ក្នុងសន្និសីទជាតិ ស្តីពីទីផ្សារមូលបត្រកម្ពុជា «មួយទសវត្សរ៍នៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងដំណើរឆ្ពោះទៅមុខ» នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់អនុសាសន៍មួយចំនួនសំដៅពន្លឿន និងពង្រឹងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាថែមទៀត។
ការផ្ដល់អនុសាសន៍ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹងការកត់សម្គាល់ លើការវិវត្តធំធាត់របស់ផ្សារមូលបត្រកម្ពុជា និងវឌ្ឍភាពសំខាន់ៗ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ រួមមាន៖
ទី១៖ បន្តបង្កើនការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ តាមរយៈយន្តការ និងមធ្យោបាយថ្មីៗនៃបច្ចេកវិទ្យា អំពីអត្ថប្រយោជន៍ទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្ដល់ឲ្យក្រុមហ៊ុន ចុះបញ្ជីលក់មូលបត្រ ជាពិសេស ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់វិស័យមូលបត្រ និង ការអនុគ្រោះបំណុលពន្ធចំពោះក្រុមហ៊ុនដែលបោះផ្សាយ និង ចុះបញ្ជីលក់មូលបត្រជាសាធារណៈ។
ទី២៖ ពិនិត្យ និង ចាប់យកនូវកាលានុវត្តភាពថ្មីនៃប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បី ពន្លឿនការអភិវឌ្ឍទីផ្សារ តាមរយៈការធ្វើឌីជីថលភាវូនីយកម្មលើយន្តការរបស់ទីផ្សារមូលបត្រកម្ពុជា និងរបស់និយ័តករ មូលបត្រកម្ពុជា សំដៅផ្ដល់ភាពងាយស្រួល និងភាពឆាប់រហ័ស, តែអាចគ្រប់គ្រងបាន, សម្រាប់វិនិយោគិន និងក្រុមហ៊ុនចុះបញ្ជី ព្រមទាំង ការក្ដាប់យកឱកាសនៃការអភិវឌ្ឍលឿន នៃប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការធ្វើពិពិធកម្ម ផលិតផលហិរញ្ញវត្ថុសម្រាប់ទីផ្សារ និងការពង្រីកសេវាកម្មរបស់ផ្សារមូលបត្រកម្ពុជា ទៅក្រុមហ៊ុនមិនទាន់ចុះបញ្ជីផងដែរ ដូចជា យន្តការរក្សារទុកមូលបត្រ ជាដើម ។
ទី៣៖ គិតគូររៀបចំជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ នៃទីផ្សារមូលបត្រ នូវសកម្មភាព លម្អិត ក្នុងបរិការណ៍នៃស្ថានភាពសេដ្ឋកិច្ចសកលបច្ចុប្បន្ន ព្រមទាំងស្ថានភាពវិវត្តលឿននៃបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ សម្រាប់ការអភិវឌ្ឍទីផ្សារមូលបត្រ ១០ ឆ្នាំទៅមុខទៀត តាមរយៈការរៀបចំ និង ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្ររយៈពេល១០ឆ្នាំ ដែលខ្ញុំបានណែនាំរួចហើយ ទៅនិយ័តករមូលបត្រកម្ពុជា ឲ្យដឹកនាំរៀបចំការងារនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា តាមទ្រឹស្ដីសេដ្ឋកិច្ច, វិស័យមូលបត្រអាចចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈ ការបង្កើនប្រសិទ្ធភាពនៃការកៀរគរ និងបែងចែកមូលធន ពីភ្នាក់ងារសេដ្ឋកិច្ចដែលមានសមត្ថភាពហិរញ្ញប្បទាន (មានន័យថា មានលទ្ធភាពសន្សំប្រាក់) ជូនទៅភ្នាក់ងារសេដ្ឋកិច្ច ដែលមានតម្រូវការហិរញ្ញប្បទាន។
ឯកឧត្តមបានបន្ថែមទៀតថា វិស័យមូលបត្រដែលរីកចម្រើន នឹងផ្ដល់នូវប្រភពទុនមួយដែលមិនចេះរីងស្ងួត សម្រាប់ម្ចាស់អាជីវកម្មជាទូទៅ ហើយបង្កើតឡើងនូវប្រភពចំណូលមួយ សម្រាប់បុគ្គល និង តួអង្គសេដ្ឋកិច្ចផ្សេងទៀត ដែលអាចធ្វើពិពិធកម្មខ្ទង់វិនិយោគរបស់ខ្លួនបានកាន់តែប្រសើរ។ គម្រោងអភិវឌ្ឍន៍ទីផ្សារមូលបត្រនៅកម្ពុជា បានចាប់ផ្ដើមក្រោមគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានចាត់ឲ្យមានការបង្កើតក្រុមការងារនៃក្រសួង សេដ្ឋកិច្ច ដើម្បីសិក្សាអំពីលទ្ធភាព នៃការបង្កើតទីផ្សារមូលបត្រនេះឡើង នៅក្នុងឆ្នាំ២០០៦ ក្រោមការដឹកនាំផ្ទាល់របស់លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។
