ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖ ការទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាមហាកិត្តិយសដ៏ធំធេងឧត្តុង្គឧត្ដម វិសេសវិសាល សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា និងស័ក្តិសមបំផុតចំពោះសម្តេចតេជោ


នៅក្នុងសារលិខិតអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងថា ការទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២» (SUNHAK PEACE PRIZE 2022» របស់សម្តេចតេជោនាពេលនេះ គឺជាមហាកិត្តិយសដ៏ធំធេងឧត្តុង្គឧត្ដម វិសេសវិសាល សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ពានរង្វាន់នេះស័ក្តិសមបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលពិតជារដ្ឋបុរសប្រកបដោយគំរូវីរភាពថ្លៃថ្លា គតិបណ្ឌិត និងទេពកោសល្យនយោបាយដ៏ខ្ពង់ខ្ពស់ ជា «បិតាស្ថាបនិកសន្តិភាព» ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបញ្ញាញាណឈ្លាសវៃ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុងឧត្តម ដើម្បីសន្តិភាព ជូន មាតុភូមិ និងប្រជាជនកម្ពុជា។

សម្ដេចបានរួមចំណែកយ៉ាងធំធេង ដែលជាតិ និងប្រជាជនកម្ពុជាមិនអាចខ្វះបានក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានចាប់ផ្តើមពីថ្ងៃ២០ មិថុនា ឆ្នាំ១៩៧៧ និងបន្ទាប់មកនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចបានបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញលេញ មានការធានាឯករាជ្យ និងអធិបតេយ្យជាតិ មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនថ្កុំថ្កើងរុងរឿងខ្ពស់ត្រដែតល្បីល្បាញ នៅ លើឆាកអន្តរជាតិ។

លោកបានគូសបញ្ជាក់បន្ថែមថា៖ «ខ្ញុំយល់ថា ពានរង្វាន់សន្តិភាពស៊ុនហាក់នេះ គឺមានអត្ថន័យជារង្វាន់សន្តិភាព ( NOBEL ដែលយកកត្តានយោបាយជាមូលដ្ឋានដែលអត់ទាក់ទងនឹងសន្តិភាពសោះ) ការពិតរង្វាន់សន្តិភាព NOBEL បើមាន លក្ខណៈស្វែងរកសន្តិភាពពិតមែន គឺត្រូវផ្តល់ជូន សម្តេចក្រោយពីនយោបាយឈ្នះឈ្នះ របស់ សម្តេច តេជោ តាំងពីឆ្នាំ១៩៩៨ ហើយនៅពេលថ្មីៗនេះ សម្ដេចតជោ ក៏បានខិតខំស្វែងរកសន្តិភាពជូនបរទេស មីយ៉ាន់ម៉ាដែរ ដែលផ្អែកលើ Consensus ៥ ចំនុចដែលចាំបាច់ត្រូវអនុវត្តចំនុចទី១មុនជាចាំបាច់ តែមជ្ឈដ្ឋាននយោបាយខ្លះពុំបានយល់ច្បាស់ អំពី Consensus ៥ ចំនុចនេះទេ៕