ឯកឧត្តម ហ៊ុន ម៉ានី នាំយកអំណោយស្ថានទូតចិនប្រចាំកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់៨០០គ្រួសារ នៅខណ្ឌដង្


ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិត ចិនប្រចាំកម្ពុជា រួមទាំងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី បាននាំអំណោយចែកជូនប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់ ចំនួន៨០០គ្រួសារ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។

ពិធីចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះទាំង ៨០០គ្រួសារ នៅខណ្ឌដង្កោ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ដែលត្រូវប្រារព្ធឡើងនៅទីតាំងចំនួន២ ក្នុងនោះចំនួន ២៧៥គ្រួសារ នៅក្នុងសង្កាត់ក្រាំងពង្រ និង ៥២៥គ្រួសារទៀត នៅតំបន់ទីទួលសុវត្ថិភាព ក្នុងបុរីពិភពថ្មីគួរស្រូវ២ ដោយអំណោយទំាងនោះរួមមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានណែនាំនឹងជំរុញឱ្យកងកម្លាំងទាំងអស់ ធ្វើយ៉ាងណាសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឱ្យមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលរាជធានី បានបញ្ជាក់ថា នៅពេលដែលបានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពបានដោយជោគជ័យហើយ អាជ្ញាធរ និងរាជរដ្ឋាភិបាលនៅតែបន្តគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះបន្តទៀត ដូចជាការផ្តល់អំណោយមនុស្សធម៌ ជាមួយនឹងការចែកអាហារហូបចុកគ្រប់គ្រាន់ ខណៈដែលការសង្រ្គោះប្រជាពលរដ្ឋនេះ គឺធ្វើឡើងដោយមិនគិតពីនិន្នាការនយោបាយ ឬគណបក្សណានោះឡើយ ពោលឱ្យតែប្រជាពលរដ្ឋដែលទទួលរងគ្រោះ គឺជួយទាំងអស់ជាមួយនឹងការផ្ដល់អំណោយជូនពួកគាត់ផងដែរ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា៖ «ស្ថិតនៅក្នុងស្ថានភាពមហន្តរាយនេះ កងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រោមការចង្អុលបង្ហាញជាប់ជាប្រចាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានម្ចាស់ការខ្ពស់សហការរួមគ្នាដោយធ្វើការសង្គ្រោះទាន់ពេលវេលា ដោយជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់ដែលរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព និងបានផ្គត់ផ្គង់ម្ហូបអាហារ ទឹកសុទ្ធ បង្គន់អនាម័យ និងទីកន្លែងស្នាក់នៅបណ្ដោះអាសន្នសមរម្យ ពោល គឺពុំមានអ្នកណាម្នាក់ត្រូវរងគ្រោះបាត់បង់ជីវិតនៅឡើយ»

ឯកឧត្តម វ៉ាង វិនធាន បានថ្លែងថា ប្រទេសចិន-កម្ពុជា មានទំនាក់ទំនង និងជាបងប្អូនជាមួយគ្នាយ៉ាងល្អ ចេះជួយយកអាសារគ្នាទៅ វិញទៅមក ហើយក្នុងស្ថានភាពកម្ពុជារងគ្រោះដោយគ្រោះធម្មជាតិនេះ រដ្ឋាភិបាលចិន សូមចូលរួមរំលែកទុក្ខ និងរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំកម្លាំងសរុប មធ្យោបាយសរុប ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាមកកាន់ទីទួលសុវត្ថិភាព ដែលធានាឱ្យប្រជាពលរដ្ឋមាន សុវត្ថិភាព និងរស់នៅសមរម្យនៅតំបន់ទីទួលសុវត្ថិភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្តាំផ្ញើដល់បងប្អូនកំពុងជួបប្រទះនូវគ្រោះជំនន់ទឹកភ្លៀង ត្រូវគិតគូរពីបញ្ហាសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ ជាពិសេសកុមារតូចៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ បន្ថែមពីនេះត្រូវគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត បរិភោគទឹកដាំឆ្អិន ឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។

សូមបញ្ជាក់ថា ចាប់ពីតំាងពីថ្ងៃទី១៣ ខែតុលាមក គ្រោះទឹកជំនន់ដែលបណ្តាលមកទឹកទឹកស្ទឹង ព្រែកត្នោត បានបង្កឱ្យមានការលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងនៅក្នុងខណ្ឌដង្កោ ខណ្ឌកំបូល និងមួយផ្នែកទៀត នៅខណ្ឌពោធិសែនជ័យ ហើយភ្លាមៗនោះ លោក ឃួង ស្រេង ក្រោមការបញ្ជាផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន បាននាំយកជំនួយមនុស្សធម៌មានគ្រឿង ឧបភោគបរិភោគជាច្រើនមុខរួមទាំងថវិកា ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ដើម្បីដោះស្រាយជីវភាពក្នុងអំឡុងពេលរងគ្រោះដោយទឹកជំនន់នេះ៕