ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ផ្តាំឲ្យប្រជាពលរដ្ឋកុំភ្លេចទៅបោះឆ្នោតឃុំ សង្កាត់ ដែលនិងប្រព្រឹត្ដទៅ នៅថ្ងៃ ០៤ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ


បន្ទាយមានជ័យ៖ នៅក្នុងជំនួបសាកសួរសុខទុក្ខប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារ នៅស្រុកបាលិលេយ្យ ក្រុងប៉ោយប៉ែត ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើ អោយប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត សូមត្រៀមខ្លួនដើម្បីទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អោយបានគ្រប់ៗគ្នា ព្រោះនៅសល់រយៈពេលខ្លីតែប៉ុណ្ណោះ ដែលការបោះឆ្នោតនឹងចាប់ផ្តើម គឺនៅថ្ងៃ ០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

ពិធីជួបសាកសួរសុខទុក្ខនេះធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ ដែលមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ និង មានការជួបជុំជាមួយមន្រ្តីគ្រូខ្មែរឥស្លាមចំនួន២២នាក់ មកពីទូទាំងខេត្តបន្ទាយមានជ័យ និងប្អូនៗយុវជនរបស់ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ខេត្តបន្ទាយមានជ័យផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបន្តថា សន្តិភាពទាំងមូលកើតឡើង ដោយសារតែការលះបង់ សាច់ស្រស់ ឈាមស្រស់របស់ប្រមុខរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នឹងប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា។ ហើយសន្តិភាពនៅតែបន្តកើតមានក៏ដោយសារតែការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់បងប្អូនក្នុងការជ្រើសរើសមេដឹកនាំដ៏ត្រឹមត្រូវ ហេតុនេះ សូមអោយការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ នៅតែបន្តជាមួយជម្រើសដ៏ល្អរបស់បងប្អូន ដើម្បីយើងបន្តរស់នៅលើនាវាសន្តិភាពជាមួយគ្នា និង ការអភិវឌ្ឍន៍ប្រទេសជាតិរួមគ្នា។

នៅក្នុងជំនួបនេះប្រជាពលរដ្ឋបានអបអរសាទរ និង កោតសរសើរពីការដឹកនាំ និងការផ្តល់នូវភាពកក់ក្តៅរបស់ប្រមុខរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ ស្របពេលជាមួយគ្នានេះដែរ លោកគ្រូអ្នកគ្រូខ្មែរឥស្លាម ក៏បានសម្តែងការត្រេកអរ ចំពោះដំណោះស្រាយរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយនូវទុក្ខលំបាករបស់ពួកគាត់ ដែលបង្រៀនទាំងគ្មានប្រាក់បៀវត្សរាប់ទស្សវត្សន៍កន្លងទៅ ប៉ុន្តែនាពេលនេះ ពួកគាត់ត្រូវបានរាជរដ្ឋាភិបាលសម្រេចបញ្ចូល ទៅក្នុងក្របខណ្ឌគ្រូបង្រៀនរបស់ក្រសួងអប់រំ យុវជន និង កីឡា របស់រដ្ឋ៕