ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជា កំពុងនឹងដំណើរការនីតិវិធីនៃលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្ត ព្រមទាំងបានឆ្លងកាត់ការវាយតម្លៃហើយ លើផ្ទៃដី៩៨,៥១០ម៉ឺនហិកតា នៃផ្ទៃសរុប២៥ម៉ឺនហិកតា នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី មានភាពសមស្របតាមលក្ខខណ្ឌនៃការអនុវត្តគម្រោងរេដបូក និងមានសក្តានុពលអាចបង្កើតឥណទានកាបូនព្រៃឈើ ព្រមទាំងចូលរួមអភិរក្ស ដើម្បីកាត់បន្ថយការសាយភាយឧស្ម័ន។
ការឱ្យដឹងបែបនេះ របស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីអន្ទាក់សូន្យ នៅខេត្តរតនគិរី នានាល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ ដោយមានការចូលរួមពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងអង្គការដៃគូផងដែរ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ដែនជម្រកសត្វព្រៃលំផាត់ ដែលមានផ្ទៃដី២៥ម៉ឺនហិកតា ក្នុងនោះមាន២០ភាគរយ ស្មើនឹង៥ម៉ឺនហិកតា ក្នុងខេត្តមណ្ឌលគិរី និង២០ម៉ឺនហិកតា នៅក្នុងខេត្តរនតគិរី ហើយក្នុងនោះមាន១៥ម៉ឺនហិកតា ត្រូវបានក្រសួងបរិស្ថាន ផ្តល់សិទ្ធិឱ្យអង្គការជីវិតធម្មជាតិ ដើម្បីចូលរួមការពារ និងអភិរក្ស ហើយបច្ចុប្បន្ននេះ ដំណើរនីតិវិធីនៃការលក់ឥណទានកាបូន បាននឹងកំពុងដំណើរការ ដែលរហូតដល់ពេលនេះបានឆ្លងកាត់ការវាយតម្លៃហើយ នៅក្នុងនោះផ្ទៃដីទំហំ៩៨,៥១០ហិកតា នៃផ្ទៃដីសរុបនៃតំបន់ស្នូលនៃដែនជម្រកសត្វព្រៃលំផាត់ មានភាពសមស្រប នៃលក្ខខណ្ឌការអនុវត្តគម្រោងរេដបូក»។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា បើយោងតាមការសិក្សាផ្ទៃដីចំនួន ៩៨,៥១០ហិកតានេះ អាចកាត់បន្ថយការបំភាយឧស្ម័នជាមធ្យមប្រចាំឆ្នាំ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ មានចំនួន ១៦,១៩៨៨តោន ឧស្ម័នកាបូនិក ដែលបញ្ចេញមកវិញនូវឧស្ម័នអុកស៉ីហ្សែន។
ជាមួយគា្ននេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបន្តថា «បច្ចុប្បន្ននេះអង្គការជីវិតធម្មជាតិ បាននឹងកំពុងធ្វើកិច្ចការងារជាមួយក្រសួងបរិស្ថាន និងអ្នកសម្របសម្រួលដើម្បីរកដៃគូមកទិញឥណទានកាបូននៅកន្លែងនេះ ដែលនេះជាដំណឹងដ៏ល្អមួយទៀតនៃការការពារ អភិរក្ស របស់កម្ពុជាយើង ដែលក្នុងបរិបទថ្មីរបស់កម្ពុជាយើង អាចរកចំណូលនៃការអភិរក្សរបស់ខ្លួន តាមរយៈការលក់ឥណទានកាបូន»។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា រហូតមកបច្ចុប្បន្ននេះ កម្ពុជា មានគម្រោងលក់ឥណទានកាបូន ចំនួន៣រួចមកហើយ ដែលបានដំណើរការរួមមានទី១៖ នៅដែនជម្រកសត្វព្រៃកែវសីមា មានទំហំ២៩ម៉ឺនហិកតា, ទី២៖ ឧទ្យាជាតិជួរភ្នំក្រវាញខាងត្បូង និងទី៣៖ នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ដែលផ្ទៃដីនេះមានទំហំជាង ១.១សែនហិកតា ខណៈបច្ចុប្បន្នកម្ពុជា កំពុងសិក្សាបន្ថែមទៀតលើផ្ទៃដី ១.៣សែនហិកតាទៀត ដែលនឹងធ្វើឱ្យផ្ទៃដីដែលអាចលក់ឥណទានកាបូនបានជាង២លានហិកតា ចំណុចនេះជាជំហ៊ានថ្មីបន្ថែមទៀត នៃការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្ត។
ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ចំណូលនៃការលក់ឥណទានកាបូន នឹងត្រូវបានចាក់ចូលទៅសហគមន៍មូលដ្ឋាននានា នៅជុំវិញដែលជម្រកសត្វព្រៃទូទាំងប្រទេស ដើម្បីចូលរួមការពារ និងអភិរក្សធនធានជាតិ និងសត្វព្រៃ ជាពិសេសបានចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់របរចាស់ចូលព្រៃកាប់ឈើ បរបាញ់សត្វជាដើម។
ឯកឧត្តមបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦កន្លងមក ក្រសួងបរិស្ថាន បានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន៣ រួមមាន៖ គម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។ គម្រោងរេដបូកទាំង៣ ខាងលើនេះ កន្លងមកបានទទួលថវិកាពីការលក់ឥណទានកាបូន ចំនួនប្រមាណ ១១,៦លានដុល្លារអាមេរិក ដែលថវិកាទាំងនេះត្រូវបានបែងចែក ដល់សហគមន៍មូលដ្ឋាន។
«នេះគឺជារបត់ថ្មីដ៏សំខាន់មួយ ដែលកម្ពុជាយើងពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលចំណូលពីការអភិរក្សរបស់ខ្លួន និងបាននិងកំពុងលុបបំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូលមកជាប្រទេស ដែលទទួលបានប្រាក់ចំណូលពីការពារនិងអភិរក្សព្រៃឈើរបស់ខ្លួន ក្រោម ទិសស្លោក «រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម នេត្រ ភក្ត្រា៕