ជនចាស់ជរាគ្មានទីពឹង៦៦នាក់ ក្នុងខេត្តប៉ៃលិន ទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត


ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងលោកជំទាវ ពៅ សុខ ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខលោកតា លោកយាយ ជនចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាត ៦៦នាក់ ដែលបាន ទទួលអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រាក់ឧបត្ថម្ភប្រចាំខែកញ្ញា ឆ្នាំ២០២២ ពីក្រុមការងារមូលនិធិចាស់ជរាខេត្តប៉ៃលិន។

លើកឡើងនាឱកាសនោះឯកឧត្តម សៅ សារ៉ាត់ ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលលោក តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន ពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានគិតគូរសុខទុក្ខជាប់ជានិច្ចរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ ដោយមិនបានដោះស្រាយឡើយ។

ឯកឧត្តម សៅ សារ៉ាត់ បានបន្ថែមថា មូលនិធិនេះបានបង្កើតឡើងក្នុងគោលបំណងជួយដល់លោកយាយ លោកតា ចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមាន អាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកម្ពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាព លោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឱ្យប្រព្រឹត្តតែអំពើល្អ។

ឯកឧត្តម សៅ សារ៉ាត់ ក៏បានអំពាវនាវដល់លោកយាយ លោកតាទាំងអស់សូមចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ការពារការឆ្លងរីក រាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍វិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ។

លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះសម្តេចទាំងទ្វេរ ព្រមទាំងលោក និងលោកស្រី ប្រធានមូលនិធិចាស់ជរា ដែលតែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជីវភាព ប្រចាំថ្ងៃ បានធូរស្រាលមួយកម្រិតធំផងដែរ។

ម្យ៉ាងវិញទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតានៅតាមភូមិដាច់ស្រយាល ក្រុមការងារមូលនិធិ ត្រូវបានបែងចែកជា ២ក្រុម គឺក្រុមទី១ នៅសាលាឃុំអូរអណ្តូង និងក្រុមទី២ ចុះចែកជូនតាមខ្នងផ្ទះចាស់ជរា ដែលមានជំងឺមកមិនបាន ដោយមូលនិធិបានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន៦៦នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន១០ម៉ឺនរៀល មី ត្រីខ ទឹកសណ្តែក ឃីត(មុង ភួយ ក្រមា សារ៉ុង) និងជែលលាងដៃផងដែរ៕