សមិទ្ធិផលថ្មីបន្ថែមទៀតនៅតំបន់កោះថ្មX១៦ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រះអង្គប្រក់នាគគោកធ្លក ត្រូវបានធ្វើពីធីពុទ្ធាភិសេក ដើម្បីតម្កល់ជាទីសក្ការៈបូជា


ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អញ្ជើញអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាព ក្នុងពិធីពុទ្ធាភិសេកព្រះអង្គប្រក់នាគគោកធ្លកតំកល់ក្នុងប្រាង្គ ដើម្បីតម្កល់ជាទីសក្ការៈបូជា តាមពុទ្ធសាសនា និងប្រពៃណីខ្មែរ តភ្ជាប់ពីអតីតកាលមក បច្ចុប្បន្នកាល និងទៅអនាគតកាលលនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ x១៦ ស្ថិតនៅភូមិចង្គំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នៅក្នុងពិធីដ៏មានអត្ថន័យនេះ មានការធ្វើពិធីក្រុងពាលី បួងសួងបារមីយកពិលាជ័យ ព្រមទាំងនិមន្តព្រះសង្ឃ ០៩ព្រះអង្គ សូត្រមន្តចម្រើនព្រះបរិត្ត ទៅតាមក្បួនខ្នាតប្រពៃណី និងទំនៀមទំលាប់សាសនាផងដែរ។
ក្នុងនោះ អត្ថន័យព្រះអង្គគោកធ្លកផ្អែកលើមូលដ្ឋាន៣សំខាន់ៗរួមមាន ៖
*ទី១៖ មូលដ្ឋានវប្បធម៌៖ ខ្មែរយើងបានកាន់ព្រះពុទ្ធសាសនា តាំងពីសម័យនគរគោកធ្លក ហើយព្រះអង្គគោកធ្លក គឺជាព្រះពុទ្ធរូបដែលមានប្រក់នាគក្បាល៧។ នាគប្រក់ មានអត្ថន័យថា «ព្រះពុទ្ធរូបមួយបែប មានរូបនាគរាជមួយពេនព័ទ្ធបើកពពារគ្របប្រក់ពីលើព្រះអង្គ៖ ធ្វើតាមរឿងតំណាលកាលដែលនាគរាជឈ្មោះមុចលិន្ទមកសម្តែងអការៈគោរពព្រះអង្គពេញ៧ថ្ងៃ ក្នុងខាងក្រោយបន្ទាប់ពេលដែលទ្រង់បានត្រាស់អស់៣៥ថ្ងៃរួចហើយ»។
សូមរំលឹកថា ក្រោយពីនាយឧត្តមសេនីយ៍ សៅ សុខា ទទួលបានការប្រគល់ភារកិច្ចជាប្រធានក្រុមការងាររៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍ នៃការយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន និងមានការយល់ព្រមពីសម្ដេចពិជ័យសេនា គឺបានរៀបចំគម្រោងផែនការសាងសង់ តាមជំហ៊ានៗ ចាប់ពីខួបលើកទី៤៣មកដល់បច្ចុប្បន្ននេះ។
ការសាងសង់នេះ បែងចែកជា៣ដំណាក់កាល រួមមាន៖
*ជំហាន១៖ សមិទ្ធផលកើតឡើងក្នុងការរៀបចំពិធីរំលឹកខួបលើកទី៤៣ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំផ្ទាល់ និងមកបញ្ចប់ការសាងសង់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដោយបានប្រារព្ធពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ក្នុងនោះរួមមាន៖ វេទិកាទំហំ ៦,១ម៉ែត្រគុណ៤៧ម៉ែត្រ ១ខ្នង, សាលាដំណាក់, បន្ទប់អនាម័យ, ការបំពាក់ក្បាច់ហោជាងនៅសាលាដំណាក់ និងវេទិកា, ការងារធ្វើរបងព័ទ្ធជុំវិញកន្លែងប្រារព្ធពិធី និងសមិទ្ធិផលជាច្រើនទៀត។ គម្រោងទី១នេះ ប្រើប្រាស់ថវិកាសរុប១.៥៣៥.៧៥៨,១២ដុល្លារ។
*ជំហានទី២៖ រួមមាន ៤ផ្នែកផ្សេងៗ៖ មានការងារសាងសង់អគារក្នុងនោះមានអគារមិត្តភាពកម្ពុជា-វៀតណាម ១ខ្នង ទំហំ១៨ម៉ែត្រគុណ៦៣ម៉ែត្រ កម្ពស់២ជាន់ សាងសង់បានប្រមាណ៨០%, ការងារសាងសង់ប្រាង្គ ព្រះអង្គគោកធ្លក និងខឿនជុំវិញ សាងសង់បានប្រមាណ៩០%,។ ការងារចម្លាក់រូបនាគធ្វើអំពីថ្មភក់បានប្រមាណ៧០% និងសមិទ្ធិផលជាច្រើនទៀត។ ជំហានទី២នេះ គ្រោងចំណាយថវិកាសរុបប្រមាណ២.២៦១.០៧៥,៨៨ដុល្លារ។
*ជំហានទី៣៖ ផែនការសម្រាប់អនុវត្តបន្ត ការងារបំពាក់គ្រឿងសង្ហារឹមនៅអគារមិត្តភាពកម្ពុជា វៀតណាម, ដំឡើងជញ្ជាំងខ័ណ្ឌចម្លាក់ជាន់ទី១, បំពាក់រូបពិព័រណ៌រូបភាព, បំពាក់ស្គីន LED បន្ទប់ប្រជុំជាន់ទី១, បំពាក់ស្គីន LED បន្ទប់ជាន់ផ្ទាល់ដី, បំពាក់តុ កៅអី…និងសមិទ្ធិផលជាច្រើនទៀត។ ជំហានទី៣នេះ គម្រោងចំណាយថវិកាសាងសង់សរុប ១.០៣៧.០៨៩,៨៧ដុល្លារផងដែរ៕