សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រំលឹកអំពីការតស៊ូរំដោះប្រជាជនកម្ពុជា​ចេញពី​​របប​ប្រល័យពូជសាសន៍ ប៉ុល ពត យ៉ាងជូរចត់បំផុត


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន………………
ទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១)នៃថ្ងៃដែល ខ្ញុំ​សម្រេច​ចិត្តដោយការ​ឈឺ​ចាប់​យក​ជីវិត​ធ្វើ​ដើម​ទុន​ដើម្បី​តស៊ូរំដោះប្រជាជនកម្ពុជា​ចេញពី​​របប​ប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះ​ខ្លួនខ្ញុំ និង​ប្រជាជន​កម្ពុជា កំពុងទទួល​បាននូវ​សេចក្តីសុខ តែខ្ញុំមិនដែលភ្លេច​នូវ​ទឹកភ្នែក​រាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែល​ខ្ញុំឈាន​ជើង​ចេញ​ពីមាតុ​ភូមិ​ចោល​ប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំ​អត់មាន​ជម្រើស​ឲ្យល្អ​ជាងនេះ​ទេ ព្រោះ​យើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការ​រីក​ចម្រើន​រហូត សព្វថ្ងៃនេះ។
ខ្ញុំធ្លាប់បានរៀបរាប់ពីប្រវត្តិដ៏ឈឺចាប់នេះច្រើនដងហើយ តែខ្ញុំមិនទាន់បានបញ្ចេញនូវចម្ងល់ក្នុងចិត្តខ្ញុំទាក់ទងជាមួយប្រវត្តិនេះ ដែលតាំងជាសំនួរថា ប្រសិន​បើខ្ញុំ​មិន​សម្រេច​ចិត្ត​ដឹកនាំ​ការតស៊ូ​ដោយ​ចាប់ផ្តើមពីថ្ងៃ២០ មិថុនា ១៩៧៧ ទេតើពេលនោះពួក ប៉ុល ពត សម្លាប់ខ្ញុំនៅឯណា? ដោយវិធីណា?។ សំនួរ​បន្ទាប់​តើមានអ្នកស្នេហាជាតិ​ណាផ្សេងទៀត​បង្កើត​ឡើង​នូវកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គាះជាតិជំនួសខ្ញុំដែរឬទេ? តើដំណើរឆ្ពោះមករំដោះប្រទេសពីរបប ប៉ុល ពត កើតមានឡើងបានដោយរបៀបណា? តើមាន​ដំណោះស្រាយ​តាម​រយៈការ​ចចារ និងកិច្ចព្រមព្រៀងប៉ារីសឬទេ? និងចុងក្រោយតើមាន នយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព និង​ការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ​ឬទេ?
សំនួរ​សង្ខេបទាំងនេះ តែងបង្កប់ក្នុងខួរក្បាលខ្ញុំជានិច្ច ហើយខ្ញុំក៏មិនអាចឆ្លើយជាមួយសំនួរនេះដោយខ្លួនឯងបានដែរ ខ្ញុំទុកជូនបងប្អូនជនរួមជាតិមេត្តាជួយរកចម្លើយ៕