លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានលើកឡើងថា ទឹកជាធាតុផ្សំដ៏សំខាន់បំផុតសម្រាប់គ្រប់ផលិតកម្ម ប្រកបដោយចីរភាព ដែលជាមូលដ្ឋានគ្រឹះ នៃសន្តិសុខស្បៀង និងជាប្រភពចម្បងនៃជីវភាពរបស់ប្រជាជនទូទាំងសកលលោក។
ការលើកឡើងរបស់ លោកជំទាវអនុប្រធានទី២ នៃរដ្ឋសភា បានធ្វើឡើងក្នុងឱកាស ទទួលជួប ប្រតិភូក្រុមប្រឹក្សាទឹកនៃសភាអាស៊ី ដឹកនាំដោយ លោក Yongdeok Cho អគ្គលេខាធិការក្រុមប្រឹក្សា ទឹកអាស៊ី (Asian Water Council-AWC) នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា។
ក្នុងឱកាសនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រុមប្រឹក្សាទឹកអាស៊ី ក្នុងដំណើរទស្សនកិច្ចការងារមកកាន់ ព្រះរាជាណាចក្រ កម្ពុជា ជាពិសេសរដ្ឋសភាជាតិនាពេលនេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានលើកឡើងអំពី សារៈសំខាន់នៃទឹកដែលជាងតម្រូវការបឋមយ៉ាងចាំបាច់បំផុតរបស់មនុស្ស។ ទឹកជាធាតុផ្សំដ៏សំខាន់បំផុតសម្រាប់គ្រប់ផលិតកម្ម ប្រកបដោយចីរភាព ដែលជាមូលដ្ឋានគ្រឹះ នៃសន្តិសុខស្បៀង និងជាប្រភពចម្បងនៃជីវភាពរបស់ប្រជាជនទូទាំងសកលលោក។ លោកស្រីបានគូសបញ្ជាក់ថា សន្តិសុខទឹកមានសារៈសំខាន់ ហើយមានភាពពាក់ព័ន្ធទៅនឹងវិស័យច្រើនរួមគ្នាក្នុងការគ្រប់គ្រងទឹក ដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា បរិស្ថាន សង្គម និងនយោបាយជាដើម។ ជាងនេះទៅទៀត ការគ្រប់គ្រង និងត្រួតពិនិត្យលើបរិមាណ និងគុណភាពទឹក មានកិច្ចការងារ និងអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធទឹក អន្តរាគមន៍ និងកិច្ចការពារផ្សេងៗ សំដៅរក្សាចីរភាពប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន ព្រមទាំងរក្សាសេវាសម្រាប់តម្រូវផ្គត់ផ្គង់ដល់មនុស្ស និងសេដ្ឋកិច្ច។
សូមជម្រាបជូនថា ក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (ASIA NATIONAL ASSEMBLY WATER CONSULTATIVE BOARD) ដែលហៅកាត់ថា «AAWC» ត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសមាជិកសភា មកពីបណ្ដាប្រទេសអាស៊ី ក្នុងការដោះស្រាយបញ្ហាទឹក តាមរយៈការចែករំលែកច្បាប់ និងសកម្មភាពនីតិបញ្ញត្តិទាក់ទងនឹងទឹក។
ក្រុមប្រឹក្សានេះ បង្កើតឡើងស្របតាមគោលបំណងរបស់ក្រុមប្រឹក្សាទឹកអាស៊ី (Asia Water Council-AWC) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដើម្បីសម្រេចបាននូវកំណើនប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ីប្រកបទឹកស្អាតអនាម័យ ឆ្លាតវៃ ដោយការអនុវត្តបច្ចេកវិទ្យាឆ្លាតវៃចំពោះការប្រើប្រាស់ទឹក គ្រប់ប្រភេទ តាមរយៈផ្តល់ការគាំទ្រផ្នែកនីតិបញ្ញត្តិ និងស្ថាប័ន ដើម្បីអនុវត្តដំណោះស្រាយបច្ចេកទេស នៅក្នុងតំបន់គោលដៅ។
បន្ថែមពីនេះ លោក Yongdeok Cho បានថ្លែងអំណរគុណជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានចំណាយពេលវេលាដ៏មាមាញឹកជួបប្រតិភូក្រុមប្រឹក្សាទឺកអាស៊ីនាពេលនេះ។
លោកបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ សម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទៅសាធារណរដ្ឋកូរ៉េ កាលពីខែមេសា ឆ្នាំ២០២២នេះ ដោយទទួលបានលទ្ធផលដ៏ត្រចះត្រចង់។ នាដំណើរទស្សនកិច្ចនាពេលនោះ លោក Byun Jaeill ប្រធានក្រុមមិត្តភាពកូរ៉េ-កម្ពុជា និងជាប្រធានក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC) បានថ្លែងអំណរគុណ ចំពោះសភាកម្ពុជា ដែលបានចាត់តាំង លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទឹកនៃសភាអាស៊ី លើកទី៤ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៥-១៦ ខែមីនា ឆ្នាំ២០២២ និងបានសម្តែងនូវការរីករាយដែលកម្ពុជាបានឯកភាពរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាទឹកនៃសភាអាស៊ីលើកទី៥ នាឆ្នាំ២០២៣ ខាងមុខ។
គូសបញ្ជាក់ដែរថា កិច្ចប្រជុំលើកទី៤ របស់ AAWC ក៏បានអនុម័តលើគម្រោងមួយ ក្រោមកម្មវិធីសុខុមាលភាពទឹកស្អាត AAWC នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ គម្រោងនេះមានថវិកាចំនួន៩៩៨ លានវ៉ុនកូរ៉េ (ប្រហែល៧៤៨,៩៤៥ ដុល្លារអាមេរិក) ក្នុងគោលបំណងបង្កើតផែនការមេសម្រាប់សន្តិសុខទឹកក្នុងស្រុកគងពិសី ដោយមានក្រសួងឧតុនិយម និងធនធានទឹក ជាភ្នាក់ងារអនុវត្តគម្រោង៕