ក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៧


នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានីខេត្ត និងតំណាងមកពីក្រសួងស្ថាប័ន្ធពាក់ព័ន្ធ និងផ្នែកឯកជន សរុបប្រមាណ ៣០០នាក់។
អង្គប្រជុំបានពិនិត្យ និងឆ្លុះបញ្ចាំងទៅលើរបាយការណ៍លទ្ធផលដែលក្រសួងទេសចរណ៍សម្រេចបាននៅក្នុងឆមាសទី១ ឆ្នាំ២០១៧ អំពីបញ្ហាប្រឈម និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៧ ដែលឡើងរាយការណ៍សង្ខេបដោយ អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សហកម្មទេសចរណ៍ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។
បន្ទាប់ពីឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការ ឡើងរាយការណ៍ពីលទ្ធផលការងាររបស់គណៈកម្មាការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរ និងអ្នកដំណើរនៅតំបន់ច្រកព្រំដែនអន្តរជាតិ និងច្រកទ្វារ អន្តរជាតិ និងការឡើងធ្វើបទបង្ហាញដោយលោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ស្តីពីវឌ្ឍនភាពនៃដំណើរ ការរៀបចំចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១ ឆ្នាំ២០១៧ រួចមក ឯកឧត្តម ថោង ខុន ប្រធាន អង្គប្រជុំ បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង និងមន្ទីរទេសចរណ៍រាជធានីខេត្ត ដូចខាងក្រោម៖
១-ពង្រឹងការគ្រប់គ្រងអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធ Online និងធ្វើអោយសេវាខិតជិតប្រជាពលរដ្ឋ ពោលគឺត្រូវផ្តល់សេវាសាធារណៈជូនអតិថិជន អាជីវករ និងសេវាករ អោយបានលឿនរហ័ស និងមានតម្លាភាព។
២-ជម្រុញការរៀបចំស្តង់ដារគ្រប់សេវាកម្មទេសចរណ៍ទាំងអស់ (សេវាមួយ ស្តង់ដារមួយ) ពិសេសយកចិត្តទុកដាក់ដល់ស្តង់ដារ MICE ស្តង់ដារសណ្ឋាគារបៃតង និងជម្រុញការរៀបចំស្តង់ដារសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក (River Cruise និង Ocean Cruise)។
៣-បន្តពង្រឹងយន្តការគ្រប់គ្រងមគ្គុទ្ទេសក៏ទេសចរណ៍ តាមប្រព័ន្ធ QR Code ដោយត្រូវសហការគ្នាជាប្រព័ន្ធជាមួយនគរបាលទេសចរណ៍ និងអង្គភាពពាក់ព័ន្ធ។ ជម្រុញការបណ្តុះបណ្តាលមគ្គុទ្ទេសក៏ទេសចរណ៍ បើកវគ្គវិក្រឹត្យការ មគ្គុទ្ទេសក៏ទេសចរណ៍ និងការរៀបចំប្រលងជ្រើសរើសសេវាមគ្គុទ្ទេសក៍ទេសចរណ៍ឆ្នើម។
៤-ជម្រុញការបង្កើតគណៈកម្មការដោះស្រាយវិវាទទេសចរណ៍
៥-ជម្រុញចលនាទេសចរណ៍ក្នុងស្រុក ដោយសហការជាមួយផ្នែកឯកជនរៀបចំជាកញ្ចប់ទស្សនកិច្ចក្នុងស្រុក និង ពង្រឹងការគ្រប់គ្រងមណ្ឌលព័ត៌មាន និងបញ្ជរព័ត៌មានទេសចរណ៍នៅតាមរាជធានី-ខេត្ត ទូទាំងប្រទេស។
៦-ជម្រុញការគ្រប់គ្រង និងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ ដោយត្រូវធ្វើឲ្យមានការប្រែប្រួល និងមានស្តង់ដារ ច្បាស់លាស់ ពិសេសគឺត្រូវរៀបចំអោយមានអ្នកគ្រប់គ្រង (Site Manager) និងមានផែនការមេអភិវឌ្ឍន៍ (Master Plan) ព្រមទាំងជម្រុញការរៀបចំ និងបង្កើតសហគមន៍ទេសចរណ៍ ដោយសហការជាមួយក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។
៧-បង្កើនការឃោសនា និងផ្សព្វផ្សាយទេសចរណ៍នៅតាមទីផ្សារទេសចរណ៍សំខាន់ៗ ពិសេសទីផ្សារចិន តាមរយៈការចូលរួមពិព័រណ៍ និងធ្វើ Road Show ពង្រឹងការផ្សព្វផ្សាយតាម Digital Marketing (Website, Facebook, Mobile App) ការផលិត Spot Video ផ្សព្វផ្សាយទេសចរណ៍កម្ពុជាដើម្បីយកទៅក្រៅប្រទេស និងការរៀបចំបង្កើតក្រុមប្រឹក្សា សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាអោយបានរហ័ស។
៨-ជម្រុញការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍នៅតាមរាជធានីខេត្តទាំងអស់ និងជម្រុញទាក់ទាញ ការវិនិយោគលើវស័យទេសចរណ៍។
៩-ជម្រុញការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី ពហុភាគី ក្របខណ្ឌតំបន់ និងពិភពលោក។
១០-ជម្រុញការរៀបចំបង្កើតព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡា អោយបានច្រើន។
១១-ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយត្រូវពិនិត្យ និងរៀបចំមន្រ្តី បម្រើការនៅតាមអង្គភាពនិមួយៗអោយស្របទៅនឹងសមត្ថភាព និងជំនាញជាក់ស្តែង។
១២-ពង្រឹងប្រសិទ្ធភាពការងាររបស់វិទ្យាស្ថានជាតិទេសចរណ៍ដែលទើបបង្កើតថ្មី។