វិស័យមូលបត្រនៅកម្ពុជា ត្រូវបានសន្មតថា បានចាប់ផ្ដើមបដិសន្ធិឡើងជាមួយនឹងការដាក់ឲ្យប្រើនូវច្បាប់ស្តីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជន ក្នុងឆ្នាំ២០០៧ និង ការដាក់ឲ្យដំណើរការ នូវគណៈកម្មការមូលបត្រកម្ពុជា ក្នុងឆ្នាំ២០០៨ និងតួអង្គនានា ក្នុងវិស័យមូលបត្រជាបន្ដបន្ទាប់ ។
ដោយឡែកផ្សារមូលបត្រកម្ពុជា ត្រូវបានបង្កើតឡើង ក្រោមរូបភាពជាក្រុមហ៊ុនចម្រុះរដ្ឋ រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ ក្នុងឆ្នាំ២០១០ និង បានបើកដំណើរការជួញដូរមូលបត្រជាលើកដំបូងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ ជាមួយនឹងការចុះបញ្ជីជួញដូរមូលបត្ររបស់សហគ្រាសសាធារណៈចំនួនមួយ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ឯកឧត្តមបានលើកឡើងថា ដើម្បីអភិវឌ្ឍវិស័យមូលបត្រ, រាជរដ្ឋាភិបាលកម្ពុជា, ដែលមានក្រសួងសេដ្ឋកិច្ច ជាសេនាធិការ, តែងយកចិត្តទុកដាក់គាំទ្រវិស័យមួយនេះ តាមរយៈការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និងវិនិយោគិនការយកចិត្តទុកដាក់ ការពារផលប្រយោជន៍របស់សាធារណជន និងការរៀបចំបទប្បញ្ញត្តិ ដែលមានលក្ខណៈអំណោយផល ដល់សកម្មភាពមូលបត្រ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់នេះ ក៏ដូចជាការគិតគូរអំពីយន្តការនានាបន្ថែម ដើម្បីឲ្យទីផ្សារមួយនេះ អាចបំពេញតួនាទីរបស់ខ្លួន ក្នុងការទាក់ទាញមូលធន និងជំរុញការវិនិយោគ នៅក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ កាន់តែទូលំទូលាយ និងកាន់តែមានប្រសិទ្ធភាពខ្ពស់។
បើតាមឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា ផ្សារមូលបត្រមានក្រុមហ៊ុនចុះបញ្ជី១៦ ដែលក្រុមហ៊ុន៩ បានចុះបញ្ជីជាភាគហ៊ុន និង ៧ទៀត បានចុះបញ្ជីជាសញ្ញបណ្ណហើយក្រុមហ៊ុនទាំង១៥នេះ បានកៀរគរទុនពីទីផ្សារមូលបត្រ ប្រមាណជា ១.១២២ប៊ីលានរៀល (២៨១លានដុល្លារ)។
ឯកឧត្តម ហុង សុហួរ បានលើកឡើងថា ពិតមែនតែទីផ្សារកម្ពុជា មានទំហំតូច បើប្រៀបធៀបនឹងប្រទេសជិតខាង តែទំហំជួញដូរមានការកើនឡើងយ៉ាងខ្លាំងចាប់ពីឆ្នាំ២០១៩មក ដែលក្នុងឆ្នាំ ២០១៨ និងឆ្នាំមុនៗនោះ ទំហំជួញដូរប្រចាំថ្ងៃ មានប្រមាណជាង ១០០លានរៀល (២ម៉ឺនដុល្លារ) ឬតិចជាងនេះ ហើយកើនឡើង ដល់ប្រមាណ ៦៣០លានរៀល (ជិត ១៦ម៉ឺនដុល្លារ ក្នុងឆ្នាំ ២០១៩ តែបានធ្លាក់ចុះបន្តិចមកត្រឹមប្រមាណ ៤៧០លានរៀល (ជាង ១១ម៉ឺនដុល្លារ) ក្នុងឆ្នាំ ២០២០ ដោយតែការមកដល់នៃជំងឺកូវីដ១៩។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ដោយសារតែប្រសិទ្ធភាព និងភាពវៃឆ្លាត នៃការគ្រប់គ្រងស្ថានការណ៍បានល្អ ពីសំណាក់រាជរដ្ឋាភិបាល កម្ពុជាបានត្រលប់ទៅរកផ្លូវកំណើនឡើងវិញហើយ ដោយទំហំជួញដូរបានកើនដល់ជាង ១ប៊ីលានរៀល (២៧ម៉ឺនដុល្លារ) ហើយក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២២នេះ យើងបានសម្រេចបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើល ដោយទំហំជួញដូរ បានកើនឡើងដល់ជាង ៤ប៊ីលានរៀល (១លានដុល្លារ) ក្នុង១ថ្ងៃ ដោយសារតែមានសកម្មភាពជួញដូរច្រើន លើភាគហ៊ុន អេស៊ីលីដា៕