ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានអញ្ជើញបើកកិច្ចប្រជុំលើកទី២ក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន) នៅទីស្តីការក្រសួង តាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និងកោត សរសើរចំពោះការចូលរួមនិងសមិទ្ធផលសម្រេចបានរបស់ក្រុមប្រឹក្សា ក.ជ.វ.ប.ន នាពេល កន្លងមក ហើយនេះជាលើកទី២ ដែលកិច្ចប្រជុំ ក.ជ.វ.ប.ន. ត្រូវបានរៀបចំឡើង បន្ទាប់ពី កិច្ចប្រជុំលើកទី១ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបន្តថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសរបស់ ក.ជ.វ.ប.ន. បានចាប់យកវិស័យ វ.ប.ន. ជាមូលដ្ឋានគ្រឹះដ៏ សំខាន់សម្រាប់បង្កលក្ខណៈឱ្យប្រទេសកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យប្រកបដោយមហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ចំពោះគោលនយោ បាយជាតិស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.)ឆ្នាំ២០២០-២០៣០ ត្រូវបានដាក់ឱ្យអនុវត្តន៍ និងផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ត្រូវបានសម្រេចអនុម័តដោយ ក.ជ.វ.ប.ន.នៅក្នុងកិច្ចប្រជុំលើកទី១ ។ សូមរម្លឹកផងដែរថា ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០ មានសសរស្តម្ភចំនួន៥ ដែលរួមមាន៖ ១-អភិបាលកិច្ច, ២-ការអបរំ, ៣-ការស្រាវជ្រាវ និងអភិវឌ្ឍន៍, ៤-កិច្ចសហការ, និង ៥-ប្រព័ន្ធអេកូឡូស៊ី។ ផែនទីបង្ហាញផ្លូវនេះ គឺជាត្រីវិស័យដ៏ចាំបាច់សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ក្រោមកិច្ចសម្រសម្រួលរបស់ ក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន) ដែលផែនការអនុវត្តត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈទី៥ នៃកិច្ចប្រជុំក្នុងថ្ងៃនេះ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានចាត់ទុកសមិទ្ធផលថ្មីៗក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) បាននិងកំពុងដើរតួនាទីជាស្នូលដល់វឌ្ឍនភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាដែលរួមមាន៖ របៀបវារៈស្រាវជ្រាវជាតិ, កម្មវីធី GO-SPIN (Global Observatory of Science, Technology and Innovation Policy Instruments), ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, ផែនទីបង្ហាញផ្លូវ បច្ចេកវិទ្យាអបរំ និងបច្ចេកវិទ្យាសុខាភិបាល និងបច្ចេកវិទ្យាកសិកម្ម។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានលើកឡើងលើទស្សនៈវិស័យក្នុងការដឹកនាំសម្របសម្រួលក្នុងវិស័យស្ដីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាលើកិច្ចការមួយចំនួនផ្សេងទៀតសម្រាប់ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូនវានុវត្តន៍ជាតិស្របតាមគោលនយោបាយ ជាតិស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២០-២០៣០ និងការចង្អុលបង្ហាញរបស់ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០។
លើសពីនេះទៀត សម្រាប់គំនិតផ្តួចផ្តើមទាំងនោះរួមមាន ការរៀបចំបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រ, ការរៀបចំគោលនយោបាយនវានុវត្តន៍ឧស្សាហកម្មកម្ពុជា, ការអង្កេតថ្នាក់ជាតិស្តីពី វ.ប.ន., ការរៀបចំបង្កើតសួន វ.ប.ន. , ការពង្រឹងនិងលើកតម្កើងកម្មវិធី STEM (Science Technology Engineering Mathematics) ក្នុងចំណោមយុវជន, និងការទាក់ទាញបុគ្គលដែលមាន ទេព្យកោសល្យពីបរទេស (Talent Grant In) ជាដើម។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបង្ហាញនូវក្តីសង្ឈឹមដ៏មុតមាំចំពោះការបង្កើនកិច្ចសហការក្នុងវិស័យ វ.ប.ន. និងការពង្រឹងសាម្គីភាពអនុវត្តន៍ការងារដើម្បីប្រយោជន៍ជាតិជារួម និងលើកទឹកចិត្តឱ្យមានការចូលរួមផ្តល់ទស្សនទាននានាក្នុងកិច្ចប្រជុំនេះ ដើម្បីជាធាតុចូលសម្រាប់កិច្ចអភិវឌ្ឍន៍វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា៕


