សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ជាង១,០០០នាក់ ធ្វើទស្សនកិច្ចនៅវិមានឈ្នះឈ្នះ ក្នុងគោលដៅសំខាន់បី


នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមប្រឹក្សាភិបាល ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចំនួន១,២៦៨នាក់ ដឹកនាំដោយ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើងរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានលើកឡើងថា គោលបំណងសំខាន់៣ នៃដំណើរទស្សនកិច្ចរបស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក នៅក្នុងឱកាសនេះគឺ៖

*ទី១៖ ចូលរួមអបអរសាទរដល់ខួបចម្រើនជន្មាយុសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអគ្គមគ្គុទេសដ៏ឆ្នើមនៃនយោបាយឈ្នះឈ្នះ គម្រប់៧០ ឈានចូល៧១ឆ្នាំ

*ទី២៖ ចូលរួមអបអរសាទរដល់ការដង្ហែទង់អាស៊ានប៉ារ៉ាហ្គេមពីទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី មកកាន់មាតុភូមិកម្ពុជា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ប្រធានស.ស.យ.ក និងជាតំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី

*ទី៣៖ ដើម្បីផ្តល់ឱកាសដល់ក្រុមគ្រូពេទ្យ នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.កទាំងជាង១,០០០នាក់ ដែលជាយុវជនជំនាន់ក្រោយមានលទ្ធភាពបានធ្វើការសិក្សា ស្រាវជ្រាវ មើលឃើញ និងទទួលសណ្តាប់ផ្ទាល់ពីនយោបាយឈ្នះ ឈ្នះ ដែលដឹកនាំអនុវត្តផ្ទាល់ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ទាំងអស់។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានបន្ថែមទៀតថា ទស្សនកិច្ចនេះផងដែរ ក៏ដើម្បីជាការរំឭកដឹងគុណ និងចង់បង្ហាញនូវគុណតម្លៃនៃនយោបាយឈ្នះឈ្នះ ថាតើអ្វីទៅជានយោបាយឈ្នះ ឈ្នះ? តើនយោបាយឈ្នះ ឈ្នះ មានការអនុវត្ដន៍និងដំណើរការបែបណា? នៅទីណា? អ្នកណាខ្លះ? មានបញ្ហាប្រឈមពុះពារក្នុងការឆ្លងកាត់ នៅក្នុងដំណាក់កាលនៃការដាក់ចេញសម្រាប់ការអនុវត្តន៍ នយោបាយឈ្នះ ឈ្នះតាមរបៀបណា? តើការបានដាក់ចេញនូវគោលគំនិតនយោបាយឈ្នះឈ្នះ ដោយសម្ដេចតេជោ ហ៊ុន សែន បានដោះស្រាយ ពុះពារ ដឹកនាំក្នុងដំណាក់កាលនីមួយៗបែបណា?។

ឯកឧត្តមថានេះមិនមែនជាសុបិន្ដ ស្រម៉ៃ និងកាន់តែមិនមែនជាការជួយជ្រោមជ្រែងឬឧបត្ថម្ភណាមួយពីបរទេស ក្រៅពីជាតិខ្មែរខ្លួនឯង គឺខុសអំពី ក្នុងអំឡុងកាលដែលមានបេសកកម្មអ៊ុនតាក់កន្លងមកនៅក្នុង កម្ពុជារបស់យើង ហើយក្រៅពីការសម្ដែងនូវភាពកតញ្ញូ ការដឹងរំឭកគុណតម្លៃ នៃនយោបាយឈ្នះឈ្នះ និងអ្នកដឹកនាំដែលបានបង្កើត គឺជាការរៀបចំទីតាំងដែលបង្ហាញនូវសមិទ្ធផលទទួលដោយ សន្ដិភាពនិងការអភិវឌ្ឍន៍ក្នុងមាតុភូមិកម្ពុជារបស់យើង ជាពិសេសបំផុតក្នុងរយៈពេលតែ២៤ឆ្នាំក្រោយនយោបាយឈ្នះឈ្នះ បានបញ្ចប់សង្គ្រាមទាំងស្រុងនិងបានទទួលសន្ដិភាព។

