លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញជាអធិបតី ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្ស និងអបអរសាទរ ជ័យជំនះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កត់ នៅប្រទេសបារាំង


ប៉ារីស៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសបារាំង រួមទាំងសមាជិក សមាជិកាយ៉ាងច្រើនកុះករ ក្នុងទឹកចិត្ត សប្បាយរីករាយ និង ក្នុងឆន្ទៈគាំទ្រយ៉ាងពេញ ទំហឹងចំពោះគណបក្សប្រជាជនកម្ពុជាបានប្រារព្ធខួបអនុស្សាវរីយ៏លើកទី ៦៦ ឆ្នាំថ្ងៃបង្កើតគណបក្សនិងដើម្បីអបអរសាទរ នូវជ័យជំនះក្នុងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កន្លងមកថ្មីៗ ក្រោមអធិបតីភាពនិងជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់លោកជំទាវឧបនាយករដ្ធមន្រ្តី ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងឯកឧត្តម បណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណកម្មាធិការ គណបក្សប្រចាំប្រទេសបារាំង លោកជំទាវ ខេង​ សំវ៉ាដា ប្រាក់ សុខុន និងឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រចាំ នៅទ្វីបអឺរ៉ុប តំណាងឯកឧត្តម ហ៊ុន ម៉ាណែត នៅទីក្រុងប៉ារីសថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។

កម្មវិធីនេះប្រារព្ធឡើងនៅ ក្នុងទីក្រុងប៉ារីស ដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរ សមាជិក សមាជិកា និងប្អូនៗ ជាយុវជន ចូលរួមយ៉ាងច្រើនកុះករ ប្រមាណ៣០០នាក់​ ។ គួរបញ្ជាក់ផងដែរថា ពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី ៦៦ ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជននេះមានរៀបចំឡើងចំនួន ៣ កន្លែង ផ្សេងទៀតដោយមានការ ចូលរួមពី សមាជិក សមាជិកាបក្សយ៉ាងច្រើនកុះករគឺ នៅតំបន់ Nancy, Metz Saint-Avold , Toulouse និង Lyon។

ក្នុងកម្មវិធីនោះផងដែរក៏មានការអានសន្ទរកថា​ និងរបាយការណ៍ស្វាគមន៍ដោយ ឯកឧត្តម ចែម វិឌ៉្យា និងសន្ទរកថា សម្ដេចតេជោប្រធានគណបក្សដោយឯកឧត្តម ហួត ហាក់  ។ បន្ទាប់មក លោកជំទាវ ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាក៏បានថ្លែងនូវសារ នយោបាយមួយ ចំនួនអំពីសមិទ្ធិផល និងស្នាដៃធំៗ ជាច្រេីនដែលគណបក្សប្រជាជនកម្ពុជាបានពុះពារគ្រប់ឧបសគ្គកន្លងមក រហូតធ្វេីឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៌ រីកចំរេីន ជាបន្តបន្ទាប់គួរឲ្យកត់សំគាល់។

ផ្សាភ្ជាប់ជាមួយស្នាដៃធំៗជាច្រេីនរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វេីឲ្យប្រទេសមានស្ថេរភាព នយោបាយ សុខសន្តិភាព  ជាលទ្ធផលបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា និងប្តេជ្ញាចិត្តដេីរ តាមមាគ៌ាគណបក្សប្រជាជនកម្ពុជា ជារៀងរហូត៕