សម្ដេចក្រឡាហោម ស ខេង៖ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខែសីហាមានការកើនឡើង ខណៈចំនួនគ្រោះថ្នាក់ថយចុះ


(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខែសីហាកន្លងទៅ មានការកើនឡើងបើធៀបនឹងខែកក្កដា ប៉ុន្ដែចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះទៅវិញ។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះចំនួនអ្នកដែលបានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខែសីហាកន្លងទៅ ដែលមានចំនួន១២៣នាក់ ខណៈអ្នកស្លាប់ដោយសារគ្រោះថ្នាក់សង្គមមួយនេះ កាលពីខែកក្កដា មានត្រឹម១០៧នាក់។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖

«ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិនូវរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ដែលយើងបានមើលឃើញថា ករណីគ្រោះថ្នាក់នេះបានបណ្តាលឲ្យអត្រាជនរងគ្រោះបាត់បង់ជីវិតមានការកើនឡើង នៅពេលដែលអត្រាអ្នករងរបួសមានចំនួនថយចុះ ធៀបនឹងខែកក្កដា កន្លងទៅនេះ។

ជាប្រការគួរឲ្យសោកស្ដាយបំផុតនោះដ្បិតតែនៅក្នុងខែសីហា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន១៩៩លើក ថយចុះចំនួន៩លើក ហើយអ្នករងរបួសមានចំនួន២៤១នាក់ ថយចុះ៤១នាក់។ ប៉ុន្តែចំនួនអ្នកស្លាប់ មានដល់ទៅ១២៣នាក់ ដែលកើនរហូតដល់ទៅ១៦នាក់ ធៀបនឹងខែកក្កដាមុននេះ ដែលមានអ្នកស្លាប់ចំនួន១០៧នាក់។

ជាការកត់សម្គាល់ កំណើនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហានេះ គឺការធ្វើដំណើរនៅក្នុងឱកាស នៃពិធីសែនក្បាលទឹក ដែលមានជនរងគ្រោះស្លាប់ចំនួន១៥នាក់ របួស៣២នាក់ និងការធ្វើដំណើរនៅរៀងរាល់ថ្ងៃចុងសប្ដាហ៍ផងដែរ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានថមថយ ហើយការធ្វើចរាចរណ៍មានកំណើនឡើងវិញ។

ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហា ឆ្នាំ២០២១នេះ បើប្រៀបធៀបទៅនឹងខែសីហា ឆ្នាំ២០២០កន្លងទៅវិញ គឺបានថយចុះចំនួន៧៩លើក ស្មើនឹង២០ភាគរយ និងរបួសបានថយចុះចំនួន១៩៩នាក់ ស្មើនឹង៤៥ភាគរយ គឺកើនតែអ្នកស្លាប់ចំនួន២នាក់ស្មើនឹង២ភាគរយ។

ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវដោយទទូច ដល់បងប្អូនជនរួមជាតិទាំងអស់ សូមមានស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ពេលវេលា នៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឲ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។

ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបន្តរឹតបន្តឹងការអនុវត្តឲ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង»៕