ភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ើងដំបូលសាលាបឋមសិក្សាក្បាលបឹងសេះ៥ខ្នង, ភ្លាមៗអភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យ និងចាត់ឲ្យជួសជុលជាបន្ទាន់ សម្រាប់ក្មួយៗបានចូលរៀនឡើងវិញ


នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់ និងចាត់ឲ្យជួសជុលឡើងវិញភ្លាមៗ នូវអគារសាលាបឋមសិក្សាក្បាលបឹងសេះ ដែលត្រូវបានខ្យល់កន្រ្តាក់ប៉ើងដំបូល ស្ថិតក្នុងភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្ដែងនូវការសោកស្ដាយជាខ្លាំង និងបានអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ចំពោះហេតុការណ៍ ដែលបានបង្កឡើងដោយសាគ្រោះធម្មជាតិនេះ ហើយវាបណ្ដាលឲ្យប៉ើងរដំបូងសាលាជាហេតុធ្វើឱ្យរំខានដល់ការសិក្សារបស់ក្មួយៗ។ ប៉ុន្តែជាសំណាងល្អដែលមិនមានបងប្អូនប្រជាពលរដ្ឋ និងក្មួយៗ ណាម្នាក់មានអ្នករងបួសស្នាម។

សូមបញ្ជាក់ថា កាលពីល្ងាច ទី០៤ ខែកញ្ញា ឆ្នាំ២០២២ មានភ្លៀងមួយមេធំ លាយលំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ បានធ្វើឲ្យដំបូលសាលាបឋមសិក្សាក្បាលបឹងសេះ រងការខូចខាតយ៉ាងដំណំ អស់ដំបូលសាលា៥ខ្នង គិតជាប្រាក់អស់ប្រមាណជាង១០០០០ដុល្លារ។

ភ្លាមៗលោកបណ្ឌិតអភិបាលខេត្ត បានចាត់ឲ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្វែងរកក្រុមជាង ជួសជុលសាលារៀននេះជាបន្ទាន់ ខណៈថវិកាចំណាយទាំងលោកបណ្ឌិត ជាអ្នករ៉ាប់រង ដើម្បីឱ្យក្មួយៗ បានចូលសិក្សាឡើងវិញ៕