អភិបាលរាជធានីភ្នំពេញ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ


គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំ ដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានជួបសម្ដែងការគួរសមជាមួយលោក ជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់លោក ឃួង ស្រេង និងប្រតិភូរាជធានីភ្នំពេញ នៅរដ្ឋធានីហាណូយ។

លោក ជិន ស៊ីថាញ់ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនៈកិច្ចរបស់ប្រតិភូទីក្រុងភ្នំពេញ ដែលដំណើរទស្សនៈកិច្ចនេះ ចំពេលខួបគម្រប់៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា។ លោកអភិបាលទីក្រុងហាណូយ ក៏បានជំរាប់ជូនលោក ឃួង ស្រេង និងប្រតិភូ ពីការបើកដំណើរការទីក្រុងហាណូយ ឡើងវិញ នៅដំណាក់កាល៩ខែចុងក្រោយ ក្រោយពីបិទខ្ទប់ទាំងស្រុង នាពេលការរីករាលដាលជំងឺកូវីដ១៩ នាពេលកន្លងទៅ ដែលបានធ្វើឲ្យទីក្រុងមានសកម្មភាពជាប្រក្រតីឡើងវិញ និងរីកចម្រើនលើផ្នែកសេដ្ឋកិច្ចសង្គម។

លោក ជិន ស៊ី ថាញ់ បានលើកឡើងពីការដាក់ចេញនូវផែនការអភិវឌ្ឍទីក្រុងហាណូយពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៤៥ ឲ្យក្លាយជាទីក្រុងវៃឆ្លាត (Smart city) ដោយផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមដូចនៅរាជធានីភ្នំពេញដែរ នៅពេលទីក្រុងរីកចម្រើនតែងជួបបញ្ហាប្រឈម មានដូចជា៖ កកស្ទះចរាចរណ៍, បញ្ហាកាកសំណល់, ទឹកកខ្វក់ និងទឹកលិច ដោយសារជំនន់ទឹកភ្លៀងផងដែរ។ ជាមួយគ្នានេះ រដ្ឋធានីហាណូយ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋ និងរដ្ឋ, ប្រជាជន និងប្រជាជន នៃទីក្រុងទាំង២ ហាណូយ-ភ្នំពេញ ឲ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តម ឃួង ស្រេង បានសម្ដែងក្តីរីករាយដែលថ្នាក់ដឹកនាំទីក្រុងហាណូយ បានទទួលស្វាគមន៏យ៉ាងកក់ក្តៅរាក់ទាក់ចំពោះប្រតិភូរាជធានីភ្នំពេញនាពេលនេះ។ លោកអភិបាលរាជធានីភ្នំពេញ និងអភិបាលទីក្រុងហាណូយ បានឯកភាពគ្នា ទៅលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជាវិស័យ៖ អប់រំ, ទេសចរណ៍, វប្បធម៌, សុខាភិបាល, សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម និងឯកភាពលើការបន្តផ្លាស់ប្តូរគណៈប្រតិភូរវាងទីក្រុងទាំង២ ឲ្យបានញឹកញ៉ាប់តាមដែលអាចធ្វើបាន។

ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណដល់ប្រជាជន និងថ្នាក់ដឹកនាំទីក្រុងហាណូយ ដែលបានជួយដល់រាជធានីភ្នំពេញ ទាំងទឹកចិត្ត, ថវិកា និងសម្ភារៈ ជាបន្តបន្ទាប់ ក្នុងបុព្វហេតុអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្នុងនាមទីក្រុងសម្ពន្ធ័ភាព ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ លោកបានជំរុញឲ្យមានការផ្សព្វផ្សាយពីច្បាប់វិនិយោគ នៃប្រទេសទាំង២ ទៅដល់អ្នកវិនិយោគនៃទីក្រុងទាំង២ ឲ្យបានយល់កាន់តែច្បាស់ងាយស្រួលក្នុងការដាក់ទុនវិនិយោគ និងពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានាសម្រាប់ទីក្រុងទាំង២ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញប្រតិភូទីក្រុងហាណូយ មកបំពេញទស្សនៈកិច្ច នៅរាជធានីភ្នំពេញ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក្នុងការអភិវឌ្ឍទីក្រុង និងស្របពេល នៃខួបលើកទី១៨ឆ្នាំ នៃការចងសម្ពន្ធ័មេត្រីភាព រវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយផងដែរ។

គួរបញ្ជាក់ដែរថា ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូរាជធានីភ្នំពេញ បានទទួល និងអមដំណើរ ដោយឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅវៀតណាមផងដែរ៕