ឯកឧត្ដមបណ្ឌិត ថោង ខុន ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូជប៉ុន


នាព្រឹក​ថ្ងៃ​ទី​២១​ ខែ​មិនា​ ឆ្នាំ​២០១៧​ នៅ​ទី​ស្តី​ការ​ក្រសួង​ទេសចរណ៍​ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​ជាមួយ គណៈប្រតិភូជប៉ុន​ដែលដឹកនាំដោយលោក Kobayashi Kooichiroo សមាជិកសភានៃខេត្តអូកាយ៉ាម៉ា:
គោលបំណងនៃការពិភាក្សានេះ គឺដើម្បីសុំការគាំទ្រ ពីក្រសួងទេសចរណ៍កម្ពុជា ដើម្បីត្រៀមទទួលស្វាគមន៍​ភ្ញៀវទេសចរជប៉ុនប្រមាណ១៥០នាក់ នឹងធ្វើដំណើរមកទស្សនាកម្ពុជានៅខេត្តសៀមរាប តាមជើងហោះហើរ Cambodia Angkor Air និងសហការរៀបចំពិព័រណ៍ផលិតផល​នៅផ្សារអ៊ីអនម៉ល ហើយផលិតផលសម្រាប់ដាក់ ពិព័រណ៍នោះ ត្រូវបានយកមកពីខេត្តអូកាយ៉ាម៉ា ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីផលិតផលទេសចរណ៍ថ្មីៗពីគ្នាទៅវិញទៅមក រវាងកម្ពុជា-ជប៉ុន។
ឯកឧត្ដម​រដ្ឋមន្រ្តី​ បានសន្យាថានឹងយល់ព្រមផ្ដល់កិច្ចសហការជាមួយភាគីជប៉ុន ក្នុងដំណើរទស្សនកិច្ច និងការរៀបចំពិព័រណ៍នោះ ដើម្បីឲ្យកិច្ចការនេះ ទទួលបានភាពជោគជ័យ និងទទួលបានប្រយោជន៍ពីគ្នាទៅវិញទៅមក។
សូមជម្រាបថា ឆ្នាំ២០១៦ ជប៉ុនទទួលបានទេសចរអន្តរជាតិ ចំនួន ២៤,០៣៩,០៥៣នាក់ កើនឡើង២១.៨% ប្រៀបធៀបនឹងឆ្នាំ២០១៥។ ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៧ ជប៉ុនទទួលបានទេសចរអន្តរជាតិ ចំនួន ៤,៣៣១,៥០០នាក់ កើនឡើង២៣.៣% ប្រៀបធៀបនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦។
ដោយឡែក សម្រាប់កម្ពុជាវិញ នៅឆ្នាំ២០១៦ ក៏ទទួលបានទេសចរជប៉ុន ចំនួន ១៩១,៥៧៧នាក់ កើន០.៩%។ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរជប៉ុន ចំនួន ៤០,៧២០ កើនឡើង១៤.១%៕