សម្ដេចប្រធានរដ្ឋសភា អបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម


សម្ដចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានសម្ដែងការចូលរួមអបអរសាទរជាមួយបងប្អូនដែលមានខ្សែស្រឡាយកាត់ចិន និងវៀតណាម នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមពេលនេះ។

នៅលើផេកហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា សេរីភាពខាងជំនឿ សាសនា ត្រូវបានធានាដោយច្បាប់។ ភាពសុខដុមខាង ជាតិសាសន៍ ជំនឿ សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានផ្តល់លទ្ធភាពឱ្យយើងបានកសាង អភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើន ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខដូចជាសព្វថ្ងៃ ចេះគោរពគ្នាទៅវិញទៅមក ទោះបីមានជំនឿ មានសាសនាផ្សេងគ្នាយ៉ាងណាក្តី។ សម្ដេចប្រធានរដ្ឋសភាបានអំពាវនាវសូមបងប្អូន កូនក្មួយទាំងអស់ ប្រុងប្រយ័ត្ន ចំពោះភ្លើងទៀនធូបក្នុងពេលសែនព្រេននេះឱ្យបានខ្ពស់បំផុតចៀសវាងគ្រោះអគ្គិភ័យដែលអាចកើតមាន ឡើងជាយថាហេតុ។

ជាមួយគ្នានេះ សម្ដេចប្រធានក៏សូមបងប្អូនកូនក្មួយ បានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន ធ្វើដំណើរកម្សាន្តគ្រប់ទីកន្លែង មានអធ្យាស្រ័យគ្នាល្អ គោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា ពិសេសកុំភ្លេចអនុវត្តន៍វិធានការសុខាភិបាល ការពារជំងឺកូវីដ-១៩ បានហ្មត់ចត់ មិនត្រូវធ្វេសប្រហែសឡើយ។ ឆ្លៀតឱកាសនេះ សម្ដេចពញាចក្រីក៏សូមជូនពរបងប្អូនជនជាតិចិន និងវៀតណាម ទាំងអស់ដែលកំពុងរស់នៅ វិនិយោគ ប្រកបកិច្ចការនានានៅកម្ពុជា ជួបតែសេចក្ដីសុខចម្រុងចម្រើន និងទទួលបានលាភសំណាងគ្រប់ៗគ្នា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីនេះ៕