លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ផលិតករភាពយន្ត ឬវីដេអូ ដែលបង្កឱ្យមានការប៉ះពាល់ដល់សីលធម៌សង្គម ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃស្ត្រី នឹងត្រូវបានចាត់វិធានការ។
លោកជំទាវរដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ តាមរយៈវីដេអូខ្លី» នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។
ក្នុងសិក្ខាសាលានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានណែនាំដូចខាងក្រោម៖
១៖ អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
* ត្រូវតាមដានលើមាតិកា ខ្លឹមសារ រូបភាព និងការសម្ដែងតាមកម្មវិធីនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាព និងការសម្ដែងផ្ទាល់ ដែលមានលក្ខណៈអាសអាភាស ប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃស្ត្រី
* ត្រូវចាត់វិធានការរដ្ឋបាលនានា ក្នុងគោលដៅអប់រំណែនាំដល់ក្រុមគោលដៅ ឬបុគ្គលដែលបង្កហេតុ
* ក្នុងករណីមិនរៀងចាល អង្គភាពឬមន្ទីរ ត្រូវធ្វើរបាយការណ៍បញ្ជូនមកក្រសួង ដើម្បីក្រសួងស្នើសុំកិច្ចសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត ចាត់វិធានការបន្ត។
២៖ ផលិតករ អ្នកនិពន្ធ សិល្បករ សិល្បការិនី អ្នកផលិតមាតិកាកម្សាន្តលើបណ្ដាញសង្គម
* ត្រូវបញ្ជ្រាបខ្លឹមសារអប់រំក្នុងភាពយន្ត ឬវីដេអូ ដើម្បីចូលរួមទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីនិងកុមារ
* ត្រូវប្រកាន់ភ្ជាប់នូវសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ក្នុងការផលិតស្នាដៃដើម្បីយកទៅផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម
* ត្រូវបង្កប់ន័យអប់រំដល់ទស្សនិកជន អ្នកគាំទ្រ ជាពិសេសយុវជន និងកុមារ
* ត្រូវបញ្ឈប់រាល់ខ្លឹមសារ ឬរូបភាព ដែលបង្កឱ្យមានការប៉ះពាល់ដល់ សីលធម៌សង្គម ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃស្ត្រី
* ត្រូវបង្កើតស្នាដៃដែលមានផលវិជ្ជមានដល់បុគ្គល ក្រុម សហគមន៍ និងសង្គមជាតិ។
បើតាមលោកជំទាវរដ្ឋមន្ត្រី បច្ចុប្បន្នវិស័យភាពយន្តនៅកម្ពុជា មានការរីកលូតលាស់គួរជាទីមោទនៈ ក្នុងនោះការផលិតវីដេអូកម្សាន្ត នៅលើបណ្ដាញសង្គមនានាជាលក្ខណៈក្រុមឬបុគ្គល ក៏មានច្រើនគួរឱ្យកត់សម្គាល់។ ការផលិតភាពយន្តខ្លី ឬវីដេអូខ្លីទាំងនេះ គឺដើម្បីបម្រើដល់ការកម្សាន្ត ដល់មនុស្សគ្រប់វ័យ តែមានភាពយន្ត និងវីដេអូមួយចំនួនបានបង្កើតឲ្យមានវប្បធម៌ហិង្សា ការសងសឹក ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ ដែលជាវប្បធម៌មួយមិនល្អ នាំឲ្យក្មេងៗជំនាន់ក្រោយបែរជាយកមកចម្លង និងអនុវត្តតាម។
លោកជំទាវបន្តថា នៅក្នុងបរិបទសង្គមឌីជីថល មនុស្សគ្រប់គ្នា សុទ្ធតែអាចរកមើលបាននៅភាពយន្តវែង ឬខ្លី តាមបណ្តាញសង្គម ប្រព័ន្ធអ៉ីនធឺណេត និងកម្មវិធីទូរស័ព្ទជាច្រើនប្រភេទ ដែលពេលខ្លះវាលើសដែនសមត្ថកិច្ចរបស់ក្រសួងស្ថាប័នជំនាញ ក្នុងការគ្រប់គ្រងរាល់ឯកសារភាពយន្ត ទាំងរូបភាព និងខ្លឹមសារជាដើម ដែលងាយស្រួលដល់ អ្នកទស្សនា ពិសេសកុមារមិនទាន់គ្រប់អាយុយកមកទស្សនា និងមានការចងចាំមិនល្អ ដែលគេហៅថាហិង្សាតាមផ្លូវអារម្មណ៍។
«ស្របពេលជាមួយគ្នានេះ ខ្ញុំបានឃើញពីការខិតខំប្រឹងប្រែងរបស់ផលិតករ អ្នកនិពន្ធ ម្ចាស់ផលិតកម្ម និងអ្នកផលិតមាតិកាកម្សាន្តលើបណ្ដាញសង្គមជាច្រើន ដែលបានផលិតភាពយន្ត ឬវីដេអូដែលមានការបញ្ចូលខ្លឹមសារអប់រំ លើកកម្ពស់តម្លៃស្រ្តី និងទប់ស្កាត់ហិង្សាលើកុមារជាដើម តែនៅក្នុងកម្រិតមួយដែលមានចំនួនតិចនៅឡើយ ដែលទាមទារឲ្យយើងត្រូវរកប្រភពធនធានច្រើន ក្នុងការយកមកផលិត ព្រោះផលិតករគាត់ផលិតអាស្រ័យលើទីផ្សារ និងចំណូលត្រលប់មកវិញ។ ដូច្នេះថ្ងៃនេះ ខ្ញុំក្នុងនាមថ្នាក់ដឹកនាំក្រសួង សូមស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសក្រុម ឬបុគ្គលជាអ្នកផលិតមាតិកាកម្សាន្តលើបណ្ដាញសង្គម ត្រូវខិតខំបន្ថែមទៀត ក្នុងការបញ្ចូលខ្លឹមសារអប់រំខ្លីៗ ទាក់ទងនឹងការលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រី ទៅក្នុងបណ្តាភាពយន្ត ចម្រៀង ភាពយន្តខ្នាតធំ ភាពយន្តភាគ ឬវីដេអូរបស់ខ្លួន ហើយសូមប្រកាន់ភ្ជាប់នូវវប្បធម៌អហិង្សា និងលើកកម្ពស់ការរស់នៅប្រកបដោយភាពស៊ីវីល័យ ឱ្យសាកសមជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ»។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បញ្ជាក់បន្ថែម។
លោកជំទាវរី ម៉ិញ កុសនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ដោយមើលឃើញពីការផលិតវីដេអូខ្លី លើបណ្តាញសង្គមនាពេលបច្ចុប្បន្ន ដែលមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដានដោយសារការផលិតទាំងអស់នោះ មិនទាន់មានខ្លឹមសារ និងរូបភាព សមរម្យគ្រប់គ្រាន់បម្រើឱ្យសង្គម ទើបក្រុមការងារយែនឌ័រក្រសួង សម្រេចរៀបចំបើកសិក្ខាសាលានេះឡើង ក្នុងគោលបំណងទប់ស្កាត់ បង្ការ និងរកវិធានការដោះស្រាយរួម រកឱ្យឃើញពីបញ្ហាប្រឈមាននានា ពាក់ព័ន្ធនឹងវប្បធម៌អវិជ្ជមាន ការប្រើប្រាស់អំពើហិង្សាលើស្ត្រី និងកុមារ តាមរយៈការសម្តែងផ្សេងៗ៕