវិស័យធុរកិច្ចថ្មី និង វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

ការរីកចម្រើនឥតឈប់ឈរនៃ បច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍ធ្វើឱ្យមាន ឌីជីថលភាវូបនីយ កម្ម និង សមាហរណកម្មជាខ្សែច្រវាក់ឌីជីថល ដែលកំពុងតែកើតឡើងនៅក្នុងគ្រប់វិស័យ រួមទាំងវិស័យហិរញ្ញវត្ថុផង។ សក្តានុពល នៃបច្ចេកវិទ្យា ថ្មីនេះនឹងដើរតួនាទីជាឃ្នាស់ថ្មី សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលនឹងកកើតបានជា ទម្រង់សេដ្ឋកិច្ចមួយថ្មី ហោថាសេដ្ឋកិច្ចឌីជីថល ។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ច្បាស់ និងចាត់ទុក ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាវិស័យអាទិភាព សម្រាប់អភិវឌ្ឍប្រទេស ដូចដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី ៤ ។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាល បាន និងកំពុងរៀបចំសេចក្តីព្រាងក្របខណ្ឌ យុទ្ធសាស្រ្ត គោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា សម្រាប់ជាត្រីវិស័យ តម្រង់ទិស ការអនុវត្តការស្រូបយក បច្ចេកវិទ្យាឌីជីថលឱ្យបានជាអតិបរមា ដើម្បីបង្កើនការប្រកួតប្រជែង ការច្នៃប្រឌិត និងផលិតភាពនៃទំនិញនិង សេវាកម្ម, ខណៈដែលហានិភ័យ និងបច្ច័យអវិជ្ជមានមួយចំនួន ពីបច្ចេកវិទ្យានេះត្រូវបានគ្រប់គ្រង។

បច្ចេកវិទ្យាឌីជីថល ក៏បានធ្វើទំនើបកម្មលើវិស័យហិរញ្ញវត្ថុ បង្កើតបាន ជាម៉ូដែលថ្មីមួយ ដែលគេហៅថា បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ FinTech សម្រាប់បំពេញតម្រូវការសេវាហិរញ្ញវត្ថុ ទាំងវិស័យ ធនាគារ និងមិនមែនធនាគារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយប្រើប្រាស់បច្ចេកវិទ្យាជាស្នូល។ ការអភិវឌ្ឍនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើរតួនាទី យ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចឌីជីថលជារួម និងដោយឡែកជួយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។ សេចក្តី ព្រាងគោលនយោបាយសេដ្ឋកិច្ចឌីជីថល បានបង្ហាញពីតម្រូវការនៃការរៀបចំ កសាង ប្រព័ន្ធបង់ប្រាក់ថ្នាក់ជាតិ ដែលជាផ្នែកមួយនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់ជំរុញការអភិវឌ្ឍវិស័យ ពាណិជ្ជកម្មតាម ប្រព័ន្ធ អេឡិចត្រូនិក , ការ ដឹកជញ្ជូន ចុងក្រោយ , និងសេវាអនឡាញនានា។

ទោះបីជា បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាមាន ការលូតលាស់គួរឱ្យកត់សម្គាល់, វិស័យនេះនៅតែប្រឈមនឹង បញ្ហាគន្លឺះៗ និងត្រូវការការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ពីស្ថាប័នរដ្ឋ និងឯកជន។ បញ្ហាមួយចំនួន នឹងត្រូវដោះស្រាយក្នុងក្របខណ្ឌរួម នៃគោលនយោបាយសេដ្ឋកិច្ចឌីជីថល ប៉ុន្តែយន្តការអន្តរស្ថាប័នអាចចូលរួម អភិវឌ្ឍវិស័យនេះជាបណ្តើរៗ។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និងសមាគមធនាគារនៅកម្ពុជា នឹងក្លាយជាបង្គោលចរថ្មីមួយ ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុ រួមទាំងការបណ្តុះធុរកិច្ចថ្មីលើវិស័យនេះ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង។

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ថ្មីៗនេះបានប្រែក្លាយខ្លួនជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមាន ភារកិច្ចចម្បង ក្នុងការបណ្តុះធុរកិច្ចថ្មី និងជំរុញឱ្យមាន ការចូលរួម អភិវឌ្ឍធុរកិច្ចថ្មី ក្នុងគោលដៅបង្កើនឱកាស ក្លាយជាអាជីវកម្មជោគជ័យដល់ធុរកិច្ចថ្មីទាំងនោះ។ កិច្ចសហការនេះ នឹងផ្តល់លទ្ធភាពដល់មជ្ឈមណ្ឌល បណ្តុះ ធុរកិច្ចថ្មី «តេជោ» ក្នុងការរៀបចំកម្មវិធីបណ្តុះធុរកិច្ចថ្មីបន្ថែមទៀតក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយមានគាំទ្រពី សមាគមធនាគារនៅកម្ពុជា និងធនាគារជាសមាជិក ជាបច្ចេកទេស និងការប្រឹក្សាយោបល់ធុរកិច្ចជាដើម។ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» នឹងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយ ស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងគោល នយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ៕