មន្រ្តីជាន់ខ្ពស់សង្គមកិច្ច៖ រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងកាត់បន្ថយជាអតិបរមានូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស


រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងបង្កើតរៀបចំចងក្រងផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយយុទ្ធសាស្រ្តផែនការ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឱ្យបានជាអតិបរមានូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។

អំពើជួញដូរមនុស្ស បាននិងងកំពុងកើតឡើងគ្រប់ទីកន្លែង ក្នុងរូបភាពភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះ បានជះឥទ្ធិពលជាអវិជ្ជមានដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។

នេះជាការលើកឡើងរបស់ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងឱកាស បើកសិក្ខាសាលាពិគ្រោះយោបល់ «ការអនុវត្តគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពី កិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស» នាថ្ងៃទី០១ ខែតុលា ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ឯកឧត្តមបានបន្តថា ក្រសួងសង្គមកិច្ច បានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ច សហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ។ ទោះបីក្រសួង សម្រេចបានសមិទ្ធផលជាច្រើន យ៉ាងណាក៏ដោយ ក៏ការការពារជនរងគ្រោះដោយអំពើជួញដូរ មនុស្សនៅមិនទាន់បានឆ្លើយតបបានទាំងស្រុងនៅឡើយទេ ជាពិសេស ការផ្តល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅ មានកម្រិតនៅឡើយ។

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានបញ្ជាក់ទៀតថា ក្រសួងសង្គមកិច្ចយល់ឃើញថា គោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិរបស់ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ត្រូវបានដាក់ឱ្យអនុវត្តអស់រយៈពេលជាង១០ឆ្នាំរួចមក ក្រសួងបានសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) អង្គការរតនៈអន្តរជាតិ (Ratanak International) និងសកម្មភាព អង្គការសហប្រជាជាតិ ដើម្បីសហប្រតិបត្តិការប្រឆាំងអំពើជួញដូរមនុស្ស (UN-ACT) និងអង្គការដៃគូពាក់ព័ន្ធ ក្នុងការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពឯកសារនេះ ដើម្បីឱ្យឯកសារនេះមានសុគត្តិភាព និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។

បន្ថែមពីលើនេះ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានឲ្យដឹងថា ដើម្បីពង្រឹងប្រសិទ្ធភាពថែមទៀ តនៃកិច្ចការពារសិទ្ធិ និងការគាំទ្រដល់ជនរងគ្រោះ យើងត្រូវពិនិត្យឡើងវិញនូវ គោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដែលបានដាក់ឱ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ២០០៩ ហេតុនេះ ក្រសួងត្រូវការមតិ និងយោបល់ដែលមានលក្ខណៈចូលរួម មានន័យថាការការកែសម្រួលឯកសារនេះត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធនានា ដោយរួមមាន ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងភ្នាក់ងារអង្គការសហប្រជាជាតិ នៅគ្រប់ដំណាក់កាលនៃការកែសម្រួល។

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា សង្ឃឹមថា ភាគីដែលបានចូលរួមនៅក្នុងថ្ងៃនេះ នឹងខិតខំអស់ពីកំលាំងកាយ កំលាំងចិត្ត ដើម្បីពិភាក្សា និងផ្តល់មតិ យោបល់ដ៏មានតម្លៃដល់សិក្ខាសាលានេះ ដើម្បីឲ្យក្រុមការងារបច្ចេកទេស បានកែសម្រួលលើគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិរបស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបម្រើឧត្តមប្រយោជន៍ ដល់ជនរងគ្រោះរបស់យើង៕