គណបក្សប្រជាជនខេត្តពោធិ៍សាត់ ប្តេជ្ញាយកឈ្នះឱ្យបាន១០០ភាគរយ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំក្រោយនេះ


ថ្នាក់ដឹកនាំ និងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ទាំងអស់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហាញការប្តេជ្ញាចិត្តដើម្បីយកឈ្នះឱ្យបាន១០០ភាគរយ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅឆ្នាំ២០២៣ ខាងមុខនេះ។

ការបង្ហាញការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតីកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន នៅខេត្តពោធិ៍សាត់ ដែលកិច្ចប្រជុំនេះ បានធ្វើឡើង នៅទីស្នាក់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ក៏មានចូលរួមពីសំណាក់ក្រុមការងារថ្នាក់ជាតិចុះខេត្ត ស្រុក ក្រុង និងសមាជិកគណបក្ស ស្រុកក្រុង ឃុំ ចំនួន៧២២នាក់ផងដែរ។

ខេត្តពោធិ៍សាត់ជាខេត្តដ៏សំខាន់មួយរបស់កម្ពុជា ដែលមានចំនួន៤អាសនៈ ក្នុងការការបោះឆ្នោតជាតិខាងមុខនេះ។ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅឆ្នាំ២០២២នេះ នៅខេត្តពោធិ៍សាត់ គណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងគាំទ្រប្រមាណ ៨៥,២៦ភាគរយ។ ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ខាងមុខនេះ គណបក្សបានប្តេជ្ញាយកឱ្យបាន ៤/៤ អាសនៈតែម្តង។

នាឱកាសនោះដែរ ឯកឧត្តម ស៊ុយ សែម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលជានិច្ចជាកាលសម្តេច ព្រមទាំងថ្នាក់ដឹកនាំគណបក្សតែងគិតគូរពីសុខទុក្ខចំពោះសមាជិក សមាជិកាគណបក្សគ្រប់មូលដ្ឋានទាំងអស់។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ក៏ប្តេជ្ញាចិត្តការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ង បង្កចលាចលនានា ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ និងបរិយាកាសល្អសម្រាប់ការបោះឆ្នោតផងដែរ៕