នៅក្នុងឱកាសប្រកាសកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២, ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានណែនាំ១៣ចំណុច ដើម្បីឱ្យមេឃុំ និងក្រុមប្រឹក្សាឃុំ អនុវត្ត តួនាទីភារកិច្ចឱ្យបានល្អ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។
នាឱកាសនោះដែរ ឯកឧត្តម រស់ ផារិទ្ធ បានកោតសរសើរ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំពងទឹក អាណត្ដិទី៥ ទាំងអស់ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ដ និងការគំាទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ ដើម្បីបន្តដឹកនាំ ឃុំពងទឹកឱ្យមានអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។
ការណែនាំទាំង១៣ចំណុចរបស់លោកអភិបាលរងខេត្តរួមមាន៖
*ទី១៖ ទោះបីក្រុមប្រឹក្សាឃុំ ត្រូវបានបោះឆ្នោតជ្រើសរើសឡើងដោយការបោះឆ្នោត ដោយផ្ទាល់ពីប្រជាពលរដ្ឋក្នុងឃុំ របស់ខ្លួនក៏ដោយ ក៏ក្រុមប្រឹក្សាឃុំ ត្រូវអនុវត្ដតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន។
*ទី២៖ បន្ទាប់ពីថ្ងៃកិច្ចប្រជុំប្រកាសសុពលភាពនេះតទៅ កិច្ចការអាទិភាពទី១ របស់ក្រុមប្រឹក្សាឃុំអាណត្ដិថ្មី គឺត្រូវពិនិត្យរៀបចំ និងអនុម័តដីកាស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដែលជាវិធានកំណត់អំពីកិច្ចប្រជុំ និងរបៀបរបបធ្វើការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមសេចក្តីណែនាំលេខ០១៤ សណន ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។
*ទី៣៖ កិច្ចការបន្ដគឺក្រុមប្រឹក្សាឃុំអាណត្ដិថ្មី ត្រូវជួបប្រជុំគ្នាដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍ និងគម្រោងសេវាកម្មនានាដែលនៅសេសសល់ពីអាណត្ដិមុន។
*ទី៤៖ ក្រុមប្រឹក្សាឃុំអាណត្ដិទី៥ ត្រូវបន្ដអនុវត្ដថវិកា និងគម្រោងអភិវឌ្ឍន៍នានារបស់ក្រុមប្រឹក្សាឃុំអាណត្ដិមុន។
*ទី៥៖ ពិនិត្យឡើងវិញអំពីសមាសភាពគណៈកម្មាធិការ ឬគណៈកម្មការនានារបស់ក្រុមប្រឹក្សាឃុំ អាណត្ដិទី៤ ដើម្បីធ្វើការកែសម្រួលទៅតាមសមាសភាព និងតម្រូវការនៃក្រុមប្រឹក្សាសង្កាត់ អាណត្ដិទី៥។
*ទី៦៖ ក្រុមប្រឹក្សាឃុំ អាណត្ដិទី៥នេះ ត្រូវបន្ដអនុវត្ដដីកា សេចក្ដីសម្រេច និងលិខិតបទដ្ឋាននានារបស់ក្រុមប្រឹក្សាសង្កាត់ អាណត្ដីទី៤ដែលបានសម្រេចកន្លងមក ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ប្រសិនបើពុំមានដីកា សេចក្ដីសម្រេច និងលិខិតបទដ្ឋានថ្មីណាមកជំនួសទេនោះ។
*ទី៧៖ ដោយផ្អែកលើផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ក្រុមប្រឹក្សាឃុំ អាណត្ដិទី៤ ក្រុមប្រឹក្សា ឃុំអាណត្ដីទី៥ត្រូវត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ខ្លួន ស្របតាមគោលការណ៍និងនីតិវិធីនៃដំណើរការកសាងផែនការអភិវឌ្ឍដែលបានកំណត់។
*ទី៨៖ លើសពីនេះទៀត ក្រុមប្រឹក្សាឃុំ ក៏ត្រូវយកចិត្ដទុកដាក់ និងលើកកម្ពស់គណនេយ្យភាព និងតម្លាភាពនៅក្នុងការអនុវត្ដការងាររបស់ខ្លួនជាប្រចាំ។
*ទី៩៖ ត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជនក្នុងឃុំ ដើម្បីអនុវត្ដឱ្យសម្រេចបានជោគជ័យនូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសជំរុញការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ដែលមានលក្ខណសម្បត្តិ០៧យ៉ាង។
*ទី១០៖ ការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។
*ទី១១៖ ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើង។
ថ្មីៗនេះ ប្រទេសកម្ពុជាបានរកឃើញករណីឆ្លងឡើងវិញនូវជំងឺកូវីដ១៩ ក្នុងសហគន៍អាជ្ញាធរឃុំ សង្កាត់ ត្រូវបន្តរក្សាការប្រុងប្រយ័ត្ន និងបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ ៣ការពារ» ឱ្យបានជាប់ជាប្រចាំ។ ក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពសង្គមព្រមទាំងត្រូវខិតខំណែនាំ និងជំរុញដល់ប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសកម្មភាពសេដ្ឋកិច្ចសង្គមដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ន។
*ទី១២៖ ផ្អែកតាមច្បាប់ស្ដីពីការប្រឆំាងអំពើពុករលួយ សមាជិកក្រុមប្រឹក្សាសង្កាត់ទំាងអស់មានកាតព្វកិច្ចត្រូវធ្វើការប្រកាសទ្រព្យសម្បត្ដិ និងបំណុល។
ទី១៣៖ ចំណុចចុងក្រោយ លោក រស់ ផារិទ្ធ បានគូសបញ្ជាក់អំពីចំណុចដ៏សំខាន់នៃដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍសង្គម៕