អ្្នកជំនាញនៃអង្គការយូណេស្កូ បង្ហាញភាពមហន្តរាយនៃបេតិកភណ្ឌជុំវិញពិភពលោកដើម្បីរំឭកដល់ការអភិរក្សរមណីយដ្ឋានអង្គរ


នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី២៨ នៃគណៈកម្មាធិការ ICC-Angkor កន្លងទៅថ្មីៗនេះ អ្នកជំនាញAd Hoc នៃអង្គការយូណេស្កូ បានធ្វើបទបង្ហាញមួយចំនួន ដោយបានលើកករណីការបំផ្លិចបំផ្លាញបេតិកភណ្ឌតាមរយៈសង្គ្រាមស៊ីវិល។ ការលើកករណីនេះមកបង្ហាញក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការ ICC-Angkor ជាការរំឭកដល់ស្ថាប័នពាក់ព័ន្ធឲ្យយកចិត្តទុកដាក់ខ្ពស់លើការអភិរក្សបេតិកភណ្ឌអង្គរ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំនេះកាលពីថ្ងៃទី២២ ខែមិថុនា ថា អ្នកជំនាញជាន់ខ្ពស់បានធ្វើបទបង្ហាញនូវផលវិបាករបស់សង្រ្គាមចំពោះសំណង់បេតិកភណ្ឌ ដោយបានបង្ហាញពីការបំផ្លាញបេតិកភណ្ឌជាច្រើននៅលើពិភពលោក តាមរយៈរូបភាពនានានៅក្នុងសង្រ្គាម។
លោកជំទាវបន្ថែមថា “ក៏ប៉ុន្តែ យើងដឹងហើយប្រទេសរបស់យើងមិនមានសង្គ្រាមទេ ដូច្នេះការណ៍មួយចំនួនដែលអ្នកជំនាញ ឬក៏អ្នកចូលរួមក្នុងកិច្ចប្រជុំអាយស៊ីស៊ី លើកឡើងគឺគេមានការបារម្ភចំពោះសំណង់អនាធិបតេយ្យមួយចំនួន ដែលកើតឡើងនៅក្នុងតំបន់អង្គរយើងនេះទេ ព្រោះហេតុអី្វ? យើងត្រូវយល់ថា តំបន់អង្គរ បានចុះបញ្ជីទៅក្នុងបេតិកភណ្ឌពិភពលោកហើយ នៅពេលដែលយើងចុះបញ្ជីបេតិកភណ្ឌពិភពលោក កម្ពុជាមានកាតព្វកិច្ចត្រូវគោរពនូវស្តង់ដារអន្តរជាតិមួយចំនួន អញ្ចឹង នៅពេលដែលស្តង់ដារអន្តរជាតិមួយចំនួនត្រូវបានរំលោភ យើងនឹងមានការព្រួយបារម្ភ មិត្តភក្តិរបស់យើងទាំងក្នុង និងក្រៅប្រទេស តែងតែយកចិត្តទុកដាក់ ដូចជាជួយណែនាំ ជួយរំឭកថា មានកិច្ចការដែលត្រូវត្រួតពិនិត្យមើល កុំឱ្យរឿងហ្នឹងហួសពេល”។
លោកជំទាវប្រធានអាជ្ញាធរបន្ថែមថា “បាតុភាពខ្លះ តែកើតឡើងហើយមិនអាចត្រឡប់មកវិញបានទេ អញ្ចឹងកិច្ចការដែលខិតខំប្រឹងប្រែងការពារទាំងអស់គ្នានេះ វាអាចជាឧទាហរណ៍មួយដែរ ដែលយើងត្រូវខិតខំ កុំឲ្យវាហួសពេលទាន់។ ម្យ៉ាងទៀតត្រូវដឹងថា កម្ពុជាមិនមែនមានតែតំបន់អង្គរមួយទេ យើងបានចុះបញ្ជីតំបន់អង្គរ ប្រាសាទព្រះវិហារ យើងនៅមានតំបន់ផ្សេងៗទៀតដូចជា សម្បូណ៌ព្រៃគុក បន្ទាយឆ្មារ ព្រះខ័ន ឬក៏តំបន់បេតិកភណ្ឌមួយចំនួននៅភ្នំគូលែនដែរ។ ដូច្នេះបើការថែរក្សាតំបន់ដែលចុះក្នុងបញ្ជីហើយ យើងគ្រប់គ្រងមិនបានដិតដល់វាអាចផ្តល់ការលំបាកដល់ការចុះបញ្ជីថ្ងៃក្រោយទៀត។ បើយើងចង់ចុះ បញ្ជីសម្បូណ៌ព្រៃគុក បន្ទាយឆ្មារ គេអាចនិយាយថា ឥឡូវគ្រាន់តែតំបន់អង្គរគ្រប់គ្រង មិនបានផង ទៅចុះបញ្ជីអីផ្សេងទៀត។ អានេះមួយគឺជារឿងដែលយើងបារម្ភពីបេតិកភណ្ឌជាតិនានា ដែលនឹងត្រូវចុះបញ្ជីនៅថ្ងៃខាងមុខ ក៏ដូចជាបារម្ភនឹងចំណាត់ថ្នាក់អង្គរទៅក្នុងតំបន់ដែលងាយរងគ្រោះ ពីព្រោះនៅពេលដែលសំណង់ ឬការរៀបចំ ខ្វះសណ្តាប់ធ្នាប់ វាអាចធ្វើឱ្យយើងមានភាពងាយរងគ្រោះ ប៉ុន្តែយើងត្រូវដឹងថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាតិអប្សរា គឺថាយើងមានឆន្ទៈខ្ពស់ក្នុងការថែរក្សា”៕