លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅព្រះមហាសក្យមុនីចេតីយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ដែលស្ថិតនៅក្នុង ស្រុកពញាឮ ខេត្តកណ្តាល ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ។
ពិធីបុណ្យវិសាខបូជាដ៏អធិកអធមនេះ ក៏មានរៀបចំតាមកម្មវិធីដូចតទៅ ១. ចម្រើនព្រះបរិត្ត ២. សម្តែងព្រះធម៌ទេសនា ៣. រាប់បាត្រព្រះសង្ឃ ។ ពិធីនេះក៏មានការយាង និមន្ត អញ្ជើញចូលរួមពីសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះអភិ សិរីសុគន្ធា មហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា មន្ត្រីរាជការ ព្រមទាំង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។​
នៅក្នុងឱកាសនោះលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយក៏បាននាំយកគ្រឿងសក្ការបូជា មាន ផ្កាភ្ញី ទៀន ធូប ចង្ហាន់ និង ម្ហូបខ្ចប់ជាកញ្ចប់ ដាក់បាត្រ ប្រគេនព្រះសង្ឃ ចំនួន៣០០អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ មាតា បិតា ជីដូន ជីតា ញាតិកាទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខ ពិសេស ឧទ្ទិសកុសលជូនដល់អ្នកដែលបាត់បង់ ជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ និងអ្នកបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សូមបានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ ហើយសូមឱ្យគុណបុណ្យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមឃុំគ្រង ជួយបីបាច់ថែរក្សាប្រជាជន និងប្រទេស កម្ពុជាទាំងមូលឲ្យជួបតែសេចក្តីសុខ សប្បាយ និងមានភាពរីកចម្រើនតរៀងទៅ។
តាមប្រវត្តិនៃពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថា ជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់ សម្រាប់រំលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូ នាថ្ងៃពេញបូណ៌មី (គឺថ្ងៃ ១៥កើត) ខែពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ៕