ន័យនេះចង់បញ្ជាក់ថា សមិទ្ធផលនិងការអភិវឌ្ឍន៍ទាំងអស់បានមកពីណា? ចេញមកពីនរណាឲ្យពិតប្រាកដ? លទ្ធផលដែលកំពុងមានជាក់ស្ដែងនេះ គឺជាតឹកតាង មិនអាចនរណាម្នាក់មិនទទួលស្គាល់ឬបំភ្លៃ ជាដាច់ខាតនូវសច្ចភាពនៃការវិវឌ្ឍន៍បែបនេះ ដូច្នេះក៏មានន័យអំពីភាពសុខដុមរមណីយកម្មរបស់សង្គមកម្ពុជាក្នុងដំណាក់កាលនេះនិងជាដំណាក់កាលដែលយើងឲ្យឈ្នោះថា សម័យកាលតេជោសែនក៏ថាបាន ហើយភស្ដុតាងទាំងអស់នេះតើមានពិតឬទេ? វិស័យនានាដែលមាន តើពិតប្រាកដឬទេ? ទាំងវិស័យសេដ្ឋកិច្ច សង្គម កិច្ចការបរទេស ការពារជាតិ អប់រំ វប្បធម៌ កសិកម្ម សំណង់ កីឡា ន័យចំណុចទី២នេះ គឺសំដៅទៅលើការបង្ហាញនូវសុខដុមភាពនៃសង្គមកម្ពុជាដោយលទ្ធផលនៃនយោបាយឈ្នះឈ្នះ។

នៅក្នុងពិធីនេះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារប្រវត្តិសាស្រ្តយោធា បានពន្យល់យ៉ាងក្បោះក្បាយពីគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការអនុវត្ត ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធានាបាននូវភាពឈ្នះ ឈ្នះ ពិតប្រាកដសម្រាប់គ្រប់ភាគី។

ម្យ៉ាងវិញទៀត នាយឧត្តមសេនីយ៍ក៏បានជម្រាបជូនដែរថាគោលបំណងដ៏សំខាន់មួយទៀត នៃការសាងសង់វិមានឈ្នះឈ្នះនេះឡើង គឺជាការចែករំលែក ការផ្ដល់នូវការសិក្សាជាទីកន្លែងមួយដែលអាចធ្វើជាមជ្ឈមណ្ឌលស្រាវជ្រាវឈ្វេងយល់និងខិតខំបង្កើតនូវចក្ខុវិស័យក្នុងការបន្ដស្ថានភាពដែលមានបែបនេះតទៅអនាគត។ ដូច្នេះដើម្បីចែករំលែក ធ្វើជាមូលដ្ឋានឲ្យការងាយយល់ ងាយចាំ ងាយឃើញ ងាយធ្វើការវិភាគនិងក្នុងការចែករំលែកបន្ដគឺជាការរៀបចំ ស្ថាបនាកសាងរូបចម្លាក់ និមិត្តសញ្ញា ស្ថាបត្យកម្ម ទម្រង់រូបរាងនិងទីកន្លែងទាំងអស់នេះឲ្យមានភាពសាមញ្ញ និងមានភាពទាក់ទាញនិងឲ្យមានស្ថានភាពដែលកន្ទ្រាក់អារម្មណ៍ គំនិត ជាពិសេសនៅក្នុងសម័យឌីជីថលឬសម័យដែលត្រូវការពេលវេលាខ្លីសម្រាប់បង្កើនប្រសិទ្ធិភាពការងារនេះ។

ដូចនេះការរៀបចំភូមិសាស្ដ្រនៅទីនេះ ទោះបីមានទំហំតូចល្មម ប៉ុន្ដែមានទីកន្លែងសម្រាប់បង្ហាញអំពីសុខដុមសង្គម ទីកន្លែងដែលមានអាគារនិងតម្កល់ នូវតឹកតាងពិតប្រាកដ ជាសក្ខីកម្មនៃអ្វីដែលធ្លាប់ប្រើប្រាស់ ធ្លាប់មាន ទាំងរូបភាព និងគំនូរ រូបថត សម្ភារៈរហូត ដល់គ្រឿងយោធបករណ៍នានានិងមានទីកន្លែងគួបផ្សំទៅដោយធម្មជាតិដែលជាអត្តសញ្ញាណទាំងដើមឈើ ដើមផ្កានិងការបំបែកឯកត្ដកម្មកម្ពុជាក្នុងពិភពលោក ដូចជា ក្រម៉ាវែងជាងគេ ទូកវែងជាងគេ ការរាំម៉ាឌីស្សុន ច្រើនជាងគេ នំអន្សមដែលធំជាងគេ។

នេះគឺជាគោលបំណងសាមញ្ញ នៃការកសាងវិមានឈ្នះឈ្នះ ប៉ុន្ដែចេញពីភាពសាមញ្ញទាំងបីនេះ ពិតណាស់អាចផ្ដល់ឲ្យមនុស្សគ្រប់មជ្ឈដ្ឋានទាំងអ្នកចេះដឹងជ្រៅជ្រះ អ្នកប្រវត្តិសាស្ដ្រ ប្រជាជនសាមញ្ញ ពាណិជ្ជករ ទេសចរ ក្នុងនិងក្រៅប្រទេសនិងជាតិសាសន៍ដ៏ទៃផងដែរ។ យើងមានទីកន្លែងមួយដែលក្លាយជាអត្ដសញ្ញាណនៃប្រវត្តិសាស្ដ្រស្ដីអំពី ការបញ្ចប់សង្គ្រាមទទួលបានសន្ដិភាព សម្រេចបាននូវសមិទ្ធផលអភិវឌ្ឍន៍សង្គម និងអាចនិយាយថា មិនធ្លាប់មាននៅទីកន្លែងបែបនេះ។

នាយឧត្តមសេនីយ៍ បានបន្ដថា យើងមានអាគារធំៗទំនើប យើងមានគ្រឹះស្ថាននានា និងទីកន្លែងដែលបំពាក់ទៅដោយភាពស្រស់បំព្រងឆើតឆាយ ប៉ុន្ដែនៅទីនេះពិតជាទីឋានមួយដែលមានលក្ខណៈខុសពីកន្លែងទាំងអស់នេះ ហើយជាទីបំពេញនៃចន្លោះប្រហោងមួយនៃប្រវត្តិសាស្ដ្រដើម្បីឲ្យកាន់តែជាក់ស្ដែងឡើង និងមានភស្ដុតាងពិតប្រាកដសម្រាប់មនុស្សជាតិទាំង ក្នុងនិងក្រៅប្រទេសតទៅអនាគតផងដែរ។ ច្បាស់ណាស់ថា មហិច្ចតាដ៏ធំចេញពីភាពសាមញ្ញនេះពិតជាមិន ទាន់គ្រប់គ្រាន់ ដូច្នេះព្រឹត្ដិការណ៍ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដែលជាទិវាខួប២៥ឆ្នាំនៃទិវានយោបាយឈ្នះឈ្នះ គឺនឹងបើកសគរាជថ្មី ទំព័រប្រវត្តិសាស្ដ្រថ្មីសម្រាប់ជាតិយើង សម្រាប់មនុស្សគ្រប់គ្នាគ្រប់ទីកន្លែងទទួលបន្ថែមទៀតជាមួយសមិទ្ធផលដ៏ច្រើនដែលយើងបានទទួលរួចមកហើយ។

ក្នុងនាមជាកូនខ្មែរគ្រប់រូប សូមជនរួមជាតិចូលរួមចំណែកថែរក្សា និងកសាងបន្ដទៀត និងអធិដ្ឋានរួមគ្នាឲ្យសន្ដិភាពនៅលើទឹកដីរបស់យើងបានឋិតឋេរចីរកាលជាមួយអត្ដសញ្ញាណនិង ព្រលឹងនយោបាយឈ្នះឈ្នះ ដែលមាននៅទីនេះ៕