សម្ដេចតេជោ ហ៊ុន សែន៖ ពិធីបុណ្យអុំទូកមិនប្រារព្ធ តែពិធីសំពះព្រះខែ និងការឈប់សម្រាក នៅតែអនុវត្តន៍ដដែល


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា បើទោះបីជានៅក្នុងឆ្នាំនេះ រាជរដ្ឋាភិបាល សម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដោយ ប៉ុន្ដែពិធីសំពះព្រះខែនៅតែធ្វើ ហើយការឈប់សម្រាក នៅតែអនុវត្តន៍ដដែល។

ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋាន ដំណើរការសាងសង់ ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃ៣០ បុណ្យអុំទូក នឹងចាប់ផ្ដើម […] បើទោះបីជាយើងចង់អុំទូក ក៏អុំអត់បានដែល នៅក្នុងឆ្នាំនេះ តែដោយសារកូវីដ យើងបានលុបចោល ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅទីក្រុងភ្នំពេញ […] យើងគ្រាន់តែមិនចាត់តាំងអុំទូកតែប៉ុណ្ណោះ រឿងសំពះព្រះខែ អកអំបុក នៅតាមផ្ទះ គឺនៅតែធ្វើ ហើយមន្ដ្រីរាជការ កម្មករ កម្មការិនី ក៏នៅតែបន្ដការឈប់សម្រាកដដែល»

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅថ្ងៃឈប់ខាងមុខនេះ ច្បាស់ណាស់ ពិតជាមានទេសចរណ៍ ចេញពីគោលដៅទេសចរណ៍មួយ ទៅគោលដៅទេសចរណ៍មួយទៀត ដូច្នេះសេដ្ឋកិច្ចរបស់កម្ពុជា នៅតែដើរ បើទោះបីជាថយថមយ៉ាងណាក្ដី ហើយប្រាក់ចំណូល បើទោះបីជាថមថយ ក៏នៅតែមានប្រាក់ចំណូល ដែលអាចទ្រទ្រង់ បាននូវថវិកាសម្រាប់ឲ្យរាជរដ្ឋាភិបាល យកមកបើកប្រាក់ប្រៀវត្ស ឲ្យមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការចំណាយដទៃទៀតផងដែរ។

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានឲ្យដឹងផងដែរថា នៅឆមាសទី១ ឆ្នាំ២០២០នេះ ប្រទេសកម្ពុជា មានអតិរេកសាច់ប្រាក់ ប្រមាណជិត២០០លានដុល្លារ រវាងចំណូល និងចំណាយ ប៉ុន្ដែសម្រាប់ឆមាសទី២ ចំណូល និងចំណាយ មានការត្រដំត្រសងគ្នា។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០។ នេះបើយោងតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើជូនសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលអង្គភាពព័ត៌មាន ទទួលបាននាពេលកន្លងមក បានឲ្យដឹងថា ការសម្រេចនេះ ធ្វើឡើងតាមសំណើរបស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ។

បើទោះបីជាយ៉ាងណា ក្នុងលិខិតនេះ មិនទាន់បានបញ្ជាក់ពីមូលហេតុ នៃការសម្រេចផ្អាកប្រារព្ធព្រះរាជពិធី ជាព្រះរាជប្រវេណីរបស់ខ្មែរនេះ នៅឡើយទេ។

លោក ប៊ូ ជុំសិរី មន្ត្រីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានប្រាប់  ឲ្យដឹងថា ការសម្រេចផ្អាកនេះ ដោយយោងទៅលើស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩។ លោកបានប្រាប់ថា ពិធីបុណ្យនេះ គឺមានការប្រមូលផ្តុំច្រើនណាស់ គឺមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ១៩។

លោកបានបញ្ជាក់ដូច្នេះថា «អត់មានបញ្ហាអ្វីទេ គឺរឿងកូវីដ១៩ គឺប្រឈមខ្លាំងណាស់។ យើងត្រូវផ្អាកព្រះរាជពិធីនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺនេះ»

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធធ្វើឡើងនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំងក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ដែលឆ្នាំ២០២០នេះ ត្រូវនឹងថ្ងៃទី៣០, ៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នៅតាមទន្លេសាប។ តែព្រះរាជពិធី ក៏ធ្លាប់បានផ្អាកផងដែរ ពេលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យាងសោយទិវង្គត និងពេលកម្ពុជាជួបនឹងវិបត្តិទឹកជំនន់ ឬវិបត្តិសង្គមផ្សេងៗ